Friday, October 18, 2024
Homeតារាខ្មែរស្រីស្អាតសុខគា គីមលាង ៖លាក់តម្លៃខ្លួន

ស្រីស្អាតសុខគា គីមលាង ៖លាក់តម្លៃខ្លួន

ភ្នំពេញ៖នាដការីរបាំបុរាណសុខគា គីមលាង ហៅkon Ant ឬកូនស្រមោច បានឈានជើងចូល​ថត​ភាពយន្ដរឿងដុំជាលើកដំបូងរបស់ខ្លួន ឲ្យផលិតកម្មLD បន្ទាប់ពីនាងបានខកខាន​ថតរឿង​ជា​ច្រើន​មកហើយ ព្រោះតែរវល់ពេកគ្មានពេលវេលាគ្រប់គ្រាន់ ប៉ុន្ដែចាប់ពីពេលនេះតទៅនាង​ថានឹង​ចំ​ណាយ​ពេលលើការថតទាំងភាពយន្ដដុំ និងរឿងភាគ។​ប៉ុន្ដែគេចាំ​បានថាកញ្ញា​គីម​លាង ប្រ​កាន់​​​ជំហរ មិនថតស៊ិចស៊ី ឬលេងឈុតស្នេហានោះទេ ហេតុនេះតើនាង​អាចគេច​ឈុតនេះរួចដោយរៀបណាទៅ ព្រោះតារាស្រីភាពយន្ដជាច្រើន​ពិតជាពិបាករំលងឈុត​នេះ​ខ្លាំងណាស់ ។

 កញ្ញាដ៍ស្រស់សោភាសុខគា គីមលាង បានប្រាប់”នគរធំ” កាលពីថ្ងៃទីថ្ងៃទី១៨ កក្កដា ថារឿងថ្មីដែលនាងលេងនោះគ្មានឈុតស្នេហា ឬត្រូវស្លៀកពាក់ឈុតស៊ិចស៊ីឡើយ ខណៈ​ការចំណាយថតរឿងមួយនេះមានរយៈពេល១ខែ នាងលេងជាតួអង្គមួយដែលបង្ហាញពីក្ដី​ស្រលាញ់​ក្នុងគ្រួសារមួយ។នាងបន្ថែមថាបើមានឈុតស្នេហាក៍នាងសុំគិតមើលសិនដែរ ព្រោះក្នុង​នាម​ជានាដការីរបាំបុរាណម្នាក់នាងនៅតែរក្សារគោលដំហរខ្លួនដូចដើម ។

ស្រីស្រស់គីមលាង វាចា ថា”ខ្ញុំមិនស៊ិចស៊ីទេ ប៉ុន្ដែទាន់សម័យ ហើយមុននឹងលេងរឿង​នេះ​បើមានប៉ះឈុតទាំង​នោះក៍ខ្ញុំសុំពេលពិចារណាសិនហើយ! “។

សុខគា គីមលាង បង្ហើបថាក្រៅពីថតរឿងដុំនាងក៍ចាប់ផ្ដើមសម្លឹងមើល​ការថត​រឿង​ភាគ​ផងដែរ ហើយនាងបានអរគុណដល់ផលិតករភាពយន្ដដែលកន្លងមកចាប់អារម្មណ៍ និង​ចង់បាននាងសម្ដែងភាពយន្ដ តែពីមុននាងគ្មានពេលវេលាគ្រប់គ្រាន់ តែពេលនេះនាងចាប់​ផ្ដើម​បែងចែកពេលវេលា ព្រោះនាងចង់ថតកុនដើម្បីទុកជាឯកសារស្នាដៃខ្លួនទៅថ្ងៃក្រោយ ។

តាមព័តមានថាកញ្ញាសុខគា គីមលាង ជាមុខសញ្ញានៃក្រុមផលិករ ព្រោះនាងមាន​សម្រស់​​ស្អាតពីធម្មជាតិ មិនចាំបាច់ផាត់មុខច្រើន ហើយផ្ដើមចេញពីសាលាសិល្បៈរៀន​ផ្នែក​របាំបុរាណ និងរបាំព្រះរាជទ្រព្យតាំងពីអាយុ៩ឆ្នាំ នោះនាងពិតជាមានទេពកោ​សល្យមិន​ធម្មតា​នោះទេ ។

 ស្រីស្រស់សុខគា គីមលាង បន្ថែមថានាងពិតជាឆាប់ចូលមនោ​សញ្ចេតនា​បាន​លឿនមែន ប៉ុន្ដែរឿងដែលនាងបារម្ភនោះគឺមិនដឹងថាត្រូវធ្វើម៉េច​ឲ្យយំចេញពេលប៉ះឈុត​កម្សត់ៗឡើយ។

 គួរបញ្ជាក់ថាកញ្ញាសុខគា គីមលាង ត្រូវមហាជនចាប់អារម្មណ៍ខ្លាំងនៅពេល​ដែល​នាងតែងខ្លួនជាអប្សរា ហើយរាំរបាំអប្សរានៅលើភ្នំទឹកកកមួយកម្ពស់ដល់ទៅ៣គីឡូពីដី នៅប្រទេសនូវែលសេឡង់ កាលពីឆ្នាំ២០២៣ ។នាងក៍ត្រូវបានជ្រើសរើសជាតួទេព​ធីតា​ឆ្នាំថ្មីក្នុងពិធីអង្គរសង្រ្កាន្ដឆ្នាំ២០២៣ នៅខេត្តសៀមរាប និងធ្វើជាតួអ្នករាំ​ក្បាលទូក ក្នុងពិធី​បុណ្យអុំទូក នៅខេត្តសៀមរាប ឆ្នាំ២០២៣ ជាដើម ។ដោយឡែកថ្មីៗនេះវិញកញ្ញាគីមលាង ក៍បានលេចមុខក្នុងស្ពតពាណិជ្ជកម្មដ៍ធំមួយរបស់រថយន្ដទំនើបRange Rover 2024 ដែល​តាមព័តមានថានាងទទួលបានតម្លៃខ្លួនខ្ពស់ពីការផ្សព្វផ្សាយមួយនេះ ព្រោះកន្លងមកក្រុម​ហ៊ុន​មួយនេះនៅខ្មែរមិនដែលជ្រើសតារាសម្ដែងណាឃោសនារថយន្ដរបស់ខ្លួនដូចក្រុមហ៊ុនផ្សេងទេ ប៉ុន្ដែពួកគេបានជ្រើសយកនាដការីដ៍ស្រស់ស្អាត​ដែលសាកសមជាមួយផលិត​ផលរបស់​គេតែម្ដង ។

 ឆ្លើយតបសំណួរថាតើកញ្ញាគីមលាង ស៊ីថ្លៃប៉ុន្មានក្នុងការថតស្ពតរថយន្ដRange Rover 2024 នោះនាងថាមិនអាចប្រាប់ពីតម្លៃបានទេ ព្រោះខ្លាចមានការប្រៀបធៀប​គ្នារវាង​នាងទៅអ្នកផ្សេង។

 សុខគា គីមលាង វាចាថា”ខ្ញុំត្រូវបានខាងក្រុមហ៊ុនRange Rover ជ្រើសរើសឲ្យថត​ផ្សាយពីរថយន្ដមួយនេះដោយសារតែខាងគាត់អាចស្គាល់ពីBack Ground របស់ខ្ញុំ និងម្យាង​ខ្ញុំជាអតិថិជនរថយន្ដនិងប្រើប្រាស់រថយ​ន្ដនេះឆ្នាំ២០២២ មុនប្ដូររូបរាង ។ខ្ញុំធ្វើការ​ជាមួយ​គាត់​អត់មាន​កុង​ត្រាទេ ហើយខ្ញុំក៍មិនអាចប្រាប់ពីតម្លៃខ្លួនបានដែរ សុំលាក់ ពិតជាមិនអាចប្រាប់​បាន​មែន តែជាតម្លៃមួយ​ជាទី​គាប់ចិត្ត។ចំពោះមូលហេតុដែលខ្ញុំមិនអាចប្រាប់ពីតម្លៃ​បាន​ដោយ​សារតែខ្ញុំមិន​ចង់ឲ្យមាន​ការ​ប្រៀបធៀប”។

 សុខគា គីមលាង អាយុ២៥ឆ្នាំ ធ្លាប់ប្រាប់ថានាងមានរូប​សម្រស់ពី​ធម្មជាតិ​ទាំង​ស្រុង គ្មានការកែច្នៃ ឬវះកាត់ផ្នែកណាមួយឡើយ ។មុនឈានចូលថតភាពយន្ដស្រីស្អាត​រូប​នេះ​ធ្លាប់លេចមុខតាមMV និងថតឲ្យសម្អាងការមួយចំនួន ហើយក្រៅពីការងារសិល្បៈ​នាងជា​គ្រូរ​បាំបុរាណ និងរបាំព្រះរាជទ្រព្យនៅសាលាមធ្យមវិចិត្រសិល្បៈ ផងដែរ ។ស្រីសស់ថានាង​មិន​​ទាន់​មានគូស្នេហ៍ឡើយ ហើយនាងក៍មិនមែនជាកូនកាត់សាសន៍ណាដូចគេសង្ស័យដែរ តែជាកូនខ្មែរសុទ្ធ​សាធដែលបានហាត់របាំបុរាណ និងរបាំព្រះរាជទ្រព្យរយៈពេល១៦​ឆ្នាំមក​ហើយ មុនក្លាយទៅ​ជា​គ្រូ​គេដូចសព្វថ្ងៃ ៕

RELATED ARTICLES