Thursday, October 31, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសម្បុកចោរលួចម៉ូតូ វ៉ៃខ្នោះ៧ ដកហូតម៉ូតូ៤គ្រឿង

បំបែកសម្បុកចោរលួចម៉ូតូ វ៉ៃខ្នោះ៧ ដកហូតម៉ូតូ៤គ្រឿង

ភ្នំពេញ ៖ ជនសង្ស័យ ១សម្បុក ជាមុខសញ្ញាលួចម៉ូតូ និងទទួលផលចោរកម្ម ត្រូវបានសមត្ថកិច្ចជំនាញ បើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៧នាក់ ព្រមទាំងដកហូតបានម៉ូតូ ចំនួន៤គ្រឿង។ជនសង្ស័យទាំង៤នាក់ រួមមាន ទី១-ឈ្មោះភិន បូរី អាយុ១៩ឆ្នាំ។ ទី២-ឈ្មោះសន សុភ័ក្ត្រ អាយុ២៤ឆ្នាំ។ ទី៣-ឈ្មោះយាន រស្មី អាយុ២៣ឆ្នាំ ។ ទី៤-ឈ្មោះគឿម និស្ស័យ អាយុ២៥ឆ្នាំ។ ទី៥-ឈ្មោះជា សុផាន់ណា អាយុ១៦ឆ្នាំ។ ទី៦-ឈ្មោះសល់ បញ្ហា អាយុ១៧ឆ្នាំ និងទី៧-ឈ្មោះអ៊ូ ឯករាជ អាយុ១៦ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់។ លុះរំលងបានប៉ុន្មានម៉ោង នៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ CALTEX បុរី១០០ខ្នង ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ បន្ថែមទៀត សរុប៤នាក់ (១-ឈ្មោះភិន បូរី ២-ឈ្មោះសន សុភ័ក្ត្រ ៣-ឈ្មោះយាន រស្មី ៤-ឈ្មោះគឿម និស្ស័យ)។

ប្រភពដដែល បន្តថា ការឃាត់ខ្លួននេះ ក្រោមការសម្របសម្រួលពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង ឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ។

ប្រភពខាងលើ បញ្ជាក់ថា ជនសង្ស័យបានឆ្លើយសារភាពដោយចង្អុលបង្ហាញ និងនាំកម្លាំងសមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ទៀត (១-ឈ្មោះជា សុផាន់ណា ២-ឈ្មោះសល់ បញ្ហា ៣-ឈ្មោះអ៊ូ ឯក រាជ)។ ដែលជនសង្ស័យទាំងអស់ខាងលើ ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញ-លក់ម៉ូតូនិងស្លាកលេខ មិនមានឯកសារសម្គាល់) និងលួចម៉ូតូ។

ចំពោះសម្ភារៈដកហូត រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AC- 4342។ ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-0706។ ៣-ម៉ាកហុងដា ស្កុបពី ពណ៌ស មិនមានស្លាកលេខ។ ៤-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ស្លាកលេខ តាកែវ 1AD-0320 និង៥-ស្លាកលេខម៉ូតូ ចំនួន៤ស្លាក។

ជនសង្ស័យទាំង៧នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES