Friday, October 18, 2024
Homeតារាខ្មែរធែល ថៃ ៖អត់គម្រោងលេងរឿងទី៣

ធែល ថៃ ៖អត់គម្រោងលេងរឿងទី៣

ភ្នំពេញ៖ម្ចាស់ពានThe Voice Cambodia រដូវកាលទី២ លោកធែល ថៃ ជ្រកនៅហង្សមាស​៨ឆ្នាំ​មកហើយដែលលោកថៃ ជាប់កុងត្រាជាមួយផលិតកម្មនេះតែ២ឆ្នាំទៀតប៉ុណ្ណោះ ខណៈ​ដែល​ការចចារលើកុងត្រាថ្មីនៅមិនទាន់បានត្រៀមនៅឡើយ ។ដោយឡែកអ្នកគាំទ្រលោកធែល ថៃ ថាតារាចម្រៀងរូបនេះនៅមិនទាន់បានបញ្ចេញសម្ថភាពអស់ទេ ព្រោះតែបទចម្រៀង​មិន​មានដិត​ដល់លើទីផ្សារ ។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៣ កក្កដា លោកថៃ ថានៅឆ្នាំ២០២៤ នេះ​លោកទទួលបានបទចម្រៀងថ្មីជាបន្ដបន្ទាប់ទាំងនៅដើមនិងចុងឆ្នាំនេះ តែក្នុងនោះបទខ្លះ​ក៍​លោត ខ្លះក៍មិនសូវស្ទុះ ដែលនេះជារឿងធម្មតាទៅហើយ ។ប៉ុន្ដែលោកថាថ្មីៗ​ខ្លួនបានអភិ​វឌ្ឍន៍​​សម្ថភាពបន្ថែមពីលើច្រៀងនោះគឺចេះធ្វើភ្លេងដោយខ្លួន​ឯងទម្លាក់ទៅឲ្យខាងក្រុមហ៊ុន ។

 ទាក់ទងរឿងថាលោកធែល ថៃ នៅហង្សមាសជិត១០ឆ្នាំ មិនទាន់បញ្ចេញសម្ថភាព​អស់​នោះលោកបានឆ្លើយថាបទខ្លះមានការគាំទ្រច្រើន បទខ្លះការគាំទ្រមានកម្រិត តែនៅ​ឆ្នាំ២០២៤ នេះលោកទទួលបានបទចម្រៀងច្រើន​ជាងឆ្នាំមុន​ៗ។ចំណែក​រឿង​ថាតើលោកថៃ នឹងបន្ដច្រៀងឲ្យហង្សមាសតទៅទៀត ឬចាកចេញពេលផុតពីកុងត្រា​នៅឆ្នាំ​២០២៦ ខាង​មុខ​នេះលោកថាដោយសារតែពេលវេលានៅច្រើនដែរ ហេតុនេះលោកមិនទាន់​គិតដល់ចំណុច​នេះទេ ។

 ធែល ថៃ លើកពានThe Voice Cambodia 2016 បន្ទាប់ពីលោកប៊ុត សីហា ហើយបទ​ដែល​លោកល្បីជាងគេគឺ”ចង់ទៅ ទៅៗ” ខណៈលោកថៃ ក៍ឈានទៅថតភាពយន្ដបាន២​រឿង​ផងដែរ គឺរឿង”រាជបុត្រកង្កែប “និងរឿង”រាជនីយភូមិគ្រិះ “។ប៉ុន្ដែលោកថៃ ថាគ្មានគម្រោងថត​រឿងទី៣ នោះទេ ព្រោះថាការថត២រឿងកន្លងមកលោកឃើញខ្លួនឯងឆ្គងៗច្រើន។

តារាហង្សមាសរូបនេះថ្លែងថា”ការថតភាពយន្ដចំណាយពេលច្រើន ចុះខេត្តទៀត ហេតុនេះយើងត្រូវការពេលវេលាគ្រប់គ្រាន់ មិនដូចច្រៀងConcerts ទេ។ខ្ញុំថត២​រឿង​នោះហើយអត់មានគម្រោងថតរឿងទី៣ទេ ព្រោះខ្ញុំមើលទៅខ្លួនឯងនៅឆ្គងៗច្រើន ប៉ុន្ដែ​ខ្ញុំគិតថាខ្លួនលេង​រឿងបុរាណ”រាជនីយភូមិគ្រិះ”បានល្អជាងរឿងសម័យ”រាជបុត្រកង្កែប ។ខ្ញុំចង់ផ្ដោត​និង​ពង្រឹងវិស័យចម្រៀង ច្រើនជាងថតភាពយន្ដ ព្រោះយើងជាអ្នកចម្រៀង​ មិនមនថតអាជីពទេ” ។

 ក្រៅពីគ្មានផែនការណ៍លេងរឿងថ្មីៗថែមទៀតនោះលោកធែល ថៃ ដែលពីមុនធ្លាប់​ច្រៀងនា​ពេលរាត្រីតាមPub មួយចំនួននោះថាលោកមិនមានការធ្វើការងារនោះពេលយប់ទេ ព្រោះតែ​គ្មានពេលវេលាគ្រប់គ្រាន់ មិន​មែនលោកខ្លាចថាម្ចាស់ពានច្រៀងពេលយប់ធ្លាក់កូដ ឬប្រ​ឈមភ្ញៀវហៅផឹកស្រវឹងនោះទេ តែមកពីលោកមិនទាន់មានពេលវេលាធ្វើការយប់ តែ​ការងារ​ប្រភេទនេះ​ពីមុនលោកបានឆ្លងកាត់អស់ហើយ ។

 គួរបញ្ជាក់ថាធែល ថៃ ក្រោយក្លាយទៅជាតារាហង្សមាស៨ឆ្នាំនេះលោកថាធ្លាប់​បាន​ចេញ​ទៅ​ច្រៀង​សម្ដែងនៅក្រៅស្រុកតែប្រទេសកូរ៉េ និងថៃ ប៉ុន្ដែមិនទាន់បានចេញទៅ​ច្រៀង​នៅប៉ែកអ៊ឺរ៉ុបទេ បើ​ទោះជាលោកអាចច្រៀង​បទមរតកដើមបានក្ដី ។

 លោកថៃ ថ្លែងថា”ធ្លាប់មានគេទាក់ទងហៅឲ្យទៅច្រៀងនៅអ៊ឺរ៉ុបដែរ តែគេសួរចោលៗ អត់ច្បាស់លាស់ ។ខ្ញុំចង់ទៅច្រៀងនៅអ៊ឺរ៉ុបដែរ ព្រោះចង់ស្គាល់ស្រុកគេផង ចង់ជួបជុំបង​ប្អូន​ខ្មែរនៅទីនោះដែរ តែឱកាសមិនទាន់ហុចឲ្យ។

 ធែល ថៃ ជាបុរសស្លូតបូតសុភាពរាបសារម្នាក់ដែលមិនធ្លាប់មានរឿងអាស្រូវទេ តែ​លោក​ធ្លាប់បង្ហើបថាមានម្ចាស់ស្នេហ៍ហើយ។យ៉ាងណាគេមិនដែលឃើញលោកថៃ បណ្ដើរ​គូស្នេហ៍​ជា​ចំហម្ដងណាឡើយ ស្របពេលដែលមិត្តរួមអាជីពលោកនី រតនា ការប្រពន្ធ៦ឆ្នាំ បានកូន៣​នាក់ទៅហើយ ៕

RELATED ARTICLES