ភ្នំពេញ ៖ អង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅកម្ពុជា បានដាក់លិខិតទៅស្ថាប័នព្រះមហា ក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីស្នើឱ្យជួយលើកយកបញ្ហារបស់ខ្មែរក្រោម ទៅជជែកជាមួយប្រធានរដ្ឋវៀតណាម លោកតូ ឡឹម (To Lam) ដែលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ស្នើសុំរដ្ឋាភិបាលវៀតណាម និងជនជាតិវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរក្រោម។
លោកសឺន យឿន ប្រធានប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ បានធ្វើលិខិត ចំនួន ៥ច្បាប់ដោយឡែកពីគ្នា ទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា និងគោរពជូនសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងស្នើសុំយកនូវរបាយការណ៍របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ដូចបានភ្ជាប់មកជាមួយ ជូនលោក តូ ឡឹម ប្រមុខរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាស ដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីស្នើឲ្យរដ្ឋាភិបាលវៀតណាម និងប្រជាជនវៀត ណាម គោរពសិទ្ធិខ្មែរក្រោម ។
ក្នុងលិខិតរបស់លោកសឺន យឿន ប្រធានប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមា តាជាតិ មានខ្លឹមសារទាំស្រុងថា «សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល!
បពិត្រសម្តេចព្រះវររាជមាតា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!តាងនាមអង្គការសមាគមខ្មែរកម្ពុជាក្រោម ព្រះសង្ឃនិងប្រជានុរាស្ត្រខ្មែរក្រោម ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត ទូលថ្វាយសម្តេចព្រះវររាជមាតា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបថា បន្ទាប់ពីបារាំង បានកាត់ទឹកដីកម្ពុជា ក្រោមឱ្យវៀតណាម មក ខ្មែរក្រោម ត្រូវរស់នៅក្រោមការត្រួតត្រាដោយរដ្ឋាភិបាលវៀតណាម ក្នុងស្ថានភាពកំព្រាឪពុកម្តាយ និងអាណាព្យាល ពោលគឺព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលខ្មែរ។ ការរស់នៅក្នុងស្ថានភាពដ៏អយុ ត្តិធម៌ ការរើសអើងពូជសាសន៍ ការធ្វើទុកបុកម្នេញ និងការរំលោភសិទ្ធិមនុស្ស និងការប្រមាថ មើលងាយ បន្ទាបបន្ថោកគ្រប់រូបភាពមកលើខ្មែរក្រោម បង្កឱ្យមានការឈឺចាប់ឥតស្រាកស្រាន្ត។ បច្ចុប្បន្ននេះ អាជ្ញាធរវៀតណាម បានចាប់ព្រះសង្ឃខ្មែរក្រោម ផ្សឹកនិងដាក់ពន្ធនាគារ រួមទាំងប្រជារាស្ត្រខ្មែរក្រោម ដទៃទៀត សរុបចំនួន ១៣អង្គ/រូប ហើយថ្មីៗនេះ ព្រះសង្ឃវៀតណាម មួយអង្គ បានប្រមាថមើលងាយជាសាធារណៈ មកលើអត្តសញ្ញាណ ពូជសាសន៍ខ្មែរ ដែលជាការប្រព្រឹត្តផ្ទុយនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
អាស្រ័យហេតុនេះ ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមអង្គការសមាគមខ្មែរកម្ពុជាក្រោម ព្រះសង្ឃ និងប្រជានុរាស្ត្រខ្មែរក្រោម សូមព្រះបរមរាជានុញ្ញាតពីសម្តេចព្រះវររាជមាតា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ប្រោសព្រះរាជទានទទួលយកនូវរបាយការណ៍របស់អង្គការសមាគមខ្មែរកម្ពុជាក្រោមដូចបានភ្ជាប់មកជាមួយនេះ ទ្រង់ទត និងជូនឯកឧត្តម តូ ឡឹម ប្រមុខរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមប្រមុខរដ្ឋ អញ្ជើ ញមកក្រាបបង្គំគាល់សម្តេចព្រះវររាជមាតា ជាអម្ចាស់ជីវិតលើត្បូង នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ខាង មុខនេះ ក្នុងគោលបំណងស្នើរដ្ឋាភិបាលវៀតណាម និងប្រជាជនវៀតណាម គោរពសិទ្ធិខ្មែរក្រោម ដោយព្រះ រាជហឫទ័យអនុគ្រោះបំផុត»។
ដោយឡែក ចំពោះលិខិតរបស់លោក សឺន យឿន ប្រធានប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជ ជាណាចក្រកម្ពុជា និងគោរពជូនសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃដដែល ក៏មានខ្លឹមសារដូចគ្នានឹងលិខិតទូលថ្វាយសម្តេចម៉ែ ខាងលើនេះដែរ គឺស្នើសុំសម្តេចម៉ែ ព្រះមហាក្សត្រ សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រ ធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី ទទួលនូវរបាយការណ៍របស់អង្គការសមាគមខ្មែរកម្ពុជាក្រោម ជូនលោក តូ ឡឹម ប្រមុខរដ្ឋមវៀតណាម ក្នុងគោលបំណងស្នើសុំរដ្ឋាភិបាលវៀតណាម និងប្រជាជនវៀតណាម គោរពសិទ្ធិខ្មែរក្រោម…៕ ដារិទ្ធ