ភ្នំពេញ ៖ ផ្ទះស្តុកវ៉ែនតាមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការខូចខាតស្ទើរទាំងស្រុង រួមជាមួយនឹងសម្ភារៈមួយចំនួន តែមិន បណ្តាលឱ្យមននុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ហើយភ្លាមៗនោះ ត្រូវបានកម្លាំងជំនាញបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ អស់ចំនួន១០ឡាន ទើបអាចគ្រប់គ្រងស្ថាន ការណ៍បានទាំងស្រុង។
ហេតុការណ៍អគ្គិភ័យខាងលើ នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលេខ ១៣១E1Z ផ្លូវ១០៧ ក្រុម០៧ ភូមិ០១ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេធុំក្លិនឈ្ងៀមចេញពីផ្ទះកើតហេតុ រួចក៏ឃើញ មានផ្សែងហុយខ្មៅ ឃ្មួលខ្មាញ់ចេញមកក្រៅតែម្តង។ ភ្លាមៗ ក៏មានសម្លេងស្រែកចេញពីខាងក្នុងផ្ទះដែលឆាបឆេះ ទើបបង្កឱ្យមានការឆោឡោដល់ប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច និងទាក់ទងបន្តទៅមន្ត្រីជំនាញបង្ការ និងពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ភ្លាមៗតែម្តង ។
ភ្លាមៗនោះដែរ ក៏ឃើញមានវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយនឹងមន្ត្រីក្រោមបានចុះមក ត្រួតពិនិត្យផ្ទាល់ នៅកន្លែងកើតហេតុផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តថា ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ចាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើ ប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន ស្មើនឹង ៣២ម៉ែត្រគូប និងរថយន្តជំនួយមកពីទីក្រុងអូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ៤ម៉ែត្រ គុណនឹង ៨ម៉ែត្រ ឆេះផ្ទះស្តុបលក់វ៉ែនតា និងនាឡិកា ទំហំ ៨ម៉ែត្រ គុណនឹង ៨ម៉ែត្រ ចំនួន១ខ្នងអស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់ផ្ទះអ្នក ក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឱ្យរលត់ទៅ វិញ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពីកត្តា មនុស្ស។ ដោយឡែក ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះទេ៕