Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមជ.../ល់មាន់ វ៉ៃ.../ប៉ូលិស ជា.../ប់.../ខ្នោះ៧

ក្រុមជ…/ល់មាន់ វ៉ៃ…/ប៉ូលិស ជា…/ប់…/ខ្នោះ៧

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែង ១ក្រុម បានសម្ងំពពាក់ពូនភ្នាល់បញ្ជល់មាន់ នៅក្នុងដីឡូត៍ ១កន្លែង លុះសមត្ថ កិច្ចចុះបង្ក្រាប ស្រាប់តែក្រុមជនសង្ស័យព្យាយាមតដៃ វាយសមត្ថកិច្ចដែលកំពុងចុះប្រតិបត្តិការ ទីបំផុតត្រូវសមត្ថកិច្ចចាប់ក្របួចបាន ៧នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់ជល់មាន់) និងប្រឆាំងអ្នករាជការសាធារណៈ (ប្រើអំពើហិង្សាលើសមត្ថកិច្ច) នេះ បានធ្វើឡើង កាលពីម៉ោង២រសៀល ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍ ១កន្លែង ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះមាន ស៊ីនាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (ភ្នាក់ងារ)។ ទី២-ឈ្មោះហេង គ្រីស្នា ហៅក្រៅ វង្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ប្រឆាំងអ្នករាជការ តដៃវ៉ៃប៉ូលិស)។ ទី៣-ឈ្មោះ ជួន តូ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (អ្នកលេង)។ ទី៤-ឈ្មោះ ឈីន តី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់នំប៉័ង ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ។ ទី៥-ឈ្មោះយេង ទីន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ទី៦-ឈ្មោះជិន សុឃាង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី៧-ឈ្មោះសៀក ផាន់នី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ចំពោះសម្ភារៈដកហូត រួមមាន លុយ ចំនួន១០ម៉ឺនរៀល មាន់ជល់ ចំនួន១ក្បាល ខ្នាយដែកចំនួន១គូ និងទូរស័ព្ទ ចំនួន៧គ្រឿង។

បច្ចប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES