Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់កាបូបបុគ្គលិកទូរទស្សន៍ គេច១០ថ្ងៃ ជាប់ខ្នោះ៣

ឆក់កាបូបបុគ្គលិកទូរទស្សន៍ គេច១០ថ្ងៃ ជាប់ខ្នោះ៣

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពឆក់កាបូបរបស់បុរសម្នាក់ ដែលជាបុគ្គលិកស្ថានីយទូរទស្សន៍ហង្សមាស បានសម្រេច រួចនាំគ្នាគេចខ្លួនបាត់អស់ លុះក្រោយពីព្យាយាមសម្ងំលាក់ខ្លួនបានប្រមាណ១០ថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប ចាប់ខ្លួនបាន ជាបន្តបន្ទាប់ ចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារស៊ីធីម៉ល តាមផ្លូវ លេខ២១៧ ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ រហូតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ នៅចំណុចបន្ទប់ជួល ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងចំណុចផ្ទះជួល ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសួស សុវណ្ណវិរៈ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះគឿង សុជាតិ អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះផាត់ យូសែប ហៅយ៉េប អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ មានឈ្មោះសួង តុលា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកទូរទស្សន៍ហង្សមាស។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារស៊ីធីម៉ល តាមផ្លូវ លេខ២១៧ ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីឆក់កាបូបមួយបានកើតឡើង បង្កដោយជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះម្នាក់បានសម្រេច រួចនាំគ្នាគេចខ្លួនបាត់អស់ភ្លាមៗ។

ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលទទួលការងារព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវភ្លាម រហូតតាមចាប់ក្រុមជនសង្ស័យទាំង៣នាក់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ (១-ឈ្មោះសួស សុវណ្ណវិរៈ ២-ឈ្មោះគឿង សុជាតិ ៣-ឈ្មោះផាត់ យូសែប) នៅចំណុចបន្ទប់ជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងចំណុចផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ក្រោយចាប់បានជនសង្ស័យទាំង៣នាក់ កម្លាំងនគរបាលបានដកហូតវត្ថុតាង រួមមាន កាបូបស្ពាយពណ៌ខ្មៅ ចំនួន១ កុំព្យូទ័រឡេបថប ម៉ាក ASUS ពណ៌ប្រផេះ ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ)។

រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកសួង តុលា ជាបុគ្គលិកទូរទស្សន៍ហង្សមាស ដែលជាជនរងគ្រោះ បានទៅទទួលយកទ្រព្យសម្បត្តិរបស់ខ្លួន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមត្ថកិច្ច ដែលបានចេញប្រតិបត្តិការតាមចាប់ក្រុមចោរទាំងនេះ និងយកមកវិញនូវទ្រព្យសម្បត្តិរបស់លោក ដោយមិនមានការបាត់បង់នោះឡើយ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES