ភ្នំពេញ៖នៅ សុនិតា ត្រូវបានមិត្តភក្ដិ នាងធ្វើខួបកំណើតឲ្យតាំងពីថ្ងៃទី៣០ ខែមិថុនា ហើយរហូតមកដល់ពេលនេះក៍នៅតែមានគេលើកនំខេក ទៅSurprise នាងដដែល ដែលមើលទៅនាងពិតជារីករាយខ្លាងណាស់ ព្រោះតារាជិតដិតនាងទាំងនោះសុទ្ធតែហៅនាងថាជា”ជំទាវ “ ហើយថែមទាំងបង្ហាញកាយវិការគោរពនាងក្នុងឋានៈជាប្រពន្ធអ្នកធំទៀតផង។យ៉ាងណាខួបគម្រប់៣៤ឆ្នាំ នេះសូនិតា នៅតែមិនទាន់បានកាដូធំដែលតារារួមអាជីពបានជូនពរនាងច្រើនជាងគេតាំងពីខួប៣៣ឆ្នាំ មុននោះគឺការយកកូនភ្លោះ បើទោះជាចំណងស្នេហានាងជាមួយលោកទិត ថាវរិទ្ធ បានវិលមកត្រូវរ៉ូវគ្នាជាថ្មីហើយស្អិតល្មូតលើសដើមជាង១ឆ្នាំក្ដី តែការពពោះកូនទី២ នៅមិនទាន់បានសម្រេចនៅឡើយ ។អ្វីដែលគួរឲ្យកត់សម្គាល់ពេលនេះសូនិតា ចាប់ផ្ដើមស្លៀកពាក់ដូចជំទាវផ្សេងៗទៀតដែរពោលគឺច្រើនតែគ្រងឈុតប្រពៃណីទៅតាមប្រភេទនៃកម្មវិធី មិនហ៊ានស៊ិចស៊ីឡើយ ។ប្រភពបានឲ្យដឹងថាសូនិតា ពេលនេះនាងមានតួនាទីជាប្រធានពិធីការរបស់សមាគមសិល្បករខ្មែរអាណត្តិទី៦ផងដែរ ហេតុនេះហើយធ្វើឲ្យក្រេឌីតនាងឡើងមួយក្រឺតទៀត ទើបនាំឲ្យតារាជើងថ្មីៗគោរពនាង។
គួរបញ្ជាក់ថាមិនមែនមានតែនៅ សុនិតា ទេដែលចង់បង្កើតកូនម្ដងពីរនោះ តែនៅឆ្នាំ២០២៤ នេះតារាចង់បានកូនភ្លោះដែរមានដូចជាអ្នកនាងលី ម៉ារីណា ,ហ៊ិន ច័ន្ទនីរ័ត្ន និងគង់ សុជាតិ ជាដើម ខណៈដែលសារ៉ាយ សក្ខណា ចង់សម្រាលកូនម្ដងពីរ តែឥឡូវលទ្ធផលពោះធំ៤ខែមានកូនតែ១ ទេ ។សម្រាប់សូនិតា វិញការយកកូនថែមជារឿងចាំបាច់បំផុតសម្រាប់នាងព្រោះអាចធ្វើឲ្យស្នេហានាងរក្សារបានសុវត្ថិភាពជាងពេលនេះ ដោយសារតែនាងមិនទាន់រៀបការជាមួយលោកទឹត ថាវរិទ្ធ បានជាធ្វើឲ្យតារាស្រីក្មេងស្អាតមិនតិចនាក់ទេ ដែលឲ្យដៃលោកថាវរិទ្ធ ហេតុនេះហើយនាំឲ្យនិតា ពេលខ្លះប្រចណ្ឌប្ដីជាមួយស្រីក្មេងៗទាំងនោះផង ទើបធ្វើឲ្យចំណងស្នេហាប្រែជាល្អកកក អស់រយៈពេលខ្លី មុនវិញមករកភាពស្អិតល្មូតជាលើកទី២នេះ ។
សូមរំលឹកថាតាមព័តមាននៅ សុនិតា បានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នាងសម្រាលបានកូនប្រុសមួយ និងគ្មានដំណឹងនាងនិងម្ចាស់ស្នេហ៍គ្រោងដឹកដៃគ្នាចូលរោងការឲ្យប្រាកដនៅពេលណាឡើយ ។ប្រភពបានឲ្យដឹងថាសូនិតា អាចនឹងសោយសុខលើគំនរទ្រព្យដោយមិនចាំបាច់ថតសិល្បៈប្រមូលប្រាក់ល្អិតទៀតទេ នៅពេលដែលនាងក្លាយទៅជាភរិយាស្របច្បាប់របស់លោកថាវរិទ្ធ នោះព្រោះអតីតប្ដីអ្នកនាងលី ម៉ារីណា និងស៊ឹម សូលិកា រូបនេះមានដីធ្លីនៅខេត្តព្រះសីហនុ ដែលមានតម្លៃដល់ទៅរាប់សិបលានដុល្លារឯណ្ណោះ ។ប៉ុន្ដែតាមប្រភពថាមង្គលការរបស់នៅ សុនិតា និងលោកថាវរិទ្ធ ហាក់នៅសែនឆ្ងាយដូចជើងមេឃ ព្រោះថាក្រុមគ្រួសារខាងប្រុសនៅតែគ្មានសញ្ញាចង់ឲ្យពួកគេរៀបការជាមួយគ្នានៅឡើយ ។
ក្រៅពីនៅ សុនិតា តារាដែលមានកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា ,ខាត់ សុឃីម ,សុន ស្រីពេជ្រ ,ឡោម លក្ខិណា ,ពេជ្រ សូលីកា ,ផាត់ ផាន់ណា ,ឌុច លីដា,ទេព បូព្រឹក្ស និងកែវ ពេជ្រពិសី ជាដើម ។ចំពោះសូនិតា វិញអ្នកស្និតនិងនាងមិនដែលឃើញជម្រុញឲ្យនាងរៀបការនោះទេ ប៉ុន្ដែពួកគេបែជាជូនពរនាងនៅថ្ងៃខួបកំណើតឲ្យបានកូនភ្លោះទៅវិញ ។ការជម្រុញឲ្យសូនិតា ពពោះកូនភ្លោះនេះដោយសារតែពួកគេដឹងច្បាស់ថានៅពេលដែលមានកូនថែមលោកថាវរិទ្ធ រឹតតែស្រលាញ់ប្រពន្ធកូនលើសនេះជាមិនខាន ហើយពេលនេះស្រីក្មេងៗដែលចង់ប្រជែងតំណែងជំទាវជាមួយនិតា អាចនឹងដកខ្លួនទៅវិញ ។ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមលើកឡើងថាសូនិតា គួរតែគិតគួររឿងរៀបការ ទើបយកកូនតាមក្រោយទើបជាគំរូរល្អជាងការលេងស្ទីលអ៊ឺរ៉ុប ៕