Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជំនន់ទឹកភ្លៀង បា.../ក់ស្ពានឈើ១

 ជំនន់ទឹកភ្លៀង បា…/ក់ស្ពានឈើ១

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងលោកជា ស៊្រុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ពានឈើមួយកន្លែង ដែលមានប្រវែង៥៥ម៉ែត្រ ទទឹង៣,៥ម៉ែត្រ ស្ថិតនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ខណៈពេលស្ពាននេះបាក់ដោយសារជំនន់ទឹកភ្លៀង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បន្ទាប់ពីដំណើរពិនិត្យស្ថានភាពជាក់ស្តែង កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ និងបានណែនាំឱ្យក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សិក្សាធ្វើការជួសជុល បន្ទាន់ ដើម្បីតភ្ជាប់ស្ពានឈើនេះជូនប្រជាពលរដ្ឋធ្វើការឆ្លងកាត់ជាបណ្តោះអាសន្ន រួចបន្តសិក្សាសាងសង់ស្ពានថ្មីឡើងវិញ ដើម្បីប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា ស្ពានឈើដែលបានបាក់ដោយជំនន់ទឹកភ្លៀងខាងលើនេះ ឆ្លងកាត់ភ្ជាប់ពីភូមិអូររុន និងភូមិវឺនសៀន ដែលមានប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ចំនួន២០៧គ្រួសារ ប្រជាជនប្រមាណជា១០០០នាក់។

លោកម៉ែន គង់ នាយករដ្ឋបាលសាលាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគ្រប់គ្រងគ្រោះ មហន្តរាយខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងភូមិសាស្ត្រមួយចំនួន បានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ទ្រាក់ បានជន់លិច បណ្តាលឱ្យផ្លូវ ស្ពាន លូ និងលំនៅឋានប្រជាពលរដ្ឋ ចំនួន២១ភូមិ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន៩ ទទួលរងការខូចខាត។

លោកបន្តថា ក្នុងស្រុកចំនួន៣ ដែលរងការជន់លិច មាន ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងស្រុកបុរីអូស្វាយសែនជ័យ ហើយក្នុងនោះក្រុងស្ទឹងត្រែង ទទួលរងការខូចខាត ផ្ទះចំនួន២ខ្នង ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់ បានបោកបក់ដើមឈើដួលសង្កត់លើលំនៅឋានប្រជាពលរដ្ឋ តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ៕

RELATED ARTICLES