Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខេត្តកណ្តាល មានអភិបាលខេត្តថ្មី ចុះរុះរើប៉ាណូស្រាបៀរ តាមទីសាធារណៈ

ខេត្តកណ្តាល មានអភិបាលខេត្តថ្មី ចុះរុះរើប៉ាណូស្រាបៀរ តាមទីសាធារណៈ

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ចេញកម្លាំងចុះរុះរើទម្លាក់ផ្ទាំងបាណូនិងស្លាកផ្សព្វផ្សាយគ្រឿងស្រវឹង ស្រាបៀរ នៅតាមទីសាធារណៈ។ ការចេញចុះរុះរើស្លាកស្រា បៀរនេះ បន្ទាប់ពីអភិបាលខេត្តថ្មី លោកគួច ចំរើន មកកាន់តំណែង។

យោងតាមប្រភពរដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹង កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ថា ក្រុម ការងារមន្ទីរព័ត៌មានខេត្តកណ្តាល សហការជាមួយបណ្តាក្រុមហ៊ុនស្រាបៀរ បានចុះរុះរើផ្ទាំងផ្សព្វផ្សាយស្រា បៀរគ្រប់ប្រភេទ ដើម្បីលើកសោភណភាពតាមដងផ្លូវជាតិ លេខ១ ។

ប្រភពដដែល បន្តថា ដើម្បីបង្កើនសោភណភាពក្នុងមូលដ្ឋាន ក៏ដូចជាតាមដងផ្លូវសាធារណៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃមន្ទីរព័ត៌មានខេត្តកណ្តាល បានសហការជាមួយបណ្តាក្រុមហ៊ុនស្រាបៀរនានា ចុះរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ថា ទាក់ទងទៅនឹងការចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរ តាមកំណាត់ ផ្លូវជាតិលេខ១ នេះ ក្រៅពីការបង្កើនសោភណភាពតាមដងផ្លូវ ក៏ជាការចូលរួមរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងដោយការដាក់តាំងមិនរៀបរយរបស់ផ្ទាំង ផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ។

គួរបញ្ជាក់ថា ក្រៅពីខេត្តកណ្តាល នៅខេត្តតាកែវ ក៏មានការចុះរុះរើទម្លាក់ប៉ាណូផ្សាយគ្រឿងស្រវឹង នៅទូទាំងខេត្តផងដែរ បន្ទាប់ពីលោកវ៉ី សំណាង អតីតអភិបាលខេត្តកំពង់ស្ពឺ បានផ្លាស់មកកាន់តំណែងអភិបាលខេត្តតាកែវ ភ្លាមៗ៕

RELATED ARTICLES