Sunday, September 8, 2024
Homeតារាខ្មែរស្រីក្មេងអាង សុជាតា ៖អាយុ២០ឆ្នាំ ថត​បាន៥០រឿង

ស្រីក្មេងអាង សុជាតា ៖អាយុ២០ឆ្នាំ ថត​បាន៥០រឿង

ភ្នំពេញ៖តារាសម្ដែងវ័យក្មេងអាង  សុជាតា ហៅឈូឈូ បានប្រាប់”នគរធំ “តាមទូរស័ព្ទ​កាលពី​ពេលថ្មីៗនេះថាគិតមកដល់ឆ្នាំ២០២៤ នេះនាងបានថតភាពយន្ដសរុបទាំងអស់ខ្ទង់​ពី៤០ទៅ​៥០ រឿង​មកហើយ ។ឈូឈូ រៀបរាប់ថានាងបានចាប់ផ្ដើមថតរឿងតាំងពីអាយុ៦-៧ឆ្នាំ ម្លេះ ប៉ុន្ដែ​នៅ​អាយុ១៣ឆ្នាំ នាងផ្អាកមួយរយៈ ហើយក្រោយមកក៍បានថតសកម្ម​ឡើងវិញរហូតមក​ដល់​បច្ចុប្បន្ន ។នាងថាទេពកោសល្យ បូករួមទាំងការមានម្ដាយគាំទ្រ បណ្ដុះបណ្ដាល​នៅ​ក្រោយ​​ខ្នង​ទើបធ្វើឲ្យនាងឈានទៅសម្ដែងភាពយន្ដដោយរលូន​ជាច្រើនឆ្នាំមកនេះដោយគ្មាន​ឧប​ស័គ្គ​។សម្រាប់ឆ្នាំ២០២៤ នេះនាងបានថតរឿងឲ្យហង្សមាស៤រឿងជាតួឯក៣រឿង​គឺ”បង​ធ័ម “,”កញ្ញាម្ទេសខ្មាំង”,”សិស្សកូន១ “និងរឿងដែលមានតួអង្គ៣គូ “ក្រាសតា សង្សារកូន “ដែល​សុទ្ធជារឿងភាគទាំងអស់ ។ដោយឡែកសម្រាប់រឿងដុំវិញនាងថាបានថត​បញ្ចប់​រឿង​”ព្រាយ កូនភ្លោះ “ឲ្យផលិតកម្មមួយ តែមិនទាន់ដាក់បញ្ចាំង។

 ឆ្លើយតបសំណួរថាតើសុជាតា បានធ្វើតួឯកជាបន្ដបន្ទាប់ឲ្យផលិតកម្មហង្សមាស​ក្នុង​ភាពយន្ដភាគនោះដោយ​សារ​តែកញ្ញាមានខ្សែនៅហង្សមាស ឬយ៉ាងណានោះស្រីក្មេង​រូប​នេះ​ថានាងអត់មានខ្សែទុយោអ្វីទាំងអស់ តែមកពីទេពកោសល្យផង ការគោរពពេលវេលា​ផង​ទើប​នាំឲ្យខាងDirector ផ្ដល់ទំនុកចិត្តលើនាងបែបនេះ។នាងបន្ថែមថាមានការបែង​ចែកពេល​វេលា​ច្បាស់លាស់ពីការថតភាពយន្ដ និងការសិក្សារនៅមហាវិទ្យាល័យមួយ ហេតុនេះហើយ​បាន​ជា​នាងចាប់អាជីពសិល្បៈ និងការសិក្សារទន្ទឹមគ្នាបាន ព្រោះសម័យនេះអាចរៀនតាមOnline ក៍​បាន​ដែរ ។

 ឈូឈូ ជាកូនស្រីសំណព្វចិត្តរបស់តារាសម្ដែងសឿនផាន ផាផួង ដែលកាលពីនាង​មាន​អាយុ១៧ឆ្នាំ សុជាតា ទទួលបានកាដូពីម្ដាយជារថយន្ដទំនើបមួយគ្រឿងម៉ាកMG HS 2021តម្លៃជាង៤ម៉ឺនដុល្លារផងដែរជាការលើកទឹកចិត្តដល់នាងក្នុងការប្រឹងធ្វើការសិល្បៈដែលលោកស្រីផាផួង ពេញចិត្តស្នាដៃនាង ។ឈូឈូ ដែលឆ្នាំនេះមានវ័យ២០ឆ្នាំ នោះថានាង​ពេញ​ចិត្ត​ចំពោះការងារសិល្បៈរបស់នាងសព្វថ្ងៃនេះ ប៉ុន្ដែទាក់ទងការថតរឿងវិញនាងមិនចេះ​តែ​សម្ដែង​គ្រប់រឿងនោះទេ ពោលគឺបើរឿងនោះមានឈុតស្នេហាឬស៊ិចស៊ីខ្លាំង នោះនាងក៍មិន​ទទួល​ថតដែរ ខណៈដែលម្ដាយនាងក៍មិនអនុញ្ញាតិ្ដឲ្យនាងសម្ដែងឈុតទាំងនោះដែរ ។

 ឈូឈូ ថាក្រៅពីមមាញឹកការថតភាពយន្ដ នាងក៍ត្រូវធ្វើរឿងចាំបាច់មួយ​ទៀតដែរ​នោះ​គឺព្យាយាមសម្រកទម្ងន់ពី៤៨ គ.ក្រ មកត្រឹម៤៥ គ.ក្រ ដែលជាគីឡូមួយនាងស្រលាញ់។​ទាក់​ទងរឿងស្នេហាវិញសុជាតា ដែលធ្លាប់តែស្និតស្នាលជាមួយម្ចាស់ពានThe Voice Kids Cam​bo​dia រដូវកាលទី២ លោកទេព ពិសិដ្ឋ រហូតមានគេសង្ស័​យ​ថាពួកគេជាគូសង្សារនិងគ្នានោះ​វា​ចា​​ថា​តាម​ពិត​ទំនាក់ទំនង​នោះ​គឺគ្រាន់តែធម្មតាៗប៉ុណ្ណោះ អត់មានអ្វីលើសពីមិត្តរួម​អាជីព​ឡើយ​ ។ឈូឈូ បន្ថែមថារយៈពេលចុង​ក្រោយនេះនាងនិងពិសិដ្ឋ ក៍មិនបានថតMV ជាមួយ​គ្នាដែរ ព្រោះនាងចេញថតរឿងច្រើន​ជាង​ខារ៉ាអូ នៅដើមឆ្នាំ២០២៤ នេះ។

 ឈូឈូ ស្ថិតក្នុងចំណោមតារាវ័យក្មេងដែលកំពុងតែដើតាមគន្លង​របស់ម្ដាយខ្លួន ហើយ​នាងមានឱកាសច្រើន​ទៀតដើម្បីសាងកេរ្ដិ៍ឈ្មោះក្នុងសិល្បៈឲ្យកាន់តែល្បីថែមទៀត។យ៉ាងណា​​​គេចាំមើលថាតើស្រីក្មេងរូបនេះនាង នឹងជ្រើសរើសគូស្នេហ៍ជាតារាដូចគ្នា ឬបុរសក្រៅ​រង្វង់សិល្បៈ ?

RELATED ARTICLES