ភ្នំពេញ៖តារាចម្រៀងរូបស្រស់ចាន់ ឡៃវលក្ខណ៍ ធ្លាប់តែចេញច្រៀងតាមកម្មវិធីរបស់លោកយ៉ែម សំអូន សឹងគ្រប់កម្មវិធីតែម្ដងរហូតមានអ្នកខ្លះថានាងនិងលោកសំអូន ប្រៀបបានក្រុមគ្រួសារតែមួយ ខណៈប្រភពខ្លះថាវលក្ខណ៍ ក៍មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយកូនប្រុសរបស់លោកសំអូន គឺលោកជលសារ ផងដែរ ។ប៉ុន្ដែថ្មីៗនេះគេឃើញឡៃវលក្ខណ៍ បែជាចេញទៅច្រៀងសម្ដែងតាមបណ្ដារកម្មវិធីរបស់លោកអាឡិច ចាន់ត្រា ដែលជាក្រុមហ៊ុនរបស់កម្សាន្ដគួរប្រជែងជាមួយក្រុមហ៊ុនលោកយ៉ែម សំអូន ទៅវិញ អំឡុងពេលដែលលោកជលសារ ដែលជាកូនធ័មរបស់លោកសំអូន ក៍ងាកមកធ្វើជាកូនចៅរបស់លោកអាឡិច ចាន់ត្រា ដូចគ្នា ដែលចំណុចនេះហើយនាំឲ្យមានការសង្ស័យថាឡៃវលក្ខណ៍ មានរឿងធំជាមួយលោកសំអូន ។


ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៥ កក្កដា កញ្ញាឡៃវលក្ខណ៍ បាននិយាយយ៉ាងខ្លីថាពាក់ព័ន្ធរឿងគេថានាងលែងច្រៀងឲ្យកម្មវិធីលោកសំអូន ហើយមកធ្វើការឲ្យលោកអាឡិច ចាន់ត្រា នេះនាងថាសូមមិនបកស្រាយអ្វីទាំងអស់ ដោយអះអាងថារឿងនោះជាឯកជនភាពទៅវិញ។នាងប្រាប់អ្នកយើងព័តមានយើងថាឲ្យមើលឃើញម៉េចថាចឹងទៅ ។នាងថារូបនាងជាតារាចម្រៀងFree- lance អីចឹងអាចច្រៀងឲ្យក្រុមហ៊ុន ឬកម្មវិធីណាក៍បានដែរ ។ប៉ុន្ដែនៅពេលសួរបន្ថែមថាបើលោកយ៉ែម សំអូន ហៅនាងឲ្យច្រៀងវិញតើនាងព្រមទៅច្រៀងឲ្យឬអត់នោះនាងថារឿងនេះក៍មិនអាចនិយាយបានដែរ ។


ចាន់ ឡៃវលក្ខណ៍ មានអាយុ២៣ឆ្នាំកន្លងមកនាងធ្លាប់ចាប់ដៃគូច្រៀងសម្ដែងស៊ីចង្វាក់គ្នាជាមួយតារាចម្រៀងលោកអ៊ាម វន្នី រហូតមានការសង្ស័យថាពួកគេគឺជាគូស្នេហ៍និងគ្នាទៀតផង ប៉ុន្ដែអ្វីៗរឿងនេះបានស្ងាត់បន្ដិចទៅវិញក្រោយវលក្ខណ៍ ថាលោកវន្នី មានគូស្នេហ៍ហើយ ហេតុនេះនាងនិងលោកគ្រាន់តែជាដៃគូធម្មតាប៉ុណ្ណោះ ។វលក្ខណ៍ ប្រាប់ដែរថានាងមិនដែលប្រកាន់ដៃគូទេ ច្រៀងជាមួយតារារូបណាក៍បានដែរ ។


ទស្សនិកជនមើលឃើញថានាងចាន់ ឡៃវលក្ខណ៍ បានចេញបទចម្រៀងច្រើនគួសមនៅលើបណ្ដាញសង្គម និងច្រៀងសម្ដែងតាមកម្មវិធីរបស់ក្រុមហ៊ុនAgency ក៍ញឹកញាប់ដែរ ប៉ុន្ដែគេបែជាមិនដែលឃើញនាងហ៊ានទៅចូលរួមប្រកួតការប្រលងចម្រៀងតាមកម្មវិធីធំៗដូចជាCambodian Idol និងThe Voice Cambodia ជាដើមនោះទេ។ប្រភពបានឲ្យដឹងថាប្រសិនបើវលក្ខណ៍ ចូលរួមប្រកួតវេទិការទាំងនោះទោះជានាងមិនអាចលើកពានបានតែបើឈានទៅដល់Final នាងក៍អាចឈរជើងបាននៅផលិតកម្មហង្សមាស នឹងមានឱកាសពង្រីកទីផ្សារចម្រៀងរបស់ខ្លួនឲ្យបានទូលាយជាងនេះជាមិនខាន ។


ទាក់ទងរឿងចាប់អាជីពចម្រៀងជាច្រើនឆ្នាំ ប៉ុន្ដែមិនហ៊ានទៅប្រលងចម្រៀងធំៗដូចតារាផ្សេងៗទៀតនោះចាន់ ឡៃវលក្ខណ៍ បំភ្លឺថានោះមកពីពេលវេលាដោយសារតែនាងគ្មានពេលគ្រប់គ្រាន់ និងម្យាងទៀតនាងធ្លាប់ចេញបទចម្រៀងនៅលើហ្វេសបុកនិងយូធូបច្រើនហើយអីចឹងបើទៅប្រលងខ្លាចគេថាមានខ្សែអីនាំតែពិបាក។ស្រីស្រអែមស្រស់រូបនេះវាចាថា”ខ្ញុំពេញចិត្តនូវអ្វីដែលខ្លួនឯងបានធ្វើសព្វថ្ងៃនេះព្រោះអីខ្ញុំបានចេញបទOriginal Songs ,Cover បទមួយចំនួន,បទសម័យ និងច្រៀងមរតកដើមក៍បានច្រើនចេញនៅលើយូធូប អីចឹងមានគេស្គាល់ខ្ញុំច្រើនដែរ បើយើងទៅប្រលងអីនាំតែខ្លាចគេថាយើងមានខ្សែអី ពិបាកដែរ។ប៉ុន្ដែរឿងដែលសំខាន់ខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់តែម្ដង ទើបមិនដែលដាក់ពាក្យចូលប្រលងចម្រៀង”។

ចាន់ ឡៃវលក្ខណ៍ ថាក្រៅពីអាជីពចម្រៀងនាងក៍ចាប់អាជីពសម្ដែងដែរដោយបានថត៣រឿងមកហើយឲ្យPnn គឺរឿង”ស្នេហាCover “ ,”ទេពធីតា ក្នុងសុបិន “ និងរឿង”កូនប្រសារស្រី” ។តែវលក្ខណ៍ ថាក្រៅពីទូរទស្សន៍មួយនេះនាងក៍អាចថតឲ្យផលិតកម្មផ្សេងៗទៀតបានដែរ ហើយទាក់ទងវិស័យចម្រៀងវិញនាងចូលចិត្តច្រៀងបទមរតកដើមជាងបទសម័យ។

ចំណែករឿងគូជីវិតវិញចាន់ ឡៃវលក្ខណ៍ មិនប្រាប់ថានាងមានម្ចាស់ចិត្តហើយឬនៅទំនេរនោះទេ ដោយនាងបែជាថារឿងនេះគេអាចតាមដាននៅលើហ្វេសបុករបស់នាងបាន ព្រោះបើនាងមានរឿងអីមិនលាក់ទេ គឺបង្ហោះនៅលើបណ្ដាញសង្គមតែម្ដង។ដោយឡែកលោកយ៉ែម សំអូន វិញមុននេះនៅពេលដែលត្រូវសួរថាហេតុអីលោកជលសារ បែជារត់ចោលលោកទៅធ្វើការឲ្យលោកអាឡិច ចាន់ត្រា នោះលោកបានឆ្លើយស្រដៀងចាន់ ឡៃវលក្ខណ៍ ថាសូមមិនបកស្រាយ ព្រោះមិនទាន់ដល់ត្រូវបំភ្លឺ ហើយលោកផ្ដាំឲ្យអ្នកយកព័តមានតាមដានរឿងនេះដោយខ្លួនឯងទៀតផង ៕