Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រឹបអូសទ្រព្យអតីតឧកញ៉ាស្រី ស៊ីណា

 រឹបអូសទ្រព្យអតីតឧកញ៉ាស្រី ស៊ីណា

ភ្នំពេញ ៖ ក្រុមគ្រួសារជនរងគ្រោះដែលរងការបាញ់ប្រហារផ្តាច់ជីវិត ពីឃាតករដៃឆៅ (ឧក្រិដ្ឋជនស្រី ស៊ីណា) កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានចូលបំភ្លឺបន្ថែមទៀត ជូនចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ស្របពេលដែលតុលាការ បានចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិមួយចំនួនរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដើម្បីសងសំណងដល់ជនរងគ្រោះ ចំនួន ៤នាក់ ដែលបានស្លាប់និងរបួសដោយការបាញ់ ប្រហាររបស់អតីតឧកញ៉ាឃាតករឈាមត្រជាក់នេះ។

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចហ៊ុន សែន បានបញ្ជាក់ថា ក្រុមមេធាវី បានដាក់ពាក្យស្នើសុំ ឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិមួយចំនួន របស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណី ជូនជនរងគ្រោះ ក្រោយតុលាការសម្រេចសេចក្តីបានចូលជាស្ថាពរ។

ទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ដែលត្រូវបានតុលាការចេញដីការរឹបអូសជាបណ្តោះអាសន្ន រួមមាន ៖

១-រថយន្តម៉ាក SSAMYONG REXTON ពាក់ស្លាកលេខ ភ្នំពេញ 2BL-9923។

២-ដីក្បាលដីលេខ 12071203-1009 មានទីតាំងស្ថិតនៅភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

៣-ដីក្បាលដីលេខ 08080924-102 មានទីតាំងស្ថិតនៅភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

៤-ដីចម្ការ ស្ថិតនៅភូមិបាសិត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

៥-ផ្ទះលេខ២៤ ផ្លូវ P10F បុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៦-ផ្សារបឹងសាឡាងថ្មី ផ្លូវ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក្រោមការចោទប្រកាន់ ចំនួន៤បទល្មើស ក្នុងនោះរួមមាន ៖ ១-បទឃាតកម្ម ២-បទប៉ុនប៉ង ឃាតកម្ម ៣-បទកាន់កាប់និងប្រើអាវុធដោយគ្មានការអនុញ្ញាត និង៤-បទរំលោភលើលំនៅឋាន ក្នុងសំណុំរឿង ២ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់មនុស្ស២នាក់ ជាគូដណ្តឹង និងបាញ់មនុស្ស ២នាក់ទៀត ឱ្យរបួស។

គួររំលឹកថា កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មដ៏សា ហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចផ្ទះមួយកន្លែង បើកអាជីវកម្មថតរូបមង្គលការ ក្នុងបុរីប៉េងហួត បឹងស្នោ គម្រោងទី៧ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីមានទំនាស់ពាក្យសម្តីរវាងអ្នកជិតខាង ដោយឧក្រិដ្ឋជន ឈ្មោះស្រី ស៊ីណា (អតីតឧកញ៉ា) បានចូលទៅក្នុងលំនៅឋានជនរងគ្រោះ រួចធ្វើសកម្មភាពបាញ់ប្រ ហារលើមនុស្ស ចំនួន៤នាក់ (ស្លាប់២ របួស២) ក្នុងនោះ រួមមាន ១-ឈ្មោះឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាម្ចាស់អាជីវកម្មថតរូបមង្គលការ និង Pre Weeding យីហោ Stellar Picture ស្នាក់នៅផ្ទះកើតហេតុខាងលើ (ស្លាប់)។ ទី២-ឈ្មោះឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ ជាគូដណ្តឹង (ស្លាប់)។ ទី៣-ឈ្មោះសុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ (រងរបួសដៃ) និងទី៤-ឈ្មោះហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ (រងរបួសស្រាល)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះដែលរងរបួស ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង បន្ទាប់ពីបាញ់សម្លាប់ជនរង គ្រោះរួច បានរត់គេចខ្លួនបាត់ភ្លាម ដោយបានបើករថយន្តទំនើប ១គ្រឿង ម៉ាកសាំងយ៉ុង រិចតុន ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2BL-9923 រត់គេចខ្លួនទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ ខ្លួនបាន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។

នៅចំពោះមុខសមត្ថកិច្ច ខ្មាន់កាំភ្លើង ជាឃាតករ ជាអតីតឧកញ៉ា ឈ្មោះស្រី ស៊ីណា បានសារភាពថា មុនពេលកើតហេតុ ខ្លួនបានចូលទៅផ្ទះជនរងគ្រោះ ដើម្បីសាកសួរជនរងគ្រោះពីរឿងដែលអ្នកជួលផ្ទះរបស់ខ្លួន ដែលនៅជាប់ផ្ទះជនរងគ្រោះ បានប្រាប់ថា គេដាក់ស្នួហាលខោអាវខាងមុខផ្ទះ តែជនរងគ្រោះមិនឱ្យដាក់ លុះចូលទៅដល់ក្នុងផ្ទះជនរងគ្រោះ ត្រូវបានជនរងគ្រោះឲ្យដោះស្បែកជើង និងដេញខ្លួនចេញពីផ្ទះ ដោយហៅសុទ្ធតែអ្ហែងៗ ទើបខ្លួនផ្ទុះ កំហឹង ក៏ដកកាំភ្លើងបាញ់ជនរងគ្រោះតែម្តង៕ ដារិទ្ធ

RELATED ARTICLES