ខេត្តបាត់ដំបង ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ជាង២០០០ខ្នង និងដំណាំស្រូវ ជាង ៣០០០ហិកតារ បានរងផលប៉ះពាល់លិចដោយទឹកជំនន់ទឹកស្ទឹង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
យោងតាមប្រភពពីមន្ត្រីរដ្ឋបាលស្រុកឯកភ្នំ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ភូមិសាស្ត្រស្រុកមួយភាគ បានប៉ះពាល់ដោយទឹកជំនន់គួរឱ្យកត់សម្គាល់ ក្នុងនោះបានប៉ះពាល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុង ឃុំចំនួន៥ ក្នុងស្រុកឯកភ្នំ រួមមាន ឃុំពាមឯក ឃុំព្រែកហ្លួង ឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ និងឃុំព្រែកខ្ពប សរុបខ្នងផ្ទះចំនួន ២១៤៩ខ្នង ជន់លិច ទាំងស្រុងចំនួន៣៤ខ្នង។
ជំនន់ទឹកស្ទឹងខាងលើនេះដែរ ក៏បានប៉ះពាល់ដំណាំស្រូំវរបស់ប្រជាកសិករមួយចំនួនទៀត សរុបផ្ទៃដីចំនួន ៣៥២០ហិកតារ ក្នុងចំណោម ប្រជាពលរដ្ឋរបស់ឃុំទាំង ៥ខាងដើម។
លោកម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានបញ្ជាក់ថា ជំនន់ទឹកស្ទឹងដែលមានប្រភពមកពីតំបន់ស្រុកសំឡូត ឆ្លងកាត់ដងស្ទឹងសង្កែ រួចហូរចាក់ទាំងស្រុងចូលតំបន់ទំនាបស្រុកឯកភ្នំនេះតែងកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែផលប៉ះពាល់តិច និងច្រើន។ ទឹកជំនន់ដើមដៃឆ្នាំនេះ ក្រៅពី បង្កការប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវរបស់ប្រជា ពលរដ្ឋ ក៏បានប៉ះពាល់ដល់ប្រព័ន្ធផ្លូវថ្នល់ជាច្រើនទៀតមាន៉ ផ្លូវក្រាលកៅ ផ្លូវក្រាលគ្រួសក្រហម ផ្លូវដី និងផ្លូវបេ តុងសរុប៥៨កន្លែង ស្មើរាប់សិបគីឡូម៉ែត្រ រួមទាំងសាលារៀនចំនួន ៦កន្លែង វត្តអារាមចំនួន ៥កន្លែងផ្សេងទៀត៕