Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគា.../ស់តូប លួ.../ចម៉ាស៊ីនឆុងកាហ្វេ ខ្នោះ

គា…/ស់តូប លួ…/ចម៉ាស៊ីនឆុងកាហ្វេ ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់តូបកាហ្វេមួយកន្លែង រួចលួចយកម៉ាស៊ីនឆុងកាហ្វេ ព្រមទាំងសម្ភារៈមួយចំនួនទៀត តែរត់មិនរួច ត្រូវសមត្ថកិច្ចបង្ក្រាបបាន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើលួចនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចតូបកាហ្វេ លំហែកាហ្វេ ស្ថិតនៅផ្ទះលេខ២២ ផ្លូវលេខ៣១០ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឌី ដាវី ហៅដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវលំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង និងកម្លាំងនគរ បាលរដ្ឋបាលទួលស្វាយព្រៃ២ បានធ្វើការបង្ក្រាបជាក់ស្តែង ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ ទោស គាស់ទម្លុះទម្លាយ (ប្រើញញួរដំ ផ្លែកាំបិតវះជញ្ជាំងដែកសង្ហ័សី លួចម៉ាស៊ីនកាហ្វេ) ប្រព្រឹត្តនៅចំណុចតូបកាហ្វេ លំហែកាហ្វេ ផ្ទះលេខ២២ ផ្លូវលេខ៣១០ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះឌី ដាវី ហៅដា ព្រមទាំងដកហូត វត្ថុតាងរួមមាន ១-ម៉ាស៊ីនកិនកាហ្វេ ម៉ាក Hey Caffe ពណ៌ខ្មៅ ចំនួន១គ្រឿង។ ២-ម៉ាស៊ីនក្រឡុកកាហ្វេ ម៉ាក Vitamix ពណ៌ខ្មៅ ចំនួន១គ្រឿង។ ៣-ដៃឆុងកាហ្វេ ពណ)ខ្មៅ ចំនួន៣។ ៤-កំសៀវដាំទឹក ពណ៌ក្រហម ចំនួន១។ ៥-កង្ហារជ័រ ព្យូរពិតាន ម៉ាក Cooling you ចំនួន១។ ៦-ដុំម៉ូទ័រកង្ហារ ចំនួន១។ ៧-ទឹកដោះគោស្រស់ ម៉ាក Carnation ចំនួន១៩ កំប៉ុង (ជារបស់ជនរងគ្រោះ)។ ៨-ផ្លែកាំបិត ចំនួន១។ ៩-កូនញញួរ ចំនួន១។ ១០-កូនបាស់ ម៉ាកសូនី ចំនួន១ (ជារបស់ជនសង្ស័យ)។

ចំពោះសម្ហារៈរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឱ្យជនរងគ្រោះវិញ តាមពាក្យស្នើសុំ ដោយមានការឯកភាពពីលោកឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES