Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអត់លុយ១រៀល ស៊ីផឹកពីព្រឹកទល់ល្ងាច

អត់លុយ១រៀល ស៊ីផឹកពីព្រឹកទល់ល្ងាច

ភ្នំពេញ ៖ បុរសម្នាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែង ពេញ១ថ្ងៃ (តាំងពីព្រឹកទល់ល្ងាច) ដោយហៅសុទ្ធតែស្រាបៀរ ABC ព្រមទាំងកុម៉្មង់បាយម្ហូបនិងគ្រឿងក្លែមពោរពាស ធ្វើឫកដូចអភិជន លុះផឹកស៊ីចប់ ស្រវឹងធ្លាក់ភ្នែក គិតលុយអស់ ១៤ម៉ឺនរៀល ស្រាប់តែថាអត់មានលុយ១រៀលជាប់ខ្លួនធ្វើឱ្យម្ចាស់ហាងហួសចិត្ត ប្តឹងសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចហាងផឹកស៊ី «ម៉ាក់ស្រីណុច» ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង មុខវត្តជន្លង់ម្លូ ក្នុងភូមិព្រៃ រងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

តាមប្រភពស្ត្រីជាម្ចាស់ហាងខាងលើ បានរៀបរាប់ប្រាប់ថា បុរសខាងលើ បានចូលទៅផឹកស៊ីនៅហាងរបស់គាត់ តាំងពីវេលាម៉ោង១០ព្រឹក ដោយកុម៉្មង់ស្រាបៀរ ABC ចំនួន១កញ្ច្រែង ព្រមទាំងបាយម្ហូប អង្គុយផឹកស៊ីតែម្នាក់ឯង។ បន្ទាប់ពីផឹកស្រាបៀរ ABC អស់១កញ្ច្រែង បុរសនេះបានកុម៉្មង់ស្រាបៀរ ANCHOR ចំនួនកន្លះ កេសថែមទៀត និងបានផឹកស៊ីរហូតដល់វេលាម៉ោងជាង៤ល្ងាចថ្ងៃដដែល ទើបឈប់។

ស្ត្រីជាម្ចាស់ហាង បានបន្តថា ពេលគាត់គិតលុយ អស់ចំនួន១៤ម៉ឺនរៀល ស្រាប់តែបុរសខាងលើ អត់ព្រមទូទាត់ឱ្យ និងបានចុះដើរទៅរករឿងម្ចាស់ហាងមួយទៀត ដែលនៅជិតនោះ ដោយបានចោទថា បានលួចម៉ូតូរបស់ខ្លួន កាលពីម្សិលមិញ ខណៈនោះគាត់ក៏បានតាមទារលុយថ្លៃផឹកស៊ី ចំនួន១៤ម៉ឺនរៀល ស្រាប់តែបុរសនោះបានឱ្យប្តីគាត់ដឹកទៅយកលុយនៅយានដ្ឋានមួយកន្លែង ម្តុំផ្លូវរថភ្លើង ស្ថិតនៅខាងខាងលិចភូមិព្រៃរងៀង។ ខណៈនោះ ប្តីគាត់បានជិះម៉ូតូ ១គ្រឿង ដឹកទៅ លុះពេលទៅដល់ បុរសនោះអត់ ចូលទៅក្នុងយានដ្ឋាននោះទេ ម្តងឱ្យដឹកទៅនេះ និងម្តងទៅនោះ ទើបប្តីគាត់ដឹកហួសទៅដល់ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល ក៏ឈប់ដឹក។ ពេលនោះ ក៏មានការនិយាយប្រកែកគ្នា បង្កឱ្យមានការភ្ញាក់ផ្អើល ហើយកម្លាំងប្រជាការពារភូមិ បានឃាត់ខ្លួនបុរសនោះ នាំទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ ដើម្បីដោះស្រាយគ្នាតែម្តង។

ស្ត្រីជាម្ចាស់ហាងខាងលើ បាននិយាយថា គាត់មិនធ្វើការប្តឹងផ្តល់បុរសនោះទេ គឺសុំឱ្យតែដោះស្រាយរឿងលុយថ្លៃផឹកស៊ី ឱ្យគាត់មក គឺចប់រឿងហើយ៕

RELATED ARTICLES