ភ្នំពេញ ៖ រថយន្តសណ្តោងរ៉ឺម៉កដឹកទូកុងតឺន័រ ១គ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើង និងស្លាកសញ្ញាចរាចរណ៍ រងការខូចខាត ហើយរថយន្តមិនទាន់អស់ ល្បឿន ឆ្លងទៅផ្លូវម្ខាងទៀត បុកតូបយាមសន្តិសុខ ទើបកៀបជាប់ ទៅមុខលែងរួច បណ្តាលឱ្យអ្នកបើកបររងរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងរ៉ឺម៉កដឹកទូកុងតឺន័រ ១គ្រឿង ពណ៌បៃតងខ្ចី ស្លាកលេខរ៉ឺម៉ក ភ្នំពេញ 4A-5598 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវទ្រុងមាន់ ទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បានរេ ចង្កូតទៅឆ្វេងដៃ ឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ រួចបុករះបាក់បង្គោលភ្លើង ១ដើម និងបង្គោលស្លាកចរា ចរណ៍ ១ដើម។ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ឆ្លងផ្លូវទៅចំណែកផ្លូវម្ខាងទៀត បុកផ្ទប់តូបយាមសន្តិសុខ ទើបកៀបជាប់ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ពិនិត្យកន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះវាស់វែងយករថយន្តបង្កហេតុ ទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយពេលក្រោយ៕