Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ញៀវភ្លេចទូរស័ព្ទ ម្ចាស់កង់បី លួ.../ចដកលុយ១០០ដុល្លារ

ភ្ញៀវភ្លេចទូរស័ព្ទ ម្ចាស់កង់បី លួ…/ចដកលុយ១០០ដុល្លារ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានអះអាងថា នាងបានហៅម៉ូតូកង់បី ១គ្រឿង ជិះរួចក៏ភ្លេចទូរស័ព្ទនៅលើម៉ូតូកង់ បីនោះ ដោយក្នុងស្រោមទូរស័ព្ទ នាងបានសៀតទុកលុយ ចំនួន៣០០ដុល្លារ លុះពេលទាក់ទងម្ចាស់កង់បី យកទូរស័ព្ទមកវិញបាន បែរជាបាត់លុយ ១០០ដុល្លារ និងសង្ស័យអ្នករត់កង់បី ជាអ្នកលួចដកយក តែម្ចាស់កង់បីប្រកែក ធ្វើឱ្យកើតមានជម្លោះតឹងសរសៃកផ្អើលទាំងយប់ តែចុងក្រោយ ម្ចាស់កង់បី ព្រមប្រគល់លុយ ១០០ ដុល្លារ ឲ្យនារីជាភ្ញៀវវិញ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចទល់មុខ ផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមសម្តីនារីជាភ្ញៀវ បានអះអាងថា មុនពេលកើតហេតុ នាងមានគ្នា ២នាក់ បានហៅកង់បី ១គ្រឿង ជិះចេញពីកោះពេជ្រ ទៅកាន់ផ្សាររាត្រីភ្នំពេញ លុះមកដល់គោលដៅ នារីម្នាក់ បានចុះពីលើកង់បី ចំណែកម្នាក់ទៀត កំពុងរាប់លុយឱ្យថ្លៃកង់បី ក៏បានដាក់ទូរស័ព្ទរបស់ខ្លួនលើពូកអង្គុយ ហើយរាប់លុយឱ្យកង់បីរួច ក៏ចុះពីលើកង់បីឥណ្ឌា នោះទៅ។ លុះដើរបានប៉ុន្មានជំហាន ក៏នឹកឃើញថា ភ្លេចទូរស័ព្ទ ក៏បានយកទូរស័ព្ទមិត្តភក្តិដែលមកជាមួយគ្នា ហៅទៅទូរស័ព្ទដៃរបស់នាង។ ពេលហៅចូល បុរសដែលជាអ្នកបើកកង់បីនោះ បានលើកនិយាយ ហើយនាងប្រាប់ឱ្យម្ចាស់កង់បី ជួយយកទូរស័ព្ទមកឱ្យនាងវិញផង ហើយនាងនឹងជូនសគុណចំនួន៥០ដុល្លារ។

នារីជាភ្ញៀវ បានបញ្ជាក់ថា ទូរស័ព្ទដែលភ្លេចនោះ ម៉ាកអាយហ្វូន ដែលមានសៀតលុយចំនួន៣០០ដុល្លារ នៅពីក្រោយទូរស័ព្ទ ផងលុះពេលអ្នករត់កង់បីនោះយកទូរស័ព្ទមកឱ្យនាងវិញ នាងបានប្រញាប់ពិនិត្យមើលលុយដែលសៀតនៅក្រោយទូរស័ព្ទនោះ ស្រាប់តែបាត់អស់១០០ដុល្លារ ទើបសង្ស័យម្ចាស់កង់បីនោះយក និងចង់បានថែមពីលើ ៥០ដុល្លារទៀត។ ភ្លាមៗនោះ នាងបានសុំលុយនោះមកវិញ តែភាគីកង់បី បានបដិសេធ និងប្រកែក ដោយពោលថា “សំណាងហើយ ដែលគាត់មិនយកទូរស័ព្ទនោះ” ទើបមានការភ្ញាក់ផ្អើលនៅមុខផ្សាររាត្រីតែម្តង។

ក្រោយកើតហេតុ ដោយឃើញអ្នកសារព័ត៌មានច្រើនផង និងដោយខ្លាចនារីជាភ្ញៀវប្តឹងផង បុរសដែលជាម្ចាស់កង់បីរូបនោះ យល់ព្រមប្រគល់លុយ ១០០ដុល្លារនោះ ជូននារីជាភ្ញៀវវិញ ទើបនាងឱ្យសគុណ ៥០ដុល្លារ ទៅអ្នករត់កង់បីនោះ ព្រោះបានសន្យាថាឱ្យ ហើយបានបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

RELATED ARTICLES