ខ្សែប្រយុទ្ធបារាំង គីលីយ៉ាន អឹមបាប់ប៉េ (Kylian Mbappe) បានលើកឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ថា លោកមានការជឿជាក់ខ្លាំងណាស់ថា ថ្ងៃណាមួយ នឹងបានលេងឱ្យក្លឹប Real Madrid ដែលជាសុបិនរបស់ខ្លួនតាំងពីកុមារ ហើយនោះជាហេតុផលដែលធ្វើឱ្យលោកចាប់ផ្តើមរៀនភាសាអេស្ប៉ាញ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ Mbappe បានលើកឡើងនៅកីឡដ្ឋាន Bernabeu ថា «តាំងពីខ្ញុំនៅក្មេង ខ្ញុំបានដឹងពីគោលដៅរបស់ខ្ញុំ គឺលេងឱ្យក្លឹប Real Madrid»។សមាជិកឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៨ រូបនេះ បានធ្វើឱ្យអ្នកសារព័ត៌មាន មានភាពភ្ញាក់ផ្អើល ដោយការនិយាយភាសាអេស្ប៉ាញ បានយ៉ាងល្អ ដោយលោកបានរៀននៅសាលា ហើយក្រោយមកបានបន្តអនុវត្តភាសាជាមួយនឹងការនិយាយជាមួយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ដូចជាលោក Luis Enrique និងលោក Mauricio Pochettino នៅក្លឹប Paris Saint Germain ដោយសារតែលោកបានដឹងថា លោកនឹងត្រូវប្រើ ប្រាស់នៅថ្ងៃណាមួយ នៅក្លឹបក្នុងក្តីសុបិនរបស់លោក។

កីឡាករជម្រើសជាតិបារាំង រូបនេះ និយាយថា «ខ្ញុំមិនមែនជាសិស្សពូកែបំផុតនៅសាលារៀននោះទេ ប៉ុន្តែខ្ញុំមានក្តីសុបិននេះ គឺការលេងនៅក្លឹប Real Madrid ហើយខ្ញុំដឹងថា ការនិយាយភាសា នឹងអាចជួយខ្ញុំឱ្យសម្រប ខ្លួនបាន»។

Real Madrid បានប្រកាសកាលពីខែមិថុនា ឆ្នាំ២០២៤ ថា Mbappe បានចូលរួមជាមួយក្លឹប នៅលីគ La Liga ជាមួយនឹងការផ្ទេរដោយឥតបង់ថ្លៃ លើកិច្ចសន្យារយៈពេល ៥ឆ្នាំ បិទបញ្ចប់នូវព័ត៌មាននៃការផ្ទេរដែលមានពាក្យចចាមអារ៉ាម អស់រយៈពេលជាច្រើនឆ្នាំ។

គួរបញ្ជាក់ថា Mbappe វ័យ២៥ឆ្នាំ ចូលរួមជាមួយក្លឹប Madrid ដែលមានតារាបាល់ទាត់មួយចំនួនរួចទៅហើយ ដូចជា Vinicius Jr. និង Jude Bellingham ស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការ Ancelotti ជាគ្រូបង្វឹកមានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ Champions League ដោយដណ្តើមបានពានរង្វាន់លីគនេះ បានចំនួន៥លើកមកហើយ៕


