Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះកញ្ចាស់​ ទៅលួចម៉ូតូថ្មី ជា...ប់/ខ្នោះ

ជិះកញ្ចាស់​ ទៅលួចម៉ូតូថ្មី ជា…ប់/ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានបន្លំខ្លួនធ្វើជាកម្មករ ដោយជិះម៉ូតូកញ្ចាស់ ១គ្រឿង ទៅឈប់នៅខាងមុខរោង ចក្រមួយកន្លែង រួចចូលទៅក្នុងរោងចក្រនោះ លួចម៉ូតូបាន១គ្រឿង ជិះយកទៅលក់ បានលុយ៤០០ដុល្លារ លុះដើរស៊ីចាយអស់ ៣ថ្ងៃក្រោយ ជិះម៉ូតូកញ្ចាស់ដដែល ចូលមកធ្វើសកម្មភាពម្តងទៀត តែត្រូវបានសមត្ថកិច្ចចំណាំភិនភាគតាមរយៈកាមេរ៉ាសុវត្ថិភាព ក៏ចាប់ក្របួចជាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១២នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងរោងចក្រស៊ីកូ ស្ថិតនៅតាម ផ្លូវជាតិលេខ៣ ភូមិព្រៃកី (ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ។ រហូតមកដល់វេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ទើប សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុច មុខផ្ទះជួសជុលម៉ូតូ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកាន ប៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកម៉ូតូដែលជន សង្ស័យលួចនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JE-8574 ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះតូច សាវ៉េត អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិគោកមាស សង្កាត់ប្រទះឡាង ខណ្ឌកំបូល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ជន រងគ្រោះបានជិះម៉ូតូចេញ ពីផ្ទះទៅធ្វើការនៅរោងចក្រស៊ីកូ ហើយបាន ទុកម៉ូតូនៅកន្លែងផ្ញើរម៉ូតូនៅក្នុងរោង ចក្រ ដោយពុំបានចាក់សោកម៉ូតូទេ បន្ទាប់មកក៏ចូលធ្វើការជា ធម្មតា។ រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល ដល់ម៉ោងសម្រាកហូបបាយថ្ងៃត្រង់ បុរសរងគ្រោះបានដើរទៅយកនៅកន្លែងផ្ញើរម៉ូតូ បានឃើញ ម៉ូតូនៅទីនោះនៅឡើយ។ លុះហូបបាយរួចយកកាតូដាក់បាយទៅទុកវិញ ស្រាប់តែបាត់ម៉ូតូ ក៏បានសុំឆែកមើលកាមេរ៉ាសុវត្ថិ ភាពនៅក្នុងរោងចក្រ បានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បន្លំធ្វើជាកម្មករចូលធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនទៅបាត់។

ប្រភពដដែល បន្តថា បន្ទាប់មកបុរសរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីឱ្យជួយស្រាវជ្រាវរកជនសង្ស័យ លុះដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនោះបាននៅត្រង់ ចំណុចមុខផ្ទះជួសជុលម៉ូតូ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ និងដកហូតបានម៉ូតូម៉ាកគុបមូល ពណ៌ស្វាយ គ្មានស្លាកលេខ (ម៉ូតូចាស់) ១គ្រឿង ទូរស័ព្ទដៃម៉ាក Oppo ១គ្រឿង (ជារបស់ជនសង្ស័យ)

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៤ ខ្លួនបានជិះម៉ូតូ ១គ្រឿង ម៉ាកគុបមូលកញ្ចាស់ចេញពីកន្លែងកោសជប់នៅផ្សារកន្ទួត ភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅកាន់ រោងចក្រស៊ីកូ ស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ។ ពេលមកដល់ខ្លួនបានទុកម៉ូតូរបស់ខ្លួននៅខាងមុខរោងចក្រ រួចបន្លំធ្វើជាកម្មកររោងចក្រ ដើរចូលទៅក្នុងរោងចក្រ ហើយដើរមើលកន្លែងដាក់ម៉ូតូរបស់កម្មករមួយជុំ ពុំឃើញមានសន្តិសុខយាមនៅច្រកចេញ ខ្លួនក៏បានធ្វើ សកម្មភាពលួចម៉ូតូជនរងគ្រោះខាងលើ។ បន្ទាប់មកបានជិះចេញយកទៅលាក់ទុកនៅខាងក្រោមស្ពានអាកាសផ្លូវជាតិលេខ៣ រួចហៅម៉ូតូកង់បីជិះ ទៅយកម៉ូតូម៉ាកគុបមូលរបស់ខ្លួន ដែលទុកនៅខាងមុខរោងចក្រស៊ីកូ យកទៅទុកនៅក្រោមស្ពានអាកាសផ្លូវជាតិលេខ៣ រួចយកម៉ូតូដែល លួចបានខាងលើ ជិះទៅលក់នៅម្តុំស្តុបកោសដូង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យបានសារភាពទៀតថា ពេលទៅដល់ម្តុំស្តុបកោសដូង ក៏មានអ្នកចាំទិញម៉ូតូបានជិះម៉ូតូតាមសួរខ្លួនថា លក់ម៉ូតូអត់ ខ្លួនក៏ឆ្លើយ ថាលក់ រួចខ្លួនក៏បានជិះម៉ូតូទៅតាមអ្នកទិញ ដល់ស្ពានក្បែរស្តុបកោសដូង ក៏បាននិយាយចរចាតម្លៃលក់ ត្រូវគ្នាក្នុងតម្លៃ ៤០០ដុល្លារ ដោយអ្នកទិញម៉ូតូនោះ ភេទប្រុស មិនត្រូវបានស្គាល់ឈ្មោះនោះទេ អាយុប្រហែល៤០ឆ្នាំ។ បន្ទាប់ពីលក់រួច ខ្លួនក៏បានជិះម៉ូតូកង់បីត្រឡប់ ទៅយកម៉ូតូគុបកញ្ចាស់របស់ខ្លួន ដែលលាក់ទុកនៅក្រោមស្ពានអាកាសផ្លូវជាតិលេខ៣វិញ រួចជិះទៅផ្ទះ។ លុះដល់វេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ខ្លួនបានជិះម៉ូតូម៉ាក គុបមូល តាមផ្លូវជាតិលេខ៣ ដើម្បីធ្វើសកម្មភាពលួចម៉ូតូម្តងទៀត ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង។

ជនសង្ស័យខាងលើ បានឆ្លើយសារភាពទៀតថា កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1GX-9637 នៅត្រង់ចំណុចរោងចក្រហ្គែនមីដូវ ស្ថិតនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។ បន្ទាប់ មកយកទៅលក់ឱ្យអ្នកទិញមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ នៅម្តុំលូទឹកស្អុយបឹងសាឡាង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ប៉ុន្តែពេលកំពុងតែនិយាយតថ្លៃគ្នា ស្រាប់តែមានគេផ្អើលស្រែកថាៗ ព្រមទាំងមានកម្លាំងសមត្ថកិច្ចចុះចាប់ផង ទើបខ្លួនភ័យ ក៏បានរត់គេចខ្លួនចោលម៉ូតូដែលលួចបាននោះ ដោយពុំទាន់លក់បានលុយនៅឡើយ រួចក៏ឡើងជិះម៉ូតូកង់បីត្រឡប់ទៅផ្ទះវិញ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES