ភ្នំពេញ៖តារាចម្រៀងដែលមានសម្រស់លេចធ្លោនៅផលិតកម្ម GenMusix កញ្ញាSK (លៀង) កំពុងធ្វើឲ្យយុវវ័យជាច្រើនចាប់អារម្មណ៍ ព្រោះតែរូបរាងនាងស្រដៀងគ្នា ទៅនិងតារាល្បី ល្បាញលំដាប់ថ្នាក់ពិភពលោករបស់កូរ៉េខាងត្បូងនាងJisoo សមាជិករបស់ក្រុម ចម្រៀង Blackpink រហូតមានការលើកឡើងថាតារាសាច់សខ្ចីរូបនេះមានការតុបតែងខ្លួនយកស្ទីលតាមតារាស្រីកូរ៉េ រូបនេះទៀតផង ។ដោយឡែកអ្នកជំនាញសិល្បៈបានលើកឡើងថាកញ្ញាSK លេងខ្លួនបែបនេះធ្វើឲ្យហង្សមាសមានរាជនីយសម្រស់ដល់ទៅ២ដួងប្រកួតប្រជែងគ្នាហើយនោះគឺរូបនាងនិងកញ្ញារ៉េត ស៊ូហ្សាណា ។
លោករ៉េ (Mr.Ray )ជាអ្នកគ្រប់គ្រងតួ និងទីផ្សាររបស់ផលិតកម្មGenMusix បានឲ្យដឹងថាកញ្ញាSK បានចេញបទចម្រៀងនៅផលិតកម្មនេះចំនួន២បទហើយ នឹងនៅពេលខាងមុខនេះត្រៀមចេញMV ទ្រង់ទ្រាយធំមួយបទទៀត ដែលមានការសម្ដែងរឹតតែអស្ចារ្យ ជាមួយតារាថ្មីម្នាក់ទៀតតែលោកមិនអាចប្រាប់បាននៅពេលនេះ។អ្នកគ្រប់គ្រងរបស់SK រូបនេះបន្ថែមថាតារារបស់លោកមិនបានតុបតែងខ្លួនយកស្ទីលតាមតារាណាទេ តែជាការច្នៃប្រឌិតរកអ្វីដែលគួរឲ្យចាប់អារម្មណ៍ ព្រោះខាងលោកមានក្រុមការងាររៀបចំឲ្យតារា។ប៉ុន្ដែលោកក៍ធ្លាប់ឭគេថាSK ដូចទៅនិងតារានេះតារានោះជាបន្ដបន្ទាប់ដែរ ដែលនោះជាការយល់ឃើញរបស់ទស្សនិកជន តែSKក៍ជាFan របស់K.Pop ម្នាក់ដែរ។ចំណែកទាក់ទងរឿងគេថាហង្សមាសមានស្រីស្អាតដាច់គេ២ដួងគឺSK និងនាងរ៉េត ស៊ូហ្សាណា នោះលោកថាលោកមិនបានដឹងរឿងនេះឡើយ ។
SK ឬកញ្ញាអៀង បានចាប់ដៃគូស្នេហ៍របស់នាងលោកសុខ វិបុល ហៅStep ទាំងនៅMV និងលើឆាកតន្រ្ដី ខណៈដែលកាលពីខែមុនលោកវិបុល ក៍បានប្រកាសសារភាពស្នេហាលើនាងទាំងនៅលើឆាកផងដែរ ដែលធ្វើឲ្យប្រុសៗគ្រឺតក្នាញ់សម្រស់នាងខកចិត្ត ព្រោះថាស្រីក្មេងរូបនេះមានអង្គរក្សបេះដូងតាមការពារគ្រប់ជំហ៊ានទាំងអស់ ។
ឆ្លើយតបសំណួរថាតើតារារបស់ខ្លួនប្រកាសស្រលាញ់គ្នាលើឆាកបែបនេះអាចប៉ះពាល់ដល់ទីផ្សារចម្រៀងឬអត់នោះលោករ៉េ ថានោះជារឿងឯកជនរបស់តារា លោកមិនវែកញែកចំពោះរឿងមួយនេះទេ ។លោកថាSK បទចម្រៀងរបស់នាងផ្ដោតទៅលើយុវវ័យ ប៉ុន្ដែបទខ្លះវ័យកណ្ដាលក៍អាចស្ដាប់បានដែរ ហើយទើបតែចេញបាន២បទ ព្រោះតែខាងលោកចង់ផលិតបទចម្រៀងយកគុណភាព មិនមែនយកបរិមាណនោះទេ ។អ្នកគ្រប់គ្រងតារានៅGenMusix រូបនេះបន្ថែមទៀតថាលោកមានការរំពឹងថា បទចម្រៀងរបស់Sk នាពេលខាងមុខនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍កាន់តែច្រើនព្រោះ ក្រុមការងារលោកមានការសម្រិតសម្រាំងជាពិសេសសម្រាប់នាងមុននឹងចេញបទនីមួយៗលើទីផ្សារ។
តាមព័តមានថាដោយសារតែកញ្ញាSK មានរូបសម្រស់ស្អាតទើបធ្វើឲ្យបណ្ដារក្រុមហ៊ុនជាច្រើនចង់បាននាងធ្វើជាBA ឃោសនាឲ្យផលិតរបស់គេ ប៉ុន្ដែរឿងនេះហាក់ពិបាកបន្ដិច ព្រោះផលិតកម្មGenMusic ឬហង្សមាសនេះកំណត់តម្លៃតារារបស់ខ្លួនខ្ពស់ជាងតារានៅផលិតកម្មដ៍ទៃទៀត ។
លោកRay ទទួលស្គាល់ថារឿងនោះការពិត គឺប្រាកដជាមានក្រុមហ៊ុន និងផលិតផលច្រើនទាក់ទងចង់បានកញ្ញាSK ធ្វើជាអ្នកតំណាងរបស់ខ្លួនមែន តែខាងGenMusic កំណត់តម្លៃមួយច្បាស់លាស់ ហេតុនេះទាល់តែត្រូវតាមល័ក្ខខណ្ឌ ទើបយើងទទួលការងារនោះ។
ក្រៅពីSK ភ្ជាប់ស្នេហ៍ជាមួយលោកStep នោះនៅហង្សមាសក៍មាននាងប៉ាច គីមមួយ ជាគូដណ្ដឹងរបស់លោកសយ រតនៈ ដែរ ។ប៉ុន្ដែមិនទាន់មានដំណឹងថានាងSK នឹងហ៊ានដឹកដៃលោកStep ភ្ជាប់ពាក្យ ឬត្រៀមចូលរោងការនៅពេលណាឡើយ ៕