Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆេះកាប៊ីនភ្លើង រាលឆេះម៉ូតូ២ រទេះចាប់ហួយ១

ឆេះកាប៊ីនភ្លើង រាលឆេះម៉ូតូ២ រទេះចាប់ហួយ១

ខេត្តព្រះសីហនុ ៖ កាប៊ីនភ្លើងមួយកន្លែង ស្ថិតនៅម្តុំឆ្នេរអូរឈើទាល ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោស ន្ធៅ រាលឆាបឆេះម៉ូតូ ចំនួន២គ្រឿង ទាំងរទេះលក់ចាប់ហួយ ១គ្រឿង ដែលចតលក់ដូរនៅក្រោមបង្គោលភ្លើងនោះ តែមិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ ខណៈដែលសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ។

ករណីអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។

តាមប្រភពព័ត៌មានពីអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយគាត់នៅក្នុងតូបក្រោមបង្គោលកាប៊ីនភ្លើងខាងលើ ស្រាប់តែឮសូរសំឡេងផ្ទុះចេញពីកាប៊ីនភ្លើង ហើយក៏មានអណ្តាតភ្លើងឆាបឆេះ ទើបបង្កឱ្យមានការឆេះរាលដាលចុះមកក្រោម។ ភ្លាមៗនោះ គាត់ក៏បានរត់ចេញពីកន្លែងកើតហេតុ ទាំងភ័យស្លន់ស្លោ ធ្វើឱ្យដួលរងរបួសស្រាល។

ជុំវិញហេតុការណ៍ករណីផ្ទុះកាប៊ិនភ្លើងខាងលើ តាមរយៈប្រភពផ្សេងបានប្រាប់បន្ថែមថា កាប៊ីនភ្លើងខាងលើ ទើបតែបានប្តូរថ្មីប្រហែល ជា២សប្តាហ៍ប៉ុណ្ណោះ មិនដឹងថា មូលហេតុអ្វី ទើបថ្ងៃនេះ បង្កឱ្យការផ្ទុះឆេះបែបនេះនោះទេ ។ បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើង ឃើញថាមានក្បាលទំពក់នៅត្រង់សំណុំខ្សែភ្លើងក៏បានខ្ទាតចេញជាច្រើនម៉ែត្រពីកន្លែងកើតហេតុផងដែរ។

បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញ កម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ បានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនឱ្យឆេះឆ្លងរាលដាលដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ។

លោកវរៈសេនីយ៍ឯក អ៊ុច ពិសិដ្ឋ នាយការិយាល័យ បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងហេតុការណ៍ខាងលើបានបណ្តាលរងការខូចខាតរួមមាន ឆេះរទេះលក់ចាបហួយ ចំនួន១គ្រឿង ម៉ូតូ ចំនួន២គ្រឿង ក្នុងនោះ ១គ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ២០១០ និង១គ្រឿងទៀតម៉ាកស៊ុយស៊ូគី និច ស៊េរីឆ្នាំ២០១១ ព្រមទាំងឆេះសម្ភារះប្រើប្រាស់មួយចំនួន និងថវិកាប្រមាណ ១លានរៀល និងបង្កឱ្យស្ត្រីម្នាក់ឈ្មោះអៀ មុំរឿន អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ដែលគាត់ចតលក់អីវ៉ាន់ នៅក្បែរបង្គោលត្រង់កន្លែងកើតហេតុ រងរបួសស្រាលផងដែរ។

ករណីអគ្គិភ័យខាងលើ ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់ អគ្គិភ័យចំនួន២គ្រឿង  ដើម្បីជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង១២ម៉ែត្រគូប និងសហការជាមួយរថយន្តពន្លត់ អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន សរុបការប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់ អស់ទឹក ចំនួន២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

RELATED ARTICLES