Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអគារស្នាក់នៅកម្មករ ភ្លើងឆេះ៤៣បន្ទប់

អគារស្នាក់នៅកម្មករ ភ្លើងឆេះ៤៣បន្ទប់

ខេត្តព្រះសីហនុ ៖ អគារស្នាក់នៅរបស់កម្មករ ចំនួន៤អគារ ស្មើនឹង៤៣បន្ទប់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងឆេះអស់ម៉ូតូហុងដា ឌ្រីម ១គ្រឿងទៀត សង្ស័យផ្តើមចេញពីទុស្សេចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតំបន់ហ្វាងជិង ០៩ យិជា ក្បែរឆ្នេរមាស ឆ្នេរប្រាក់ ស្ថិតក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់។

អគារដែលទទួលរងនូវអគ្គិភ័យឆាបឆេះ ជាប្រភេទទូកុងតឺន័រតម្រៀបគ្នា ប្រក់ស័ង្កសី ចំនួន៤អគារ ស្មើនឹង៤៣ បន្ទប់ សម្រាប់បងប្អូនកម្មករស្នាក់នៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យនេះបានកើតឡើងក្នុងពេលដែលកម្មករ-កម្មការិនីបានចេញទៅធ្វើការអស់។ រីឯ មូលហេតុត្រូវបានសង្ស័យផ្តើមចេញទុស្សេខ្សែភ្លើង។ បន្ទាប់ពីកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បានបង្កឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង របស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន ចំនួន១គ្រឿង បានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើ បានបង្កឱ្យខូចខាត រួមមាន អគារចំនួន៤ ស្មើនឹង៤៣បន្ទប់ ត្រូវបានភ្លើងឆាបឆេះខ្ទេចទាំងស្រុង និងឆេះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន១គ្រឿង តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ ។ យ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត។ បន្ទាប់ពីកើតមានហេតុការណ៍អគ្គិភ័យខាងលើ កម្មករ-កម្មការិនីទាំងអស់ ត្រូវបានលោកអភិបាលស្រុក និងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានហៅមកតម្រង់ជួរ នៅចំណុចកើតហេតុ ដើម្បីរាប់ចំនួន ក្រែងមានបាត់កម្មករណាដែលមិនទាន់ចេញពីបន្ទប់៕

RELATED ARTICLES