Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួញថ្នាំញៀនជិត១ម៉ឺនគ្រាប់ ជាប់ខ្នោះ២

ជួញថ្នាំញៀនជិត១ម៉ឺនគ្រាប់ ជាប់ខ្នោះ២

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យជាជនជាតិខ្មែរ និងឡាវ ចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បន្ទាប់ពីរកឃើញថ្នាំញៀន ប្រមាណជិត១ម៉ឺនគ្រាប់។

ករណីបង្ក្រាបការជួញដូរគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះលឺ ទ្បួងម៉ានី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិទ្បាវ មានលំនៅ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសទ្បាវ និងទី២-ឈ្មោះលីន គីក ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។

យោងតាមរបាយការណ៍របស់កងរាជអាវុធខេត្តស្ទឹងត្រែង បានឱ្យដឹងថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងយោធា ឈរជើងនៅក្បាលកោះឈើទាលធំ ស្ថិតនៅភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ចាន់សីហា មេបញ្ជា​ការងផ្នែកសឹករងស្រុកបុរីអូរស្វាយសែនជ័យ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងឃាត់​ខ្លួនជនសង្ស័យ ចំនួន២នាក់ (១-ឈ្មោះលឺ ទ្បួងម៉ានី ជនជាតិទ្បាវ ២-ឈ្មោះលីន គីក ជនជាតិខ្មែរ) ព្រមតាំងដកហូតបានវត្ថុតាង រួមមាន ១-គ្រឿងញៀនមេតំហ្វេតាមីន (WY) ចំនួន៤៨កញ្ចប់តូច ស្មើនឹង៩៦០០គ្រាប់ ទម្ងន់សុទ្ធ៩៦៦,៤ក្រាម។ ២-ទូរស័ព្ទដៃ ចំនួន១គ្រឿង។ ៣-លុយទ្បាវ ចំនួន ៧លាន ៨០ម៉ឺន ៥ពាន់គីប។

លោកវរសេនីយ៍ឯក ចាន់ ប៊ុនណា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត និងកងរាជអាវុធហត្ថខេត្តស្ទឹង​ត្រែង ដោយមានការសម្របសម្រូលពីលោកស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានប្រគល់វត្ថុតាង និងជនសង្ស័យខាងលើ ឱ្យជំនាញការិយាល័យប្រឆាំងគ្រឿងកងរាជអាវុធ​ហត្ថ​ខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយបញ្ចប់នីតិវិធី កម្លាំងកងរាជអាវុធហត្ថខេត្ត បានបញ្ជូនខ្លួនបុរសទាំង២នាក់ និងវត្ថុតាង ទៅកាន់តុលាការ និងត្រូវបានតុលាការសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤៕

RELATED ARTICLES