កីឡាករបម្រុង Mikel Oyarzabal របស់អេស្ប៉ាញបានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២នៅចុងម៉ោង បានរុញឱ្យក្រុមអេស្ប៉ាញទទួលបាន ជ័យជម្នះ ២-១ ទៅលើអង់គ្លេស ក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2024 កាលពីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទទី១៥ កក្កដា ដែលនេះ គឺជាការឈ្នះ ពានរង្វាន់ទ្វីបអឺរ៉ុបលើកទី៤ក្នុងប្រវត្តិសាស្ត្រយូរ៉ូច្រើនជាងគេ ខណៈដែលក្រុមរបស់លោក Gareth Southgate បានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ ជាលើកទីពីរជាប់ៗគ្នា។

កីឡាករ Oyarzabal បានបញ្ចប់ទីយ៉ាងរហ័សសម្រាប់ការរកគ្រាប់បាល់ឈ្នះ ខណៈដែលអេស្ប៉ាញបានគ្រងតំណែងជើងឯក ដោយបាន ឈ្នះការប្រកួតទាំង៧ប្រកួតនៅយូរ៉ូឆ្នាំនេះ ពោលគឺក្រុមអេស្ប៉ាញ មិនមានចាញ់ និងស្មើទាល់តែសោះ។

បន្ទាប់ពីតង់ទី១ ដែលមិនមានការស៊ុតបាល់បញ្ចូលទីទាល់តែសោះ ការប្រកួតនៅក្នុងតង់ទី២ ក៏មានការប្រែប្រួល ដោយអេស្ប៉ាញបាន គ្រប់គ្រងបាល់រហូតដល់៦៥ភាគរយ ប៉ុន្តែខ្សែប្រយុទ្ធ Phil Foden របស់អង់គ្លេសមានឱកាសស៊ុតបញ្ចូលទីនៅដើមតង់ទី២ដែរ តែការស៊ុត នោះមិនអាចធ្លាយសំណាញ់ទីក្រុមអេស្ប៉ាញបានទេ។ សម្រាប់អេស្ប៉ាញវិញ បានវាយបកយ៉ាងល្អ រហូតដល់នាទី៤៧ ដោយកីឡាករវ័យជំទង់ Lamine Yamal បានបញ្ជូនបាល់ពីស្លាបខាងស្តាំ ឱ្យមិត្តរួមក្រុម Nico Williams ស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ នាំមុខក្រុមអង់គ្លេស។

បន្ទាប់មកក្រុមអេស្ប៉ាញនៅតែមានឱកាសបន្តបន្ទាប់ពីការវាយបកយ៉ាងមុតស្រួច ទៅលើអង់គ្លេស ដូចជាការស៊ុតរបស់ Dani Olmo, Morata និង Williams សុទ្ធតែមានឱកាសល្អ។
លោក Southgate បានប្តូរដាក់កីឡាករ Cole Palmer ហើយកីឡាកររូបនេះបានស៊ុតពីលើដំបូលទូកចូលទីគូប្រកួត បានសម្រេចជួយ ឱ្យអង់គ្លេសតាមស្មើនៅនាទី៧៣ ដែលជាកីឡាករដែលមានគំនិតច្នៃប្រឌិតបំផុតរបស់ប្រទេសអង់គ្លេស។

ក្រោយពីលទ្ធផលស្មើគ្នា ក្រុមអេស្ប៉ាញបានបន្តវាយសម្រុករហូតដល់ធ្លាយសំណាញ់ទី ខណៈដែលខ្សែការពារស្លាប Marc Cucurella បានបញ្ជូនបាល់កាត់ទៅមុខទី ហើយ Oyarzabal បានស៊ុតបាល់បញ្ចូលទីបានសម្រេចនៅចុងម៉ោង ដែលគ្រាប់បាល់ជ័យជម្នះ របស់អេស្ប៉ាញ នៅនាទី៨៦។
អេស្ប៉ាញ ទទួលបានជ័យជម្នះ និងបានបន្ថែមពានរង្វាន់ជាលើកទី៤ដែលក្រុមនេះធ្លាប់បានឈ្នះកាលពីឆ្នាំ១៩៦៤ ឆ្នាំ២០០៨ និង២០១២ ដែលបានបំបែកកំណត់ត្រានៅយូរ៉ូ មិនទាន់មានក្រុមណាឈ្នះច្រើនជាងអេស្ប៉ាញ នៅឡើយទេ។

សម្រាប់អង់គ្លេស នេះជាការឈឺចាប់ជាលើកទី២ជាប់ៗគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ និងជារយៈពេល៣០ឆ្នាំ បន្ទាប់ពីភាពជោគជ័យនៃការប្រកួត បាល់ទាត់ពិភពលោក កាលពីឆ្នាំ១៩៦៦ និងការឈ្នះ Euro 1996 ឥឡូវនេះនឹងកើន ឡើងដល់ចំនួនយ៉ាងហោចណាស់ពីរដង ខណៈដែលពួកគេ បានក្លាយជាក្រុមដំបូង ដែលចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ជាបន្តបន្ទាប់៕
