រឿងរ៉ាវស្នេហារបស់ អ៊ុម លក្ខណា ចាប់ផ្តើមឡើងនៅពេលមានដំណឹងថា ពិធីករអារម្មណ៍រួសរាយ សេនាហយ បានព្យាយាមសម្រកទម្ងន់ ដើម្បីតាមចែចង់ស្រីស្រស់ អ៊ុម លក្ខណា។ តែពិធីកររូបនេះ ត្រូវខកបំណងជាខ្លាំង នៅពេលអ៊ុម លក្ខណា បញ្ចោញម្ចាស់ស្នេហ៍ពិតប្រាកដ ឈ្មោះបល គ្រិសណៈ ដែលគេស្គាល់ថា ជាបុរសក្នុងត្រកូលអភិជន និងជាម្ចាស់សណ្ឋាគារដ៏ល្បីនៅខេត្តឈៀងម៉ៃ។
វាធ្វើឱ្យមានការប្រៀបធៀបថា អ៊ុម ទម្លាក់ចោលបុរសស្មោះស្នេហ៍ ដូចជា សេនាហយ ទៅស្រវាយកបុរសអភិជន បល ដែលសាធារណជនយល់ថា មានចេតនាបោកប្រាស់ស្នេហានាង ព្រោះ បល រៀបការមានប្រពន្ធកូនរួចហើយ។ ប៉ុន្តែ អ៊ុម បានដឹងការពិតចេញពីមាត់ បល ចាប់តាំងពីថ្ងៃដំបូងដែលគេតាមចែចង់រូបនាងម៉្លេះ។ បុរសម្នាក់នេះ ប្រាកដប្រជាចង់ពិសោធការពិតថា តើរូបគេនិងអ៊ុម អាចទទួលយកការពិតបានឬទេ?។ ជាពិសេស នាងតូច កាទូន ដែលជាកូនរបស់ បល អាចទទួលយកអ៊ុម លក្ខណា ឬទេ?
សម្រាប់អភិជន បល គ្រិសណៈ អមិត្រស៊ូន មានប្រវត្តិរូបមិនធម្មតាឡើយ។ គេជាអ្នកធុរកិច្ចមានឈ្មោះបោះសំឡេងក្នុងខេត្តឈៀងម៉ៃ ជាម្ចាស់សណ្ឋាគារ The Core Hotel និងជាអ្នកគ្រប់គ្រង The Chiangmai Complex ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំហាងទំនិញល្បីៗជាច្រើន។ បើនិយាយពីចិត្តនិស្ស័យ និងស្ទីលជីវិតរបស់បុរសម្នាក់នេះ នាងអ៊ុម ធ្លាប់ផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី Tonight’s The light ថា នាង និងគេ អាចចុះសម្រុងគ្នា ហើយនាងអាចទទួលបុរសម្នាក់នេះបាន ព្រោះគេសុភាព ស្មោះស្ម័គ្រ ច្បាស់លាស់ ស្រលាញ់ និងមើលថែទាំ នាងស្មើដើមស្មើចុង។
គេមិនត្រឹមតែសុភាពរាបសា ធ្វើឱ្យនាងគាប់ចិត្តទេ ថែមទាំងមានចិត្តទូលាយឱ្យស្រីស្រស់ អ៊ុម រីកថ្លើម ប្រមាត់ទៀតផង។ បើវិលទៅរកពេលបុរស បល ចាប់ចិត្តស្រីស្រស់ អ៊ុម ថ្មី រហូតក្លាយមកជាសង្សារចិត្ត មួយថ្លើមមួយ នៅពេលនេះ លោក បល ធ្លាប់ឱ្យស្រី អ៊ុម ប្រើប្រាស់សេវាសណ្ឋាគាររបស់លោក Free។ ពុំមែនតែ អ៊ុម ប៉ុណ្ណោះទេ សូម្បីតែមិត្តភក្តិនាងក៏លោក បល ផ្តល់សេវា Free ដូចគ្នាដែរ ហើយថែមមើលថែទាំយ៉ាងល្អទៀតផង។
សូម្បីតែពេលសុំនាង អ៊ុម ធ្វើជាសង្សារ ក៏លោក បល រៀបចំពិធីយ៉ាងគគ្រឹកគគ្រេង និងកក់ក្តៅ នាំយករូបភាពរបស់ អ៊ុម រួមទាំងរូបភាពគូគ្នាជាមួយគេ ទៅឡើងអេក្រង់ធំកណ្តាលផ្សារទៀតផង។ បន្ថែមលក្ខណៈពិសេសដោយនាងតូច កាទូន កូនស្រីរបស់ បល នាំយកបាច់ផ្កា និងមកុដកម្រងផ្កា ទៅបំពាក់ឱ្យស្រីស្រស់ អ៊ុម ហើយសំណូមពរឱ្យ អ៊ុម ធ្វើជាសង្សារឪពុកនាង។
ភាពផ្អែមល្ហែមពុំមែនមានតែក្នុងថ្ងៃនោះទេ ពោលគឺដូចដែល អ៊ុម ធ្លាប់ប្រាប់ហើយថា បុរសម្នាក់នេះស្មើដើម ស្មើចុងឥតប្រែប្រួល។ គេតែងតែបង្កើតរឿងពញ្ញាក់អារម្មណ៍ឱ្យនាងរំភើបជាដរាប ដូចជា ទិញទូរស័ព្ទអាយហ្វូន៧ ឱ្យ អ៊ុម ហើយរូបភាពនៅលើអេក្រង់ ក៏ជារូបភាពសមាជិកគ្រួសារបីនាក់ ដែលមានបល អ៊ុម និងនាងតូច កាទូន។ គេទិញស្បែកជើងមកពាក់ដូចគ្នា ក្នុងថ្ងៃខួបកំណើតស្នេហ៍លើកទី៦ ដោយពាក់នាឡិកាទំនើបដូចគ្នា ហើយនាំនាង អ៊ុម ជិះរថយន្តទំនើបពណ៌ក្រហម ព្រមទាំងចំណាយខ្លួនសាក់ឈ្មោះរបស់ អ៊ុម ថា Aummy ទៀតផង។ ទាល់តែ ស្រលាញ់ស្មោះស្ម័គ្រពិតប្រាកដ ទើបអាចធ្វើបានដូច្នេះ។ តែសូមជម្រាបទុកជាមុនថា ពុំមែនមានតែការ ប្រើប្រាស់ជីវិតទំនើបស្កឹមស្កៃទេ គេក៏មាននាំនាងទៅធ្វើបុណ្យ អង្គុយញ៉ាំបាយជួបជុំគ្នាយ៉ាងសាមញ្ញ។
អ៊ុម ធ្លាប់និយាយពីស្នេហារបស់ បល ដែលមានចំពោះនាងថា គាត់ឆ្លាក់ឈ្មោះខ្ញុំក្នុងបេះដូងគាត់ សាក់ ហើយហាមប្តូរចិត្ត សាក់ហើយប្តូរសង្សារមិនបានទេណា៎។ មើលទៅ នេះអាចជាស្នេហាចុងក្រោយសម្រាប់ពួកគេហើយ ព្រោះក្នុងបេះដូងរបស់ពួកគេ សុទ្ធតែបានឆ្លាក់ឈ្មោះម្ចាស់ស្នេហ៍រៀងៗខ្លួន៕