Thursday, October 31, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូ មានGPS ដេញចាប់ផ្អើលវត្ត

លួចម៉ូតូ មានGPS ដេញចាប់ផ្អើលវត្ត

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ១គ្រឿង បានសម្រេចនិងព្យាយាមជិះរត់គេច តែស៊យម៉ូតូជាប់ប្រព័ន្ធតាមដាន (GPS) ក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងនគរបាលប៉ុស្តិ៍ស្ទឹង មានជ័យទី២ តាមរកឃើញក្នុងវត្តនុន្ទមុនី ស្រែកចោរ!ៗ ដេញចាប់ផ្អើលពេញវត្ត។

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានចតម៉ូតូទុកនៅខាងមុខផ្ទះ និងកំពុងរវល់ធ្វើ ការ ស្រាប់តែមានជនសង្ស័យ មកធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់គាត់ ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1FT-1449 រួចជិះគេចខ្លួនបាត់។

ប្រភពដដែល បន្តថា ដោយសារតែម៉ូតូរបស់គាត់ បានដាក់ប្រព័ន្ធ GPS ទើបគាត់បានទៅដាក់ពាក្យបណ្តឹង ដើម្បីសុំអន្តរាគមន៍ បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ តាមសហការស្រាវជ្រាវរកឃើញសញ្ញា នៅក្នុងវត្តនុន្ទមុនី លុះចូលដល់ ប្រទះឃើញជនសង្ស័យ ដែលមានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាព និងឃើញម៉ូតូនៅទីតាំងនោះស្រាប់ទៀតផង ទើបស្រែកចោរ!ៗ ដេញចាប់ផ្អើលពេញវត្ត រហូតចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES