Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចុះបាញ់ថ្នាំមូស ៣ភូមិ នៅស្រុករមាសហែក

ចុះបាញ់ថ្នាំមូស ៣ភូមិ នៅស្រុករមាសហែក

ខេត្តស្វាយរៀង ៖ មន្ត្រីជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានចុះបាញ់ថ្នាំសម្លាប់មូស នៅតំបន់ប្រជុំជន តំបន់មានកើតជំងឺគ្រុនឈាម តាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន៣ភូមិ  (ភូមិតាត្រាវ  ភូមិកំពង់ត្រាច និងភូមិឈើភ្លើង) ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក។

យោងតាមមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ថា ការចុះបាញ់ថ្នាំមូសនេះ គឺធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយក្រុមការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានធ្វើកិច្ចសហការជាមួយមន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក  មណ្ឌលសុខភាពកំពង់ត្រាច និងមានកិច្ចសហការជាមួយអាជ្ញាធរស្រុកផងដែរ។

ប្រភពដដែល បន្តថា ក្រុមការងារបានចុះអប់រំសុខភាព ផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ព្រមទាំងបានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូស នៅតំបន់ប្រជុំជន តំបន់មានកើតជំងឺគ្រុនឈាម តាមខ្នងផ្ទះប្រជា ជន នៅតាមផ្លូវទីសាធារណៈ ផ្សារកំពង់ត្រាច សាលាបឋមសិក្សា វិទ្យាល័យ វត្តកំពង់ត្រាច សមណារាម សា លាមតេយ្យធនធានខេត្ត មូលដ្ឋានកងរាជអាវុធស្រុក ស្ថិតនៅភូមិតាត្រាវ  ភូមិកំពង់ត្រាច  ភូមិឈើភ្លើង សរុប៧២០៤ខ្នងផ្ទះ។

មន្ត្រីជំនាញ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមបន្តជួយអប់រំ ផ្សព្វផ្សាយ ណែនាំលុបបំបាត់ជម្រកមូសខ្លាទាំងអស់គ្នា ដើម្បីសុខុមាលភាពកូនចៅនៅសហគមន៍៕

RELATED ARTICLES