ភ្នំពេញ ៖ តាមប្រភពបណ្តាញព័ត៌មានអនឡាញថៃ PPTV Online បានផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ថា អត្តពលិកកម្ពុជា បានបង្ហាញឈុតឯកសណ្ឋានប្រកួត (អាវ) ម៉ាកសញ្ញាថៃ រួបប្រាសាទអង្គរវត្ត មុនចេញដំណើរទៅទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ ។
អត្តពលិកកម្ពុជា ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ។

ប្រភពដដែល បន្តថា អត្តពលិកកម្ពុជា ទទួលបានកូតា Wild card ចំនួន ៣រូប រួមមានកីឡាករ ជុន ប៊ុនថន វិញ្ញាសា រត់ចម្ងាយ ៨០០ម៉ែត្រ បុរស និងកីឡាករហែលទឹក ២រូប គឺកីឡាករ អង់តញ ដឺឡាបប៉ារ៉ងត៍ ( Antoine de Lapparent) វិញ្ញាសាហែលទឹក ១០០ម៉ែត្របុរស) និងកីឡាការិនី អប្សរា កាតារីណាសាក់ប៊ុន (វិញ្ញាសាហែលទឹក ៥០ម៉ែត្រនារី) ) រួមជាមួយតំណាងប្រតិភូ ១២នាក់ទៀត សរុប១៥នាក់ ក្នុងនោះរួមមានកញ្ញា ហែមថុន វិទិនី អតីតកីឡាការិនីហែលទឹកជម្រើសជាតិ បច្ចុប្បន្នជាគ្រូបង្វឹកកីឡាហែលទឹក។

មុននឹងធ្វើដំណើរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា បានជួបជាមួយលោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។

បណ្តាញព័ត៌មានថៃ ដដែល បានបន្តថា ជាមួយគ្នានេះ ក៏មានការដាក់ឱ្យប្រើប្រាស់ឯកសណ្ឋានអត្តពលិក ដោយអត្តពលិកកម្ពុជា ប្រើប្រាស់ម៉ាកសញ្ញា FBT របស់ថៃ ដូចកាលពីស៊ីហ្គេម និងកីឡាអាស៊ីកន្លងមក។ រូបភាពលើអាវ គឺប្រាសាទអង្គរវត្ត ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញ។ មុននឹងធ្វើដំណើរទៅប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង អត្តពលិក និងមន្ត្រីប្រតិភូ ក៏ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ ចំនួន ៥០០ដុល្លារអាមេរិក ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីលើកទឹកចិត្តកីឡាករផងដែរ។

គួបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕ ខៀវទុំ