Sunday, September 8, 2024
Homeតារាខ្មែរ ម៉េង កែវពេជ្ជតា-ចន ច័ន្ទលក្ខិណា បញ្ចប់ស../ង្គ្រាម តាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ

 ម៉េង កែវពេជ្ជតា-ចន ច័ន្ទលក្ខិណា បញ្ចប់ស../ង្គ្រាម តាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ

ភ្នំពេញ ៖ ករណីវិវាទរ៉ាំរ៉ៃ ក្លាយជាសង្គ្រាមក្តៅគគុក រវាងកំពូលតារាចម្រៀងសំឡេងផ្អែម លោកស្រី ម៉េង កែវពេជ្ជតា និងលោកស្រី ចន ច័ន្ទលក្ខិណា តារាសម្តែង ជើងចាស់ ជាអតីតប្រធានសមាគមសិល្បករខ្មែរ ដែលអូសបន្លាយរាប់ឆ្នាំ រហូតឈានដល់ការប្តឹងផ្តល់គ្នាដល់តុលាការនោះ ទីបំផុតបានបញ្ចប់ទាំងស្រុង ដោយសន្តិ វិធី តាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្រោមការសម្របសម្រួលពីលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។

អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានលើកឡើងថា លោកស្រី បានជួបលោកស្រី ម៉េង កែវពេជ្ជតា ផ្ទាល់ កាលពីខែមុន នៅប្រទេសបារាំង និងបានសាកសួរព័ត៌មានលម្អិតរួចរាល់ លោកស្រីក៏បានជួបលោកស្រី ចន ច័ន្ទលក្ខិណា វិញម្តង កាលពីថ្ងៃ១៩ កក្កដា ឆ្នាំ២០២៤ ដើម្បីសិក្សាពីខ្លឹមសារសាច់រឿងវិវាទឱ្យបានជុំ។ បន្ទាប់មក អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានអញ្ជើញតារាជាគូវិវាទទាំង២ មកជួបមុខគ្នាដោយផ្ទាល់ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីដោះស្រាយ រហូតឈានដល់ការបញ្ចប់វិវាទតែម្តង។

ភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ចប់ជម្លោះដ៏តានតឹងទាំងអស់ និងងាកមកចាប់ដៃគ្នា ធ្វើការងារជាប្រយោជន៍ដើម្បីជាតិ មាតុភូមិ ពិសេសការងារក្នុងវិស័យសិល្បៈ ដ៏ល្អផូរផង់របស់កម្ពុជា។

សូមបញ្ជាក់ថា ជម្លោះដ៏រ៉ាំរ៉ៃរវាងកំពូលតារាទាំងពីរ គឺតារាចម្រៀង ម៉េង កែវពេជ្ជតា និងតារាសម្តែង ចន ច័ន្ទលក្ខិណា បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសា រហូតក្លាយជាសង្គ្រាមសម្តី ឈានដល់ការប្តឹងផ្តល់គ្នាឡើង តុលាការ ដោយភាគីទាំងសងខាង សុទ្ធតែមានការប្តេជ្ញាស៊ូស្លាប់ តតាំងគ្នាដល់ទីបញ្ចប់។

ដោយមើលឃើញពីស្ថានការណ៍កាន់តែអាក្រក់បែបនេះ ទើបអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួល ប្រកបដោយភាពម៉ឺងម៉ាត់និងតម្លាភាព ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ ទាំងសងខាង។

ក្នុងនាមថ្នាក់ដឹកនាំសមគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានថ្លែងការកោតសរសើរចំពោះស្មារតីចូលរួមរបស់សិល្បការិនី ទាំង២រូបនេះ ដោយសង្ឃឹមថា ចាប់តាំងពីពេលនេះតទៅអនាគត សង្គមសិល្បករ ពោរពេញដោយភាពស្ងប់ស្ងាត់ ក្នុងស្មារតីយោគយល់ អធ្យាស្រ័យគ្នា ប្រកបដោយការរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ។

យោងតាមកិច្ចព្រមព្រៀងសះជា បញ្ចប់វិវាទ រវាងលោកស្រី ម៉េង កែវពេជ្ជតា និងលោកស្រី ចន ច័ន្ទលក្ខិណា ដែលធ្វើឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

ភាគីទាំងពីរតែងតែមានភាពរកាំរកូសជាច្រើនឆ្នាំ ទាំងតាមរយៈបណ្តាញសង្គម និងឬតាមផ្លូវតុលាការនានា។ ក្រោមអធិបតីភាពនិងការសម្របសម្រួលពីសំណាក់ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ផ្អែកតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ភាគីទាំងសងខាង ក៏ព្រមព្រៀងក្នុងការសះជា ដើម្បីបញ្ចប់វិវាទដែលមានជាមួយគ្នាកន្លងមក ដោយបានព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌដូចខាងក្រោម ៖

ប្រការ១ ៖ កម្មវត្ថុនៃកិច្ចព្រមព្រៀង

១.១- ភាគីទាំងអស់ បានព្រមព្រៀងគ្នាបញ្ចប់រាល់វិវាទទាំងអស់ ដែលមានកន្លងមកជាមួយគ្នា តាមផ្លូវតុលាការ និងក្រៅផ្លូវតុលាការ ទាំងអស់ រវាងគូភាគី គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះតទៅ។

១.២- ភាគីទាំងអស់ យល់ព្រមបញ្ចប់វិវាទទាំងអស់ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌដូចខាងក្រោម ៖

១.២.១- ចាប់ពីថ្ងៃដែលចុះកិច្ចព្រមព្រៀងនេះទៅ ចំពោះករណីថ្មី ឬករណីដដែលនេះដែលនៅតែមានមន្ទិលសង្ស័យ ឬមិនទាន់ទទួលបានការដោះស្រាយដោយផ្ទាល់ខ្លួន និងតាមរយៈសមាគមសិល្បករខ្មែរ ភាគីទាំងសងខាង ព្រមព្រៀងមិនឡាយ (live) មិនបកស្រាយ មិនឈ្លោះ មិនឌឺដងដោយផ្ទាល់ ឬប្រយោលណាមួយ តាមរយៈបណ្តាញសង្គម ឬតាមមធ្យោបាយណាមួយផ្សេងទៀតឡើយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ភាគីម្ខាងទៀត ឬកិត្តិយសរបស់សមាគមសិល្បករខ្មែរ ឬអ្នកតំណាងរបស់សមាគមសិល្បករខ្មែរឡើយ។

 ១.២.២- ភាគីទាំងសងខាង មិនត្រូវបញ្ឆេះអ្នកគ្រាំទ្រ (fan) និងមហាជនរៀងៗខ្លួន ឱ្យមានការឈ្លោះប្រកែក ឬជេរគ្នា ធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងសង្គម អំពីទំនាក់ទំនងភាគីទាំងសងខាងឡើយ។

១.២.៣- ភាគីទាំងសងខាង ត្រូវព្យាយាមការពារកិត្តិយសឱ្យគ្នាទៅវិញទៅមក ក្នុងនាមជាសិល្បករឆ្នើមរបស់ប្រទេសកម្ពុជា។

១.២.៤- ភាគីទាំងសងខាងអនុញ្ញាតឱ្យសមាគមសិល្បករខ្មែរ ធ្វើការផ្សព្វផ្សាយជាសាធារណៈអំពីការ សម្របសម្រួលនេះ។

ប្រការ២ ៖ សិទ្ធិ និងកាតព្វកិច្ចរបស់គូភាគី

២.១- ភាគី “ក” ព្រមព្រៀងផ្តិតមេដៃលើពាក្យដកពាក្យបណ្តឹងនានាដែលពាក់ព័ន្ធនឹងភាគី “ខ”។

២.២- ភាគី “ខ” ព្រមព្រៀងមិនធ្វើការប្តឹងតបតទៅកាន់ភាគី “ក” ណាមួយឡើយ នៅពេលដែលរឿងនេះត្រូវបានបញ្ចប់។

ប្រការ៣ ៖ ភាសា

កិច្ចព្រមព្រៀងនេះ ត្រូវរៀបចំតាក់តែងនិងអនុវត្តជាភាសាខ្មែរ។

ប្រការ៤ ៖ ការដោះស្រាយវិវាទ

៤.១- កិច្ចព្រមព្រៀងនេះ ត្រូវគ្រប់គ្រងនិងបកស្រាយដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

៤.២- គូភាគីព្រមព្រៀងដោះស្រាយវិវាទដែលកើតចេញពី ឬទាក់ទងនឹងកិច្ចព្រមព្រៀងនេះ ដោយត្រូវជូនដំណឹងមកកាន់សមាគមសិល្បករខ្មែរ ជាមុនសិន និងត្រូវទទួលការចរចាឱ្យអស់លទ្ធភាព ក្រោមការដឹកនាំសម្របសម្រួលពីសំណាក់សមាគមសិល្បករខ្មែរ។

៤.៣- ក្នុងករណីដែលវិវាទនៅតែមិនអាចដោះស្រាយបាន តាមវិធានខាងលើ ទើបវិវាទនោះត្រូវបញ្ជូនទៅដោះស្រាយដោយតុលាការ នៃព្រះរាជាណាចក្រកម្ពុជា។

ប្រការ៥ ៖ កិច្ចព្រមព្រៀងទូទៅ

៥.១- កិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយការព្រមព្រៀងជាក់លាក់ ពិតប្រាកដ និងសេរីរបស់ភាគីទាំងពីរ។ ភាគីទាំងពីរបានអាននិងបានយល់ពីខ្លឹមសារនៃកិច្ចព្រមព្រៀង និងផ្តិតស្នាមម្រាមដៃរបស់ខ្លួន ទុកជាភស្តុតាងចំពោះមុខច្បាប់។

៥.២- កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងជាភាសាខ្មែរ ចំនួន ០៤ (បួន) ច្បាប់ ដោយភាគីនីមួយៗ រក្សាទុកមួយច្បាប់ម្នាក់ សមាគមសិល្បករខ្មែរ ចំនួន ០១ (មួយ) ច្បាប់ តម្កល់ទុកនៅការិយាល័យមេធាវី ចំនួន ០១ (មួយ) ច្បាប់។

ដើម្បីជាសក្ខីភាព គូភាគីយល់ព្រមចុះហត្ថលេខា និងផ្តិតស្នាមម្រាមដៃទុកជាភស្តុតាងតាមច្បាប់…៕ 

RELATED ARTICLES