Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរចុះរុះរើសំណង់រំលោភចំណីផ្លូវជាតិលេខ៣

អាជ្ញាធរចុះរុះរើសំណង់រំលោភចំណីផ្លូវជាតិលេខ៣

ភ្នំពេញ ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កាលពីវេលារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានចុះធ្វើការរុះរើសំណង់ផ្ទះ ១កន្លែង ដែលសង់រំលោភលើចំណីផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាង ត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា សំណង់ខាងលើនោះ សង់ពីដែក ដែលមានម្ចាស់ឈ្មោះ ហ៊ុល ភា ហើយតាមការវាស់វែងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឃើញថា គាត់បានសង់រំលោភដីចំណីផ្លូវជាតិលេខ៣ ប្រវែង៥,៥០ម៉ែត្រ។

ប្រភពដដែល បន្តថា កាលពីគាត់ចាប់ផ្តើមសាងសង់ដំបូង អាជ្ញាធរបានចុះទៅធ្វើការហាមឃាត់ ជាបន្តបន្ទាប់ ប៉ុន្តែគាត់មិនស្តាប់ លុះក្រោយមក ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងភូមិខាងលើ តាមបណ្តោយផ្លូវជាតិលេខ៣ នោះដែរ ហើយដែលពួកគាត់ជាអ្នកគោរពច្បាប់ បានប្តឹងឱ្យអាជ្ញាធរហាមឃាត់ជាបន្ទាន់ និងបានលើកឡើងដោយត្រង់ៗថា បើអាជ្ញាធរមិនព្រមហាមឃាត់ ឬរុះរើសំណង់ ដែលកំពុងសាងសង់នេះចេញទេ ពួកគាត់ក៏មានសិទ្ធិសាងសង់សំណង់ផ្សេងៗនៅលើចំណីផ្លូវជាតិលេខ៣នេះ បានដូចគ្នាដែរ។

ក្រោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋផង និងដើម្បីការពារដីចំណីផ្លូវ ដើម្បីការរៀបចំសោភណភាពដងផ្លូវ មិនឱ្យមានភាពអនាធិបតេយ្យកើតឡើងនោះ ទើបនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោកសក់ កញ្ញារិទ្ធ អភិ បាលខណ្ឌពោធិ៍សែនជ័យ បានចាត់លោកនាយករដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចុះហាម ឃាត់ និងឱ្យម្ចាស់រុះរើចេញជាបន្ទាន់។

ពេលទៅដល់ កម្លាំងបានធ្វើការវាស់វែងឃើញថា សំណង់ផ្ទះខាងលើនោះសង់រំលោភលើចំណីផ្លូវ ប្រវែង៥,៥០ ម៉ែត្រ ទើបកម្លាំងប្រាប់ឱ្យជាងផ្អាកការសាងសង់សិន និងសុំជួបម្ចាស់ផ្ទះ ដើម្បីណែនាំពីច្បាប់សាងសង់ និងឱ្យគាត់រុះរើចេញវិញ។ ពេលនោះស្រាប់តែម្ចាស់ផ្ទះ មានគ្នា ច្រើន ចេញមកស្រែកឡូឡា ជេរអាជ្ញាធរ និងបញ្ចេញកាយវិការច្រងេងច្រងាង រយៈពេល១ម៉ោង ចំណែកកម្លាំងបានត្រឹមតែឈរស្តាប់ពួកគាត់ជេរ ដោយមិនបានតបតវិញនោះឡើយ។ បន្ទាប់មក កម្លាំងបានធ្វើការពន្យល់ពីច្បាប់សាងសង់ ឱ្យគាត់យល់ និងបានឱ្យធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការសាងសង់ ព្រមទាំងរុះរើសំណង់នោះចេញវិញនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

មន្ត្រីសាលាខណ្ឌរូបនោះបានថ្លែងថា ខណៈនោះគាត់យល់ព្រមផ្តិតមេដៃលើកកិច្ចសន្យាបញ្ឈប់ការសាងសង់ ប៉ុន្តែមិនយល់ព្រមផ្តិតមេដៃលើកិច្ចសន្យារុះរើនោះឡើយ មិនតែប៉ុណ្ណោះបានគំរាមថា បើអាជ្ញាធរហ៊ានតែធ្វើការរុះរើផ្ទះគាត់នេះ គាត់នឹងយកដុំថ្មគប់ទៅលើជាងដែល មកធ្វើការរុះនោះហើយ។ បន្ទាប់ពីមានការគំរាមបែបនេះ កម្លាំងក៏បានដកថយសិន ហើយរហូតដល់ថ្ងៃកំណត់ខាងលើនេះ គាត់នៅតែមិនព្រមរុះចេញ ទើបលោកអភិ បាលខណ្ឌ ដាក់កម្លាំងចុះទៅធ្វើការរុះរើ ហើយបានសម្រេចដោយពុំមានការប៉ះទង្គិចគ្នាជាមួយម្ចាស់ផ្ទះនោះឡើយ។

លោកសក់ កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា វិធានការរបស់អាជ្ញាធរ គឺត្រូវតែរក្សាចំណីផ្លូវជាតិ និងផ្លូវសាធារណៈនានា ឱ្យបាន មិនឱ្យមានសំណង់កើតឡើងថ្មីបន្តទៀតនោះទេ។ ចំណែកឯសំណង់ចាស់ដែលបានសាងសង់រួច ក្នុងពេលកន្លងមក នឹងមាន វិធានការនៅពេលក្រោយ ខណៈនេះត្រូវរក្សាចាស់ មិនឱ្យបង្កើតថ្មី ដែលនាំឱ្យមានភាពស្មុគស្មាញបន្ថែមទៀតឡើយ៕

RELATED ARTICLES