Thursday, October 31, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់សោផ្ទះចោល ចោរគាស់៣ដង លួចខ្ទេច

ចាក់សោផ្ទះចោល ចោរគាស់៣ដង លួចខ្ទេច

ខេត្តបាត់ដំបង ៖ លំនៅឋានដ៏ធំមួយខ្នង (គ្មានមនុស្សនៅ) ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង  ត្រូវជនមិនស្គាល់មុខ ធ្វើសកម្មភាពគាស់ចូលលួច ជាបន្តបន្ទាប់ ចំនួន៣លើក ដោយគាស់យកទ្វារ បង្អូច ខ្សែភ្លើង និងសម្ភារៈអស់គ្មានសល់។

លោកកែវ សំណាង អាយុ៣៧ឆ្នាំ ជាម្ចាស់ផ្ទះ បានរៀបរាប់នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ថា ផ្ទះរបស់លោកបានបិទទ្វារទុកចោល គ្មានអ្នកស្នាក់នៅ ជាង១ឆ្នាំមកហើយ ត្រូវជនមិនស្កាល់មុខ ដែលអាចមានគ្នីគ្នាលើសពី២នាក់ កាត់សោទ្វារផ្នែកខាងមុខ ចូលលួចយកទ្រព្យសម្បត្តិក្នុងផ្ទះ ជាបន្តបន្ទាប់ ចំនួន៣លើក។

លោកកែវ សំណាង បានបន្តថា លោកមិនបានដឹងពេលវេលាចោរប្រព្រឹត្តទេ តែបានដឹងនៅពេលលោកមកមើលផ្ទះម្តងៗ។ ដោយលើកទី១ (មិនចាំថ្ងៃខែ) ពេលលោកមកដល់ផ្ទះ ឃើញស្នាមកាត់សោទ្វារខាងមុខ ចូលលួចដែក ស័ង្កសី ទ្វារឈើ ចំនួន៤សន្លឹក គិតជាទឹកប្រាក់ ប្រមាណ២ពាន់ដុល្លារ តែលោកមិនបានប្តឹងទៅសមត្ថកិច្ចទេ ព្រោះគិតថា បាត់បង់តិចតួច។ លុះលើកទី២ ទើបលោកដាក់ពាក្យបណ្តឹងទៅអធិការនគរបាលក្រុងបាត់ដំបង ដោយសារបាត់បង់ច្រើនពេក។

ជនរងគ្រោះ បានបញ្ជាក់ថា ពេលលោកមកមើលផ្ទះលើកទី២ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ស្រាប់តែឃើញមានស្នាមចោរគាស់ចូលលួចសម្ភារៈក្នុងផ្ទះទៀត។ ដោយលើកទី២នេះ បាត់បង់ច្រើន រួមមានទ្វារឈើ ចំនួន១០សន្លឹក បង្កាន់ដៃដែកអ៊ីណុក ចំនួន៣ថ្នាក់ ចម្រឹងដែក បង្អួចចំនួន១០ផ្ទាំង គាស់យកខ្សែភ្លើងតាមជញ្ជាំង និងអំពូលភ្លើងជាច្រើនទៀត គិតជាទឹកប្រាក់ ជាង៥ពាន់ដុល្លារ។ ស្រាប់តែលើកទី៣ ពេលលោកមកមើលផ្ទះ កាល ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មិនមានបាត់បង់អ្វីទេ មានតែស្នាមគាស់ទម្លុះទ្វារបង្អួចខាងក្រោយ ដែលទំនងពួកចោរគ្រោងចូលលួចទ្រព្យសម្បត្តិទៀត។

បើតាមពិនិត្យជាក់ស្តែង នៅកន្លែងកើតហេតុ ឃើញមានស្លាកស្នាមកាត់ទ្វារដែកទ្វាររបងខាងមុខ និងទ្វារផ្ទះខាងមុខ។ ស្នាមឡើងតាមរបងលួសចំហៀងខាងកើត។ បើតាមជនរងគ្រោះបានដាក់ការសង្ស័យថា ជនល្មើសអាចប្រើប្រាសរទេះដឹកសម្ភារៈ ឬប្រើរថយន្តដឹកតែម្តង ទើបលួចរុះរើអស់គ្មានសល់បែបនេះ។

លោកកែវ សំណាង បានបញ្ជាក់ថា ទ្រព្យសម្បត្តិនិងសម្ភារៈដែលបាត់បង់ទាំងអស់ គិតជាទឹកប្រាក់មិនក្រោម ១ម៉ឺនដុល្លារនោះទេ ទើបលោកសម្រេចដាក់ពាក្យបណ្តឹង ដើម្បីសុំឱ្យសមត្ថកិច្ចជួយចាត់វិធានការស្រាវជ្រាវចាប់ជនសង្ស័យ៕

RELATED ARTICLES