អ្នកប្រដាល់ ឡុង សុភី ក្លឹបសាលវ័ន្តកីឡាប៉ះអ្នកប្រដាល់ថៃ Super Chhai ក្នុងទម្ងន់៦៧គីឡូក្រាម រីឯអ្នកប្រដាល់ឡៅ ចិត្រា ក្លឹបកងពលតូចឆត្រយោង៩១១ ស្វាគមន៍អ្នកប្រដាល់ថៃ Chan Phub ក្នុងប្រភេទទម្ងន់៥៤ គ.ក្រ នៅលើសង្វៀនSEATV នារសៀលថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ញាណ សុធី គ្រប់គ្រងសង្វៀនSEATVបាននិយាយថា ឡុង សុភី ជាអ្នកប្រដាល់ដែលមានចិត្តប្រដាល់ធំ ហ៊ានវាយប្តូរជាមួយគូប្រកួតដោយមិនញញើតនោះឡើយ ដើម្បីប្តូរយកជ័យជ្ននះ នៅពេលដែលស្ថានភាពប្រកួតរបស់គេមានសភាពចាញ់ប្រៀបគូប្រកួត គឺគេប្តូរហើយ ។ Super Chhai វិញខ្លាំងជាងសុភី ដាច់ ព្រោះអ្នកប្រដាល់ថៃរូបនេះ ខ្ពស់ ដៃជើងវែងជាង ហើយថែមទាំងវាយមានផ្លែល្អជាងឡុង សុភី ថែមទៀត ហើយ Super Chhai ធ្លាប់វាយឈ្នះ ឡុង សុភី ដោយពិន្ទុចំនួន៣លើកមកហើយ ។ សម្រាប់អ្នកប្រដាល់ឡុង សុភី រំពឹងយកឈ្នះលើ Super Chhai តិចណាស់ ទោះបី ឡុង សុភី មានកម្លាំងកាយសម្បទាមិនដូចពីមុននោះឡើយ ។
Super Chhai ជាអ្នកប្រដាល់ដែលមកប្រកួតនៅស្រុកខ្មែរច្រើនលើកជាងគេ គឺចំនួន១៣ ដោយវាយឈ្នះ៨លើក ស្មើ១លើក និងចាញ់៣លើក ។ Super Chhai មានប្រវត្តិប្រកួត១២១លើក ឈ្នះ១០៤លើក ចាញ់១៥លើក និងស្មើ២លើក ខណៈឡុង សុភី មានប្រវត្តិប្រកួតចំនួន១២៩លើក ឈ្នះ៩៦លើក ចាញ់២៥លើក និងស្មើ០៨លើក ។
ដេាយឡែកអ្នកប្រដាល់ ឡៅ ចិត្រា ក្លឹប កងពលតូចឆត្រ័យោង៩១១ ស្វាគមន៍អ្នកប្រដាល់ថៃ Chan Phub ក្នុងប្រភេទទម្ងន់៥៤ គ.ក្រ ។ Chan Phub នេះ ជាអ្នកប្រដាល់ចំណូលថ្មីក្នុងទឹកដីកម្ពុជា តែជាអ្នកប្រដាល់ជើងចាស់នៅស្រុកថៃ។ កីឡាកររូបនេះ មានប្រវត្តិប្រកួតចំនួន៥៤លើក ឈ្នះ៤៩លើក ចាញ់៤លើក និងស្មើ១លើក រីឯឡៅ ចិត្រា មានប្រវត្តិប្រកួត៤២លើក ឈ្នះ៣៦លើក ចាញ់៤លើក និងស្មើ២លើក ។ ឡៅ ចិត្រា ជាអ្នកប្រដាល់ដែលមានអំណោយផលល្អខាងកាយសម្បទា ថែមទាំងមានកណ្តាប់ដៃ ជង្គង់ និងកែងល្អទៀត។
ចំពោះប្រកួតអ្នកប្រដាល់ វ៉ែន ហុងជីវ៉ុង ក្លឹបកងកេងមានរិទ្ធិ ប៉ះអ្នកប្រដាល់ មាស សុជាតិ ក្លឹបក្រុងប៉ោយប៉ែត ក្នុងទម្ងន់៦៥គីឡូក្រាម និងអ្នកប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លឹបព្រៃទទឹងខេត្តបាត់ដំបងជួបអ្នកប្រដាល់ សង់ គង់ ក្លឹបអេភូថងកីឡា ក្នុងទម្ងន់៥៧គីឡូក្រាម ៕