ខេត្តសៀមរាប ៖ ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរអប្សរា បានធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកបុរាណ មួយកន្លែង នៅក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក។

បុរាណវិទូ នៃអាជ្ញាធរអប្សរា លោក សួម សុភា ឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកសម័យ បុរាណ ក្នុងតំបន់អតីតរាជធានីអង្គរនេះ គឺបំណងដើម្បសិក្សាឱ្យស៊ីជម្រៅ ពីឧស្សាហកម្មស្លដែក ការផលិតដែក ព្រមទាំងចង់ដឹងពីរចនាសម្ព័ន្ធនៃចង្រ្កានស្លដែករបស់ខ្មែរបុរាណ កាលពីសម័យអង្គរផង ព្រមទាំងជួយបណ្ដុះ បណ្ដាលយុវជនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងពីជំនាញទាំងនោះផង។

ក្នុងការធ្វើកំណាយនៅស្ថានីយស្លដែកសម័យបុរាណនេះ គឺមានយុវជនមកពីវិទ្យាល័យស្រុកប្រាសាទបាគង ចំនួនជាង២០នាក់ ចូលរួមទស្សនាស្វែងយល់ និងសិស្សមកពីសាលាអន្តរជាតិ JPA ចំនួន៤នាក់ទៀត បានចូលរួមហ្វឹកហ្វាត់ផងដែរ។

លោក សួម សុភា បញ្ជាក់ទៀតថា ក្នុងការធ្វើកំណាយស្រាវជ្រាវស្ថានីយស្លដែកបុរាណនេះ ក្រុមការងារបានជីករណ្ដៅ ទំហំ៣ម៉ែត្រ គុណនិង៤ម៉ែត្រ។ នៅក្នុងរណ្ដៅកំណាយ បានប្រទះឃើញរ៉ែដែកតូចៗ បំណែកអាចម៍ដែក បំណែកចង្ក្រាន្ត និងបំណែកកុលាលភាជន៍ផ្សេងៗជាដើម។

ជាលទ្ធផល ក្រុមអ្នកបុរាណវិទ្យា បានសន្និដ្ឋានថា ស្ថានីយស្លដែកបុរាណ នៅក្នុងអតីតរាជធានីអង្គរ ដែលគេបានធ្វើកំណាយស្រាវជ្រាវនេះ បានដំណើរការនៅសម័យអង្គរ។

អ្នកស្រាវជ្រាវយល់ថា ឧស្សាហកម្មស្លដែក សម័យអង្គរ គឺជាវិស័យយ៉ាងសំខាន់មួយ ដែលបានផលិតដែក ធ្វើ ជាឧបករណ៍ប្រើប្រាស់សម្រាប់កសិកម្ម គ្រឿងសាស្ត្រាវុធ ព្រមទាំងបម្រើការឱ្យវិស័យស្ថាបត្យកម្ម ជាដើម ដែលជួយឱ្យចក្រភពខ្មែរ សម័យនោះ មានការរីកចម្រើនជឿនលឿន និងជាកត្តាមួយដែលជំរុញអារ្យធម៌អង្គរថ្កុំថ្កើង។

សូមបញ្ជាក់ថា មុនពេលដែលក្រុមអ្នកបុរាណវិទ្យា បើកកំណាយស្រាវជ្រាវស្ថានីយស្លដែកបុរាណ នៅភ្នំបូកនោះ គឺអ្នកស្រាវជ្រាវបានសិក្សាតាមវិធីវាស់ស្ទង់ ប្រើឧបករណ៍ Gradiometer ដោយបានជំនួយពីសាកលវិទ្យាល័យ Flinders University, Australia ជាមុន ដើម្បីសិក្សាបឋមពីវត្តមាននៃទីតាំងចង្ក្រាន នៅលើស្ថានីយនេះ៕ ខៀវទុំ
