ភ្នំពេញ៖តារាកូន១ទេព បូព្រឹក្ស បានវិលមកអុកឡុកទីផ្សារចម្រៀងសារជាថ្មី តាមរយៈការចំណាយលុយច្រើនបំផុតផលិតបទ”ទេវរាជ “ តែជិត១ឆ្នាំកន្លះ នៃការវិលមកកាន់ក្បាលមីក្រូនាងស្រីនិច្ច មិនទាន់មានសន្ទុះខ្លាំងដូចកាលនៅក្រមុំឡើយ បើទោះជានាងលេចមុខតាមស្ពត និងមានឱកាសទៅបង្ហាញម៉ូដជាមួយក្រុមហ៊ុនបរទេសល្បីៗជាបន្ដបន្ទាប់ក្ដី ។ប៉ុន្ដែមិនមែនតែបូព្រឹក្ស ម្នាក់ទេ ពោលគឺតារាដែលមានកូនសឹងតែទាំងអស់មានដូចជាឱក សុគន្ធកញ្ញា ,សួស វីសា ,ពេជ្រ សូលីកា ជាដើមសុទ្ធតែប្រឈមពិបាកធ្វើឲ្យទីផ្សារចម្រៀងរបស់ខ្លួនទៅមុខដូចគ្នា ។សម្រាប់បូព្រឹក្ស វិញនាងមានប្រៀបជាងតារាខាងលើព្រោះមានគូស្នេហ៍លោកងួន ចាន់ដេវីត ធ្វើបទឲ្យច្រៀង ហេតុនេះ ការល្បីថែមទៀត ឬមិនអាចទៅរួច នៅលើកណ្ដាប់ដៃលោកដេវីត ដែលជាអ្នកជ្រោមជ្រែងនៅក្រោយខ្នងនាងទាំងការធ្វើភ្លេង និពន្ធទំនុកច្រៀង និងMV ជាដើម ។
ស្របពេលដែលទេព បូព្រឹក្ស នៅមិនទាន់ចេញបទសម័យម្រុកដូចមុននេះដែរ ដំណឹងនាងដឹកដៃកំពូលស្នេហាងួន ដេវីត ចូលរោងការក៍នៅស្ងាត់ដូចចោរលួចសេះដែរ បើទោះជាពួកគេស្វែងយល់ចិត្តគ្នាដល់ទៅជាង៧ឆ្នាំ ហើយសម្រេចចិត្តយកកូនមុនរៀបការក្ដី ប៉ុន្ដែពេលនេះកូនប្រុសមានអាយុជិត១ឆ្នាំកន្លះទៅហើយ តែឪពុកម្ដាយរបស់ពួកគេអត់ទាន់ចែកសំបុត្រការ ខណៈដែលតាមព័តមានថាអ្នកទាំងពីរបានចុះអេតាស៊ីវិលជាមួយគ្នា តាំងពីមុនយកកូនម្លេះ ព្រោះក្រុមគ្រួសារទាំងសងខាងបានគាំទ្រគូស្នេហ៍នេះពេញទំហ៊ឹងតែម្ដង។
អ្នកជំនាញសិល្បៈបានលើកឡើងថាទេព បូព្រឹក្ស នៅតែមានគេគាំទ្រពេលច្រៀងបទញាក់ និងលេងក្បាច់រាំ ព្រោះរូបសម្រស់នាងមិនធ្លាក់ចុះ និងមានការតុបតែងខ្លួនប្លែកៗឲ្យគេទាក់ទាញ ប៉ុន្ដែរឿងដែលនាងចាំបាច់បំផុតត្រូវធ្វើនោះគឺដូចគ្នាទៅឱក សុគន្ធកញ្ញា ដែរនោះគឺការសម្រកទម្ងន់ ឲ្យវិលមករកភាពដើម ដោយសារតែទាំងតារាចម្រៀង តារាបង្ហាញម៉ូដ និងផ្នែកផ្សេងៗទៀតនៃការងារសិល្បៈ តារាទម្ងន់គឺជាសត្រូវនៃអាជីពរបស់ពួកគេតែម្ដង ។
យ៉ាងណាទេព បូព្រឹក្ស នៅមានវិធីមួយទៀតដើម្បីឲ្យគេចាប់អារម្មណ៍លើទីផ្សារចម្រៀងរបស់នាងថែមទៀតនោះគឺការច្រៀងសម្ដែងត្រូវតែចាប់ដៃជាមួយលោកងួន ចាន់ដេវីត ឲ្យច្រើនជាងនេះ ព្រោះថាបច្ចុប្បន្នដេវីត នៅតែស្ថិតក្នុងលំដាប់ជូរមុខផ្នែកចម្រៀងរ៉េប នៅឡើយ ក្រោយចាកចេញពីហង្សមាសជាច្រើនឆ្នាំ ទើបនាំឲ្យលោកអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ រហូតមានលទ្ធភាពទិញផ្ទះវីឡារទ្រនុំស្នេហ៍ រថយន្ដLamborghini និងនាំគូស្នេហ៍ទៅដើរលេងនិងទិញអ៊ឺវ៉ាន់នៅក្រៅស្រុកជាញឹកញាប់ទៀតផង។ប្រភពបានឲ្យដឹងថាបូព្រឹក្ស -ដេវីត អាចនឹងជ្រើសផ្លូវយកកូនថែម ដើម្បីពង្រឹងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត ប៉ុន្ដែរឿងរៀបការអាចនឹងពន្យាពេលដោយគ្មានដែនកំណត់ ។
សូមបញ្ជាក់ថាទេព បូព្រឹក្ស ហៅស្រីនិច្ច ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗមួយចំនួន ប៉ុន្ដែតាំងពីនាងបើកស្នេហាជាចំហជាង៧ឆ្នាំមកនេះ ធ្វើឲ្យអ្នកចង់ធ្វើប្ដីនាងនាងតាមផ្លូវកាត់បានខ្ទាតទៅវិញអស់ ព្រោះតែទាំងរូបនាងនិងដេវីត បានបង្ហាញការស្រលាញ់គ្នាពេញបេះដូងទាំងសងខាង ហើយកាលពីចុងឆ្នាំ២០១៩ គូស្នេហ៍តារា១គូនេះថែមទាំងបានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវ ទៀតផង បើទោះជាបានរំសាយមង្គលការដែលលេចឭថាគ្រោងធ្វើនៅឆ្នាំ២០២០ នោះចោលរហូតមកដល់បច្ចុប្បន្នក៍ដោយ ។បូព្រឹក្ស ធ្លាប់និយាយថានាងនារីម្នាក់ដែលមានសំណាងណាស់ ព្រោះនៅពេលដែលមានផ្ទៃពោះកូនលើកដំបូងដេវីត បានថ្នាក់ថ្នមនាងលើសដើម ដែលនេះបញ្ជាក់ថានាងជ្រើសបានម្ចាស់ស្នេហាជាអ្នកយល់ចិត្ត ហើយទោះជាពេលនេះមិនទាន់បានរៀបការមែនប៉ុន្ដែភាពកក់ក្ដៅដែលដេវីត បានប្រល់ឲ្យនាងទាំងក្នុងតួនាទីជាប្ដី និងអ្នកនិពន្ធបទចម្រៀងឲ្យនាងច្រៀងគឺលើសពីអ្វីដែលនាងធ្លាប់រំពឹងទុកទៅទៀត។
ក្រៅពីទេព បូព្រឹក្ស តារាដែលបង្ហាញស្នេហ៍ជាចំហនៅឆ្នាំ២០២៤ តែពន្យាពេលរៀបការមានដូចជាប៉ាច គីមមួយ-សយ រតនៈ,យុគ ចិន្ដា និងមន្រ្ដីសុរិយោដី ,ពេជ្រ សោភា -ឆឹម សក្កដា,ម៉ានីកា-ចន និងនាងឈិន មុនីនាថ -នាយព្រែកជា ដើម ៕