Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៃ-ឡាវ៣នាក់ ជួញគ្រឿងញៀន១០០គីឡូ ជាប់គុក១ជីវិត

ថៃ-ឡាវ៣នាក់ ជួញគ្រឿងញៀន១០០គីឡូ ជាប់គុក១ជីវិត

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកតុប ឈុនសុង ជាប្រធានក្រុមប្រឹក្សា លោកហុក ពី ជាចៅក្រមប្រឹក្សា លោកអ៊ួង វុទ្ធា ជាចៅក្រមប្រឹ ក្សា និងលោក សេង ម៉េងស៊្រុន ជាតំណាង អយ្យការ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំ រឿងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ជាង១០០គីឡូក្រាម ចំនួន៣នាក់ ដោយសម្រេចផ្តន្ទាទោស ម្នាក់ៗ ដាក់ពន្ធនាគារអស់មួយជីវិត។

ឧក្រិដ្ឋជនទាំង៣នាក់ ដែលត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត រួមមាន ទី១-ឈ្មោះ Cheng veut ជនជាតិឡាវ កើតឆ្នាំ១៩៨៨។ ទី២-ឈ្មោះ Wasin Saekue ជនជាតិថៃ កើតឆ្នាំ១៩៩៩ និងទី៣-ឈ្មោះ Saeli Chinnawat ជនជាតិថៃ កើតឆ្នាំ២០០៥។ ក្នុងសាលក្រមដដែលនោះ ចៅក្រមបានប្រកាសចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួនឧក្រិដ្ឋជន ២នាក់ទៀត យកមកអនុវត្តទោសតាមច្បាប់ និងពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន៨០លានរៀល។

សូមរំលឹកថា កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរ គ្រឿងញៀន ជនជាតិថៃ-ឡាវ សរុបចំនួន៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀនប្រមាណជាង១០០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការសម្រប សម្រួលពីលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) (ក៤) និង(ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ Cheng Veut ភេទប្រុស ជនជាតិឡាវ អាយុ៣៥ឆ្នាំ (កើតឆ្នាំ១៩៨៨)។ ទី២-ឈ្មោះ Wasin Saekue ភេទប្រុស ជនជាតិថៃ អាយុ២៤ឆ្នាំ (កើតឆ្នាំ១៩៩៩) និងទី៣-ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ អាយុ១៨ឆ្នាំ (កើតឆ្នាំ២០០៥)។

ចំណែកវត្ថុតាងចាប់បាន រួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ១០១កញ្ចប់ ស្មើនឹងទម្ងន់១០១គីឡូ ក្រាម និង ៤៤៩,២០ក្រាម៕

RELATED ARTICLES