ខេត្តកណ្ដាល ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាលខេត្ដកណ្ដាល ដែលទើបផ្លាស់មកពីខេត្តព្រះសីហនុ បានដឹកនាំអភិបាលរង, ប្រធានមន្ទីរកសិកម្មខេត្ដ រួមទាំងអាជ្ញាធរមូលដ្ឋានស្រុក ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែង ស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកលើកដែក ខេត្ដកណ្ដាល ដែលបំផ្លាញដោយរុយស ក្នុងនោះមានភូមិចំនួន៤ បានទទួលរងផលប៉ះពាល់។

ក្នុងឱកាសចុះពិនិត្យនេះលោក គួច ចំរើន បានប្រាប់ប្រធានមន្ទីរកសិកម្មខេត្ដ ត្រូវចុះពិនិត្យ និងជួយអន្ដរាគមន៍ដល់ប្រជាកសិករដែលរងផលប៉ះពាល់ស្រូវ ដែលបំផ្លាញដោយរុយស តាមរយៈការបាញ់ថ្នាំធម្មជាតិ ដើម្បីកម្ចាត់។
លោក គួច ចំរើន ក៏បានណែនាំឲ្យមន្ត្រីជំនាញ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហារុយពណ៌ស ដែលបំផ្លាញស្រូវប្រជាពលរដ្ឋនេះ។

តាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុយសនេះ មានដងខ្លួនស្រទន់ ដែលគ្របដណ្តប់ដោយស្លាបពណ៌ស ដែលបំផ្លាញដំណាំស្រូវ មានឈ្មោះវិទ្យាសាស្ត្រ Aleurocybotus indicus David & Subramaniam ហើយវដ្តជីវិតរបស់រុយស មានរយៈពេល១៧ ទៅ២៤ថ្ងៃ ដែលរុយស ១ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។
រុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ (សកម្មខ្លាំងនៅពេលព្រឹក) ធ្វើឲ្យស្លឹក ប្រែពណ៌លឿងនិងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ (ពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព)។ ប្រសិនបើរុយស បំផ្លាញស្រូវ ស្ថិតក្នុងវគ្គបង្កើតផល (ពិសេសដំណាក់កាលចេញកូរ ចេញផ្កា) នោះនឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន។

វិធានការគ្រប់គ្រងនិងកម្ចាត់រុយស ៖
– ចុះពិនិត្យវត្តមានរុយស ក្នុងស្រែ យ៉ាងតិច ២-៣ដង ក្នុងមួយសប្តាហ៍
– នៅពេលមានវត្តមានរុយស ចន្លោះ ១០-៤០ ក្បាល ក្នុង ១គុម្ព ប្រើប្រាស់វិធានការគីមី ដោយប្រើថ្នាំកសិកម្ម បាញ់ថ្នាំនៅពេលព្រឹក ចន្លោះម៉ោង ៦:០០-៩:០០
– សម្អាតស្មៅដែលជាជម្រករុយស ទាំងក្នុងនិងបរិវេណស្រែ
– ប្រើអន្ទាក់ស្អិតពណ៌លឿង ឬពណ៌បៃតង ដោតក្នុងស្រែ

– ក្នុងករណីមានរុយសតិច ប្រើល្បាយទឹកសាប៊ូ ដែលមានសាប៊ូម្សៅ ចំនួន ៤ស្លាបព្រា លាយប្រេងឆា ចំនួន ៨ស្លាបព្រា និងទឹកចំនួន ១០លីត្រ បាញ់នៅពេលព្រឹក ឬល្ងាច
– បាញ់ថ្នាំផ្សំពីរុក្ខជាតិ (ផ្សំស្លឹកទៀប ២គក្រ ស្លឹកប្រេងខ្យល់ ២គក្រ បុកឱ្យម៉ដ្ឋ ច្របល់ជាមួយទឹក ១០លីត្រ រួចច្រោះឱ្យស្អាត ហើយបាញ់កន្លែងដែលកើតរុយស)

– ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានបញ្ជិកាត្រឹមត្រូវដែលមានសារធាតុសកម្ម ដូចជា Imidacloprid, Acetamiprid, Pymetrozine (+ Nitenpyram), Dinotefuran (+ Imidaclorpid), និង Chlorpyrifos methyl ៕
