ភ្នំពេញៈ លោក សម រង្ស៊ី នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្រ្គោះជាតិ ខណៈដែលលោកកំពុងបន្តនិរទ្ទេសខ្លួននៅក្រៅប្រទេស ។
ក្នុងលិខិតផ្ញើពីទីក្រុងប៉ារីស ទៅគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ថា លោកលាលែងពីតំណែងជាប្រធានគណបក្ស និងពីសមាជិកភាពគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃនេះតទៅ ជាមួយនឹងមូលហេតុផ្ទាល់ខ្លួន ។
ក្រោយប្រកាសលាលែងរបស់លោកសម រង្ស៊ី គណៈអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិ នឹងជួបប្រជុំគ្នា នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៧ ដើម្បីពិភាក្សាពីបញ្ហានេះ ។
ការប្រកាសលាលែងពីប្រធានបក្សប្រឆាំង តាមរយៈលិខិតជាផ្លូវការរបស់លោកសម រង្ស៊ី បានធ្វើឡើងក្រោយប៉ុន្មានម៉ោង ដែលនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃដដែលនោះ លោកបានហៅរដ្ឋសភាគណបក្សប្រជាជនកម្ពុជា ជារដ្ឋសភាទីងមោង ដែលកំពុងតែគិតគូររៀបចំច្បាប់ថ្មីមួយ មានបំណងចង់រំលាយគណបក្សសង្គ្រោះជាតិ ដោយយករូបលោកធ្វើជាលេស។
លោកសម រង្ស៊ី បានបញ្ជាក់់នៅក្នុងហ្វេសប៊ុកនោះថា ” ច្បាប់នេះនឹងរៀបចំឲ្យមានប្រព័ន្ធបក្សតែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនិស្ត។ គេកំពុង តែតុបតែងច្បាប់នេះ ដោយសំដៅមកលើរូបខ្ញុំ ក្នុងឋានៈខ្ញុំជាប្រធានគណ បក្សសង្គ្រោះជាតិ ដោយសារតែគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងតែមួយគត់ ដែលមានតំណាងរាស្ត្រជាប់ឆ្នោតក្នុងរដ្ឋសភា ហើយដែលជាគណ បក្សតែមួយគត់ ដែលអាចប្រកួតឈ្នះគណបក្សប្រជាជនកម្ពុជា បើមានការបោះឆ្នោតត្រឹមត្រូវ ។ តែច្បាប់តុបតែងឡើង ដើម្បីគ្រាន់តែដកហូតតួនា ទីពីសម រង្សីុ នេះ នឹងមិនមានឥទ្ធិពលអ្វីទេ ក្នុងឆាកនយោបាយនៃប្រទេសកម្ពុជា ។ ទោះជាខ្ញុំលះបង់រាល់តួនាទីរបស់ខ្ញុំ ក្នុងជួរគណបក្សក៏ដោយ ក៏ខ្ញុំនៅតែជានិមិត្តរូប តំណាងឲ្យទឹកចិត្តប្រជារាស្ត្រ ដែលប្រឆាំង របបផ្តាច់ការ និងពុករលួយសព្វថ្ងៃ ។ ចំណុចនេះហើយ ដែលមានសារសំខាន់ ក្នុងការកំណត់ទិសនយោបាយ ក្នុងចិត្តរបស់ប្រជារាស្ត្រខ្មែរ ” ។
តំណាងរាស្រ្តជាច្រើន របស់គណបក្សសង្រ្គោះជាតិ បានសម្ដែងការភ្ញាក់ផ្អើល សោកស្ដាយ និងបញ្ចេញនូវអារម្មណ៍ពិតរៀងៗខ្លួន តាមបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញការលាលែងរបស់លោកសម រង្ស៊ី ពីប្រធានបក្សនេះ ។
ក្នុងនោះ លោកគង់ សភា តំណាងរាស្រ្តមណ្ឌលខេត្តស្វាងរៀង បានសរសេរថា ” ខ្ញុំអង្គុុយយំ ហើយសោកស្តាយមេដឹកនាំស្នេហាជាតិ តែខ្ញុំមិនតក់ស្លុត ក្នុងការផ្លាស់ប្ដូរឡើយ រាស្ត្រខ្មែរ មានឆន្ទៈក្នុងការនៅផ្លាស់ប្តួរ ” ។
លោកគង់ បូរ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានសរសេរថា ” វីរភាព និងឧត្តមគតិជាតិរបស់លោកប្រធាន សម រង្សុី ស្ថិតក្នុងបេះដូងខ្មែរស្នេហាជាតិជានិច្ច ការលាលែងបង្ហាញថា លោកប្រធាន មិនកើតជំងឺ ” តួឯក ” ដូចមេដឹកនាំផ្តាច់ការនៅកម្ពុជាសព្វថ្ងៃនេះទេ ?? ” ។
លោកអេង ឆៃអ៊ាង តំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល បានសរសេរថា “ទោះលោកប្រធាន សម រង្សុី អស់ងារជាប្រធានគណបក្សសង្គ្រោះជាតិក៏ដោយ តែនៅក្នុងបេះដូងកូនខ្មែរ លោកប្រធាន នៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែល ” ៕