ភ្នំពេញ៖នៅចុងខែកក្កដា នេះស្រីស្អាតធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា បានបង្ហាញសញ្ញាចង់មានដៃគូស្នេហាដូចគេ តាមរយៈការទៅលំហែកាយ៉ានៅមាត់សមុទ្រ ក៍នាងថាចង់ទៅ២នាក់ ពេលជិះម៉ូតូក៍នាងថាចង់មានគ្នា២នាក់ ប៉ុន្ដែនៅទីបំផុតនាងនៅតែគ្មានដៃគូដដែល ។
តើហេតុអ្វីទៅបានជាស្រីស្រស់ស៊ូហ្សាណា ស្អាតនិងល្បីប៉ុណ្ណឹងដែរ បែជាអត់ដៃគូដូចមិត្តរួមក្រុម ?
រ៉េត ស៊ូហ្សាណា ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ មួយចំនួនរួមទាំងបុរសទ្រព្យស្ដុកផ្សេងទៀត ប៉ុន្ដែរយៈពេលជាង៨ឆ្នាំក្នុងការចាប់អាជីពជាតារាចម្រៀងម្នាក់ស្រីស្រស់ធ្មេញចំពើសមិនទាន់ប៉ះរឿងអាស្រូវស្នេហាឡើយ ដែលចំណុចសំខាន់គឺឪពុកម្ដាយនាងតាមជាប់គ្រប់វិនាទីទាំងអស់ ទើបធ្វើឲ្យប្រុសៗដែលចង់ឆកស្នេហ៍តាមផ្លូវកាត់បរាជ័យទាំងស្រុងតែម្ដង ព្រោះនាងមិននិយាយទូរស័ព្ទជាមួយអ្នកណាដែលមិនស្គាល់និងស្និតជាមួយនាងនោះទេ ហើយភាគច្រើនគឺម្ដាយជាអ្នកលើកទូរស័ព្ទជំនួស ។អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនៅតាមឆាកតន្រ្ដីតារាប្រុសណានិយាយរាងយូបន្ដិចជាមួយហ្សាណា ម្ដាយរបស់នាងទៅឈរស្ដាប់តែម្ដង ដែលចំណុចនេះត្រូវបានគេមើលឃើញថាហាក់ដូចជាឆ្គង ឬអាចមិនទុកចិត្តអ្នកដែលកំពុងតែនិយាយជាមួយកូនស្រីទាក់ទងការងារសិល្បៈ ព្រោះសុទ្ធតែជាតារាដូចគ្នានោះ ។ទោះជាយ៉ាងណាចំណុចទាំងនេះហើយដែលធ្វើឲ្យហ្សាណា គេចចេញពីការជំពប់លើរឿងអាស្រូវស្នេហាដោយជោគជ័យតាំងពីនាងក្លាយជាតារាចម្រៀងអាជីពនាឆ្នាំ២០១៦ ។
ថ្វីត្បិតតែរ៉េត ស៊ូហ្សាណា ត្រូវឪពុកម្ដាយតាមឃ្លាំមើលប្រៀបបានជាកូនតូចបើទោះជាពេលនេះនាងមានវ័យ២៤ឆ្នាំ ទៅហើយក្ដី ប៉ុន្ដែហ្សាណា ក៍ធ្លាប់ត្រូវបានឪពុកម្ដាយនាងទុកចិត្តអនុញ្ញាត្តិឲ្យស្និតស្នាលជាមួយលោកសុវត្ថិ មុនីនាគ ដែលជាកូនរបស់លោកឧកញ៉ាព្រាប សុវត្ថិ ដែរ រហូតត្រូវបានគេសង្ស័យថាពួកគេមានស្នេហាជាមួយគ្នានៅក្រៅឆាកទៀតផង ។ប៉ុន្ដែគួរឲ្យស្ដាយរឿងរ៉ាវមួយនេះត្រូវបានបញ្ចប់បន្ទាប់ពីលោកជំទាវឡុង ស្រីមុំ ម្ដាយរបស់មុនីនាគ បានចេញមុខអះអាងនៅឆ្នាំ២០២២ ថាកូនប្រុសលោកស្រីគ្មានទំនាក់ទនងស្នេហាជាមួយស៊ូហ្សាណា ដូចគេសង្ស័យនោះទេហើយមូលហេតុដែលលោកស្រីចេញមុខបញ្ជាក់រឿងមួយនេះ ព្រោះតែបារម្ភខ្លាចលែងមាននារីៗស្រលាញ់កូនប្រុសគាត់។តាំងពីភរិយាលោកឧកញ៉ាព្រាប សុវត្ថិ ប្រកាសបែបនេះមកទំនាក់ទំនងរវាងហ្សាណា និងមុនីនាគ បានឈានដល់ចំណុចសូន្យហើយពួកគេផ្ដាច់ទំនាក់ទំនងជាមួយគ្នាទាំងស្រុងតែម្ដង។ហ្សាណា ពិបាកទាំងរកដៃគូចម្រៀងដូចមុន និងអត់មានដៃគូរាំតិកតុកជាមួយគ្នាទៀតហើយ ខណៈជាញឹកញាប់នាងចេញទៅដើរលេងនៅក្រៅស្រុកម្នាក់ឯង។ចំណែកនៅចុងខែ៧ នេះស្រីស្អាតធ្មេញចំពើសនិងមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះបង្ហាញអារម្មណ៍ចង់ទៅណាទាំងគួរដូចគេដែរ បើទោះជាពេលនេះនាងមិនទាន់មានអ្នកបណ្ដើរក្ដី ។អារម្មណ៍ឯកោរបស់ហ្សាណា នាពេលនេះស្របពេលដែលមិត្តរួមក្រុមមាននាងប៉ាច គីមមួយ ,ចំរើន សុភ័ក្រ្ដ ,ពេជ្រ សោភា ,ម៉ង ចាន់កញ្ញា ជាដើម ពួកគេសុទ្ធតែមានគូស្នេហ៍កៀកកើយរៀងៗខ្លួនអស់ទៅហើយ ។
ទោះជានាងរ៉េត ស៊ូហ្សាណា ពិបាករកសង្សារដូចគេមែន ប៉ុន្ដែនាងមិនពិបាករកលុយដូចគូស្នេហ៍នោះទេ ។កាន់ក្បាលមីក្រូឡើងឆាកជិត៩ឆ្នាំមកនេះហ្សាណា សល់ទ្រព្យមិនក្រោមកន្លះលានដុល្លារឡើយ ព្រោះទិញផ្ទះបាន២ល្វែងជាប់គ្នា ,ទិញររយន្ដទំនើបម៉ាកJeep Rubicon តម្លៃជិត៨ម៉ឺនដុល្លារ និងបើកហាងសម្លៀកបំពាក់ជាដើម ។ប៉ុន្ដែហ្សាណា មិនរងសម្ពាធត្រូវគេសង្ស័យថាសង្ស័យថាមានមនុស្សពិសេសឧបត្ថម្ភក្រោយខ្នងឡើយ ព្រោះតាមព័តមានថាមុនចាប់អាជីពចម្រៀងតារាសាច់សខ្ចីរូបនេះត្រូវគ្រួសារព្រមានថាបើនាងប៉ះរឿងអាស្រូវកេរ្ដិ៍និងឲ្យឈប់ពីសិល្បៈភ្លាម។ពាក្យនេះធ្វើឲ្យហ្សាណា រួចផុតពីរឿងអាស្រូវស្នេហាប៉ះខ្លួន ប៉ុន្ដែនាងបែជាប្រឈមហានិភ័យរឿងអត់សង្សារទៅវិញ ៕