ភ្នំពេញ៖អំឡុងពេលដែលឱក សុគន្ធកញ្ញា កំពុងតែរីករាយជាមួយស្វាមីនាងលោកអ៊ឹង សុខលី និងកូនប្រុសទាំងពីរនៅទីក្រុងSydney ប្រទេសអូស្រា្ដលី ក្នុងតំណើរកម្សាន្ដរយៈពេលខ្លី កាលពីថ្ងៃទី១៤ កក្កដា នោះ ផលិតកម្មរស្មីហង្សមាសរបស់អ្នកឧកញ៉ាអ៊ឹង ឆៃងួន ដែលត្រូវជាបងថ្លៃរបស់នាងបានប្រកាសនៅថ្ងៃដែលនាងមិននៅក្នុងស្រុកនេះថាSolo Concert របស់ឱក សុគន្ធកញ្ញា ដែលគ្រប់គ្នាចង់ឃើញនោះនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ។ចំណែកសុគន្ធកញ្ញា វិញក៍បានជូនដំណឹងទៅFan របស់នាងក្នុងការវិលមករកឆាកតន្រ្ដីសារជាថ្មីនេះដែរ ប៉ុន្ដែទាំងរូបនាងនិងថៅកែហង្សមាសនៅមិនទាន់កំណត់ថ្ងៃច្បាស់លាស់ពីការច្រៀងសម្ដែងតែម្នាក់ឯងលើឆាកនោះថាតើធ្វើនៅទីណា ថ្ងៃណា និងបើកឲ្យទស្សនិកជនទស្សនាដោយសេរី ឬលក់សំបុត្រឡើយ ។
គួរបញ្ជាក់ថាកាលពីចុងខែមិថុនា ឱកសុគន្ធកញ្ញា ដែលបាត់មុខពីឆាកតន្រ្ដីជាងកន្លះឆ្នាំទៅហើយ ព្រោះនាងមានផ្ទៃពោះកូនប្រុសទីពីរ ហើយបានសម្រាលកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នោះបានធ្វើការស្ទាបស្ទង់មតិរបស់អ្នកគាំទ្រនាងជុំវិញការត្រៀមខ្លួនត្រឡប់វិលមកកាន់ក្បាលមីក្រូសារជាថ្មីរបស់នាងក្រោយបាត់មុខជាច្រើនខែ ដែលការបើកឆាកលើកនេះ នាងចង់ច្រៀងសម្ដែងឆាក១តែម្នាក់ឯង ពោលគឺគ្មានតារាផ្សេងៗទៀតច្រៀងជាមួយ(Solo Concert) ហើយពេលនោះFan បង្ហាញសញ្ញាចង់ឲ្យនាងវិលវិញនៅលើហ្វេសបុករបស់នាងជាង៤ម៉ឺននាក់ (47,4k) អ្នកខមិនគាំទ្រ ជាង៥ពាន់(5,8k) និងអ្នកចែកចាយ(Share) ជិត៤ពាន់(3,9 k) ។ដោយមើលឃើញពីសន្ទុះរបស់ខ្លួននៅតែខ្លាំងបែបនេះសុគន្ធកញ្ញា បង្ហាញអារម្មណ៍រំភើប និងសន្យាថានាងត្រូវវិលវិញក្នុងពេលដ៍ឆាប់ៗខាងមុខនេះហើយ ខណៈដែលនាងក៍បានស្ទាប ស្ទង់ទៅFan នូវប្រភេទបទចម្រៀងដែលពួកគេចង់ឃើញនាងច្រៀងនោះដែរ ។ប៉ុន្ដែគេអាចសន្និដ្ឋានបានថាបទចម្រៀងដែលសុគន្ធកញ្ញា នឹងយកទៅច្រៀងសម្ដែងនោះគឺជាបទល្បីៗចាស់របស់នាងស្ទើតែទាំងស្រុងជាមិនខាន ព្រោះជាង៧ខែមកនេះនាងក៍គ្មានបទថ្មីណាមួយផ្ទះដែរ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាឱក សុគន្ធកញ្ញា នឹងមិនងាយធ្លាក់ចុះដូចតារាចម្រៀងផ្សេងៗទៀតក្រោយមានប្ដីនិងកូនដូចគ្នានោះទេ ព្រោះថាអាជីពរបស់នាងស្ថិតនៅលើកណ្ដាប់ដៃថៅកែហង្សមាសអ្នកឧកញ៉ាអ៊ឹង ឆៃងួន និងស្វាមីនាងលោកអ៊ឹង សុខលី អគ្គនាយកទូរទស្សន៍ហង្សមាស ដែលគេជឿរថាអ្នកទាំងពីរជាអ្នកនៅពីក្រោយខ្នងនាងហើយក៍នឹងមិនបណ្ដោយឲ្យកញ្ញា ចុះខ្សោយដោយងាយៗដែរ ។ប៉ុន្ដែអ្នកតាមដានសង្គមលោកសុខ សុគន្ធ ហៅជេម សុខ ធ្លាប់និយាយក្នុងកម្មវិធីTalk Show របស់លោកថាសុគន្ធកញ្ញា មានកូន២ហើយ គួរត្រៀមខ្លួនធ្វើអ្វីលើសពីការច្រៀងសម្ដែង ព្រោះទៅលែងរួចហើយ …។តែFan របស់សុគន្ធកញ្ញា នៅតែគាំទ្រតារាកូន២រូបនេះហើយពួកគេបានខមិនថានឹងទៅមើលការច្រៀងសម្ដែងរបស់ប្អូនលោកថៅកែហង្សមាសរូបនេះឲ្យបានច្រើនដើម្បីលើកទឹកចិត្តដល់នាង។ដោយឡែកអ្នកស្រីអ៊ិន ថាច ម្ដាយរបស់ឱក សុគន្ធកញ្ញា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកស្រីមិនបារម្ភច្រើនថាពេលកូនមានប្ដីកូនទៅ ទីផ្សារចម្រៀងធ្លាក់ចុះទេ ព្រោះទស្សនិកជនគាំទ្រតារានៅលើសម្ថភាព។
តាមប្រភពពីអ្នកដឹកនាំការប្រគុំតន្រ្ដីម្នាក់បានបង្ហើបឲ្យដឹងថារការច្រៀងSolo Concert របស់តារា១ លើឆាក១ ត្រូវច្រៀងបទចម្រៀងពីចន្លោះ២០ទៅ៣០បទ តែម្នាក់ឯង ហើយក្នុងនោះ១វគ្គមាន៥បទ ។ប៉ុន្ដែអ្នកដឹកនាំConcert រូបនោះថាគេអាចកាត់បទចេញខ្លះប្រសិនបើមើលឃើញពីតារារបស់ខ្លួនមានបញ្ហាសុខភាពឬការគាំទ្រចុះថយ។
សម្រាប់ឱក សុគន្ធកញ្ញា វិញបទចម្រៀងល្បីៗរាប់រយបទក្នុងអាជីពចម្រៀងរយៈពេល២០ឆ្នាំនេះ ហេតុនេះការច្រៀងSolo Concert នៅឆាកមួយគ្មានអ្វីជាឧបស័គ្គចំពោះរូបនាង ឡើយ ប៉ុន្ដែវាជាឱកាសដែលនាងអាចមើលឃើញដោយផ្ទាល់ថាអ្នកគាំទ្រនាងនៅដូចមុន ឬអត់ ?ប្រសិនបើសុគន្ធកញ្ញា មានកូន២ហើយនៅតែរក្សារបានទីផ្សារចម្រៀងរបស់ខ្លួនខ្លាំងដដែល តាមរយៈការតេស្ដលើកដំបូងឆាកSolo Concert នោះនាងជាតារាតែម្នាក់គត់ដែលគេចរួចពីការធ្លាក់ចុះក្រោយមានប្ដីនិងកូន៣នាក់ ព្រោះភាគច្រើនគេសង្កេតឃើញថាតារាខ្មែរឲ្យតែមានប្ដីនិងកូនហើយ មិនអាចនៅខ្លាំងដូចកាលនៅលីវបានទេ ៕