ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញសេក្ដីប្រកាសសម្រេចដាក់ពិន័យលោកអេ ភូថង ,អ្នកស្រីសាំង សុម៉ាលី និងកូនស្រីកីឡាការិនីអេ យ៉ានុត ដោយមិនអនុញ្ញាត្តិឲ្យចូលរួមប្រកួតគុនខ្មែររយៈពេលចំនួន៦ខែ ។



សេចក្ដីប្រកាសនេះកើតមានបន្ទាប់ពីមានភាពចម្រូងចម្រាសក្នុងការកាត់ក្ដីរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតរវាងកីឡាករម៉ឺន មេឃា និងចាន់ ប៊ុនហឿន នៅសែង្វៀនPnn កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដែលពេលនោះអាជ្ញាកណ្ដាលបានបញ្ឈប់ម៉ឺន មេឃា ទាំងដែលកីឡាករនៅងក់ក្បាល២ដងជាសញ្ញាអាចប្រកួតទៀតបាន បន្ទាប់ពីរាប់ដល់៨ ក្រោយត្រូវ១ជើងផ្កាប់ចានចំកញ្ចឹងកររបស់កីឡាករចាន់ ប៊ុនហឿន ដែលធ្វើឲ្យលោកអេ ភូថង និងភរិយា រួមទាំងកូនស្រីប្រតិកម្មចំពោះលោកអាជ្ញាកណ្ដាល។ក្រោយម៉ឺន មេឃា បរាជ័យដណ្ដើមខ្សែក្រវ៉ាត់ ព្រោះមិនអាចបន្ដការប្រកួតដោយសារតែលោកអាជ្ញាកណ្ដាលបញ្ឈប់ ព្រោះមើលឃើញស្ថានភាពកីឡាករធ្ងន់ធ្ងរពេកលោកស្រីសាំង សុម៉ាលី ប្រកាសឈប់ជាន់សែង្វៀនPnn ជារៀងរហូត ៕








