Sunday, September 8, 2024
Homeព័ត៌មានសិល្បៈសម្តេចហ៊ុន សែន សរសើរសិស្សស្រី ច្រៀងពីរោះ “ស្ពានសាងស្នេហ៍”

សម្តេចហ៊ុន សែន សរសើរសិស្សស្រី ច្រៀងពីរោះ “ស្ពានសាងស្នេហ៍”

ខេត្តព្រៃវែង ៖ យុវតីម្នាក់ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យមួយ ឆក់បានបេះដូងមហាជន រួមទាំងសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានច្រៀងចម្រៀង ១បទ ដែលជាស្នាដៃនិពន្ធរបស់សម្តេចហ៊ុន សែន មានចំណងជើងថា “ស្ពានសាងស្នេហ៍” ដោយសម្តេចហ៊ុន សែន បានសរសើរថា ចៀងបានពីរោះណាស់។

យុវតីដែលសម្តេចហ៊ុន សែន ចាប់អារម្មណ៍ ពេញចិត្ត និងកោតសរសើរចំពោះទឹកដមសំនៀងនោះ មានឈ្មោះ សាយ ស៊ីណា ជាសិស្សរៀនថ្នាក់ទី១០ នៃវិទ្យាល័យព្រៃព្នៅ ស្ថិតនៅឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ យុវតីរូបនេះ ជាកូនពៅក្នុងចំណោមបងប្អូន ២នាក់ (ប្រុស១ ស្រី១) មានឪពុកឈ្មោះស៊ុយ សាយ អាយុ៤៤ឆ្នាំ មុខរបរកម្មករនេសាទសមុទ្រ ម្តាយឈ្មោះងួន ស៊ន អាយុ៤៣ឆ្នាំ មុខរបរកម្មករនេសាទសមុទ្រ ។ សព្វថ្ងៃ យុវតី សាយ ស៊ីណា ស្នាក់នៅជាមួយជីតា ដែលមានលំនៅក្នុងភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

សម្តេចហ៊ុន សែន បានបង្ហោះឃ្លីបវីដេអូឃ្លីបការច្រៀងរបស់យុវតី សាយ ស៊ីណា ច្រៀងបទ “ស្ពានសាងស្នេហ៍” ដែលជាស្នាដៃនិពន្ធរបស់សម្តេច ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅរាត្រីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយសំណេរថា “ចៅស្រី តាមិនទាន់ដឹងថា ចៅឈ្មោះអ្វី? នៅភូមិ ឃុំ ស្រុក ខេត្ត ណា? រៀននៅសាលាណា? តែចៅច្រៀងបទ ដែលតានិពន្ធ ទាក់ទងនឹងជីវិតតាយាយ បានពីរោះណាស់។ តាយាយ សូមអរគុណចំពោះចៅ…”។

សូមបញ្ជាក់ថា យុវតី សាយ ស៊ីណា សព្វថ្ងៃរៀនថ្នាក់ទី១០H នៅវិទ្យាល័យព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ជាជ័យលាភីផ្នែកចម្រៀង រដូវកាលទី៤ វគ្គជម្រុះដំបូង នៃកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម ដែលរៀបចំឡើងដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង។

យុវតី សាយ ស៊ីណា ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានលើកយកបទ “ស្ពានសាងស្នេហ៍” មក ច្រៀង ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើមផ្នែកចម្រៀង និងសម្រស់ (វគ្គជម្រុះដំបូង) នៅវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ជាពិសេសបានទទួលការចាប់អារម្មណ៍និងលើកសរសើរពីសម្តេចហ៊ុន សែន។

លោកស៊ុយ សាយ និងអ្នកស្រី ងួន ស៊ន ជាឪពុកម្តាយរបស់យុវតី សាយ ស៊ីណា បានឲ្យដឹងនៅថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៤ ថា គាត់មានកូន តែ២នាក់ប៉ុណ្ណោះ (ប្រុស១ ស្រី១) ដោយកូនប្រុសច្បង សព្វថ្ងៃចេញទៅរៀននៅភ្នំពេញ និងកូនស្រីពៅ សាយ ស៊ីណា កំពុងរៀនថ្នាក់ទី១០ នៅវិទ្យាល័យព្រៃព្នៅ ខេត្តព្រៃវែង។ ចំណែកពួកគាត់ជាឪពុកម្តាយ សព្វថ្ងៃបាននាំគ្នាធ្វើចំណាកស្រុក ចេញទៅធ្វើជាកម្មករទូកនេសាទ នៅឯខេត្តព្រះ សីហនុ ដើម្បីរកប្រាក់ មកចិញ្ចឹមផ្គត់ផ្គង់កូន ឱ្យបានរៀនសូត្រចប់ចុងចប់ដើម។

ឪពុកម្តាយយុវតី សាយ ស៊ីណា បានបន្តថា កូនស្រីរបស់គាត់ (សាយ ស៊ីណា) មិនធ្លាប់ធ្វើឱ្យពួកគាត់លំបាក ចិត្តសោះឡើយ តាំងពីក្មេងៗមក ហើយនាងមានបំណងប្រាថ្នាចង់ក្លាយជាគ្រូបង្រៀន ទើបពួកគាត់ប្រឹងប្រែងរកប្រាក់ បញ្ជូនកូនស្រីឱ្យរៀនសូត្រ បានចប់ចុងចប់ដើម ដើម្បីបំពេញក្តីប្រាថ្នាជាគ្រូបង្រៀនរបស់នាង ដោយមិនបានដឹងសោះថា កូនស្រីមានទេពកោសល្យមួយទៀត គឺច្រៀងបានយ៉ាងពីរោះ រហូតទទួលបានការចាប់ អារម្មណ៍គាំទ្រពីមហាជន ពិសេសសម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទៀតផង។

ចំណែកជីតារបស់យុវតី សាយ ស៊ីណា បានឱ្យដឹងនៅថ្ងៃដដែលនោះថា សព្វថ្ងៃ ចៅស្រីរូបនេះ នៅផ្ទះតែ ២នាក់គាត់ប៉ុណ្ណោះ ព្រោះឪពុកម្តាយនាងបានចេញទៅធ្វើការនៅកំពង់សោមអស់ ចំណែកបងប្រុសនាង ចេញទៅរៀនបន្តនៅភ្នំពេញ សល់តែគាត់និងចៅស្រី។ រាល់ថ្ងៃ ចៅស្រី ក្រៅពីខំប្រឹងរៀនសូត្រ នាងក៏ជាអ្នកជួយមើលថែរូបគាត់ជាជីតាដែរ ដោយពេលចេញពីសាលា មកវិញ ចៅស្រី តែងរៀបចំដាំបាយទឹក ធ្វើម្ហូបហូបជុំគ្នា ២នាក់ចៅនិងតា។ កន្លងមក គាត់មិនធ្លាប់ដឹងថា ចៅស្រីចេះច្រៀងសោះ រហូតដល់ល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ចៅស្រី បានមកប្រាប់ថា នាងបានចូលរួមប្រឡងចម្រៀងនៅសាលា ធ្វើឱ្យមានមហាជនពេញចិត្ត ពិសេសមានការចាប់អារម្មណ៍ពីសម្តេចហ៊ុន សែន ទៀតនោះ ទើបគាត់មានការភ្ញាក់ផ្អើល និងរំភើប រហូតដល់សម្រាន្តមិនលក់តែម្តង។

យុវតី សាយ ស៊ីណា បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថា នាងពិតជារំភើបខ្លាំងណាស់ ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន ចំពោះការច្រៀងរបស់នាង ជាពិសេសអ្វីកាន់តែធ្វើឱ្យនាងរំភើបរហូត ដល់គេងពុំលក់នោះ គឺក្រោយពីនាងទទួលបានការសសើរពីសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយនាងពិតជាចង់ជួបសម្តេច ខ្លាំងណាស់ ដើម្បីអាចមានឱកាសបានច្រៀងជូនសម្តេច ស្តាប់ដោយផ្ទាល់។

យុវតី សាយ ស៊ីណា បានបន្តថា នាងគឺជាកូនពៅក្នុងគ្រួសារ ដោយឪពុកម្តាយបានធ្វើចំណាកស្រុកចេញទៅធ្វើការនៅខេត្តព្រះសីហនុ អស់ទៅហើយ ដើម្បីរកប្រាក់ឱ្យពួកនាងជាកូនៗ បានរៀនសូត្រ ហើយសព្វថ្ងៃនាងស្នាក់នៅជាមួយជីតា។ ក្នុងរង្វង់គ្រួសារបស់នាង រាប់តាំងពី ជីតា រហូតដល់ឪពុកម្តាយនាង គឺមិនមានអ្នកណាម្នាក់មាននិស្ស័យក្នុងវិស័យសិល្បៈ ឬចេះច្រៀងនោះទេ លើកលែងតែរូបនាងម្នាក់ប៉ុណ្ណោះ ដែលស្រលាញ់សិល្បៈ និងការច្រៀង តាំងពីក្មេងមកម៉្លេះ តែយ៉ាងណា បំណងប្រាថ្នារបស់នាងទៅថ្ងៃអនាគត គឺចង់ក្លាយជាគ្រូបង្រៀន។

យុវតីរូបនេះ បានបញ្ជាក់ថា នាងមិនធ្លាប់បានគិតទាល់តែសោះថា សមត្ថភាពនៃការច្រៀង ឬទឹកដមសំនៀងរបស់នាង អាចធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជនបែបនេះសោះ ពោលគឺនាងគ្រាន់តែចូលចិត្តច្រៀងលេង លុះនៅក្នុងសាលាមានកម្មវិធីប្រឡងចម្រៀង ណាមួយមានការជំរុញនិងលើកទឹកចិត្តពីមិត្តភក្តិដែលធ្លាប់ស្តាប់នាងច្រៀងលេង នាពេលកន្លងមកផង ទើបនាងបានសម្រេចចិត្តចូលរួមប្រឡង ស្រាប់តែទទួលបានការចាប់ អារម្មណ៍ពីមហាជន ពិសេសសម្តេចហ៊ុន សែន ថែមទៀត ធ្វើឱ្យនាងរំភើបហួសថ្លែង ព្រោះមិនដែលគិតថា អាចធ្វើឱ្យសម្តេចតា (សម្តេចហ៊ុន សែន) ចាប់អារម្មណ៍បែបនេះឡើយ៕ ខៀវទុំ

RELATED ARTICLES