ភ្នំពេញ ៖ យុវជនម្នាក់ បើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលបុកទ្រូងផ្លូវ និងហោះរថយន្តឡើងគងលើរបាំងទ្រូងផ្លូវ ទៅមុខលែងរួច សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យក្មេងម្នាក់ បើកទំនើប ១គ្រឿង ម៉ាក Jeep Rubicon ពណ៌ខ្មៅ ពាក់ស្លាកលេខ 2BY-2728 ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកន្លែង កើតហេតុ ក៏ស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ក៏បន្តមកមុខជាច្រើនម៉ែត្រហោះឡើងគង លើទ្រូងផ្លូវទៅមុខលែងរួច ដោយសារតែរថយន្តរងការខូចខាត ដាច់កាឡេកង់ផ្នែកខាងឆ្វេង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការនគរបាលខណ្ឌចម្ការមន ចុះមកវាល់វែង រួចយករថយន្តខាងលើ ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕