ភ្នំពេញ៖នៅខែសីហា ឆ្នាំ២០២៤ នេះព្រាប សុវត្ថិ បានឈរជើងនៅGalaxy រយៈពេល៤ឆ្នាំគត់ បន្ទាប់ពីលោកបានដើរចេញពីហង្សមាសកាលពីខែសីហា ឆ្នាំ២០២០ ក្រោយរួមរស់ជាមួយទ្រនុំអ្នកឧកញ៉ាអ៊ឹង ឆៃងួន រយៈពេល២៣ឆ្នាំ(1997 -2020 ) ។
តើ៤ឆ្នាំនៅGalaxy ព្រាប សុវត្ថិ ល្បីជាងមុន ,នៅទ្រឹង ឬថយក្រោយ ?
លោកនូ ស៊ឹប អតីតតារាចម្រៀងហង្សមាសបានឲ្យដឹងថាព្រាប សុវត្ថិ មិនមានបទចម្រៀងណាលេចធ្លោខ្លាំងទេ ហើយពេលនេះលោកក៍មិនមែនផ្ដោតទៅលើតែចម្រៀងមួយច្រកដូចមុនដែរ ។លោកនូ ស៊ឹប ដែលចាប់អាជីពចម្រៀងរហូតមកដល់ពេលនេះ មានរយៈ ពេល៤៥ឆ្នាំ(1979-2024)ទៅហើយនោះថាព្រាប សុវត្ថិ ល្បីខ្លាំងបំផុតនៅហង្សមាសហើយចំណុចសំខាន់របស់សុវត្ថិ នៅលើសម្លេង គ្មានតារាថ្មីណាអាចច្រៀងបានលើសនេះ រួមទាំងរូបសម្រស់និងកត្តាមួយចំនួនទៀត។លោកថាមិនថាតែព្រាប សុវត្ថិ ទេតារាចម្រៀងណាក៍ដូចគ្នាដែរ ពេលចាស់ទៅលែងចង់ច្រៀងហើយ ណាយឯង ព្រោះគ្មានអ្នកណាច្រៀងរហូតដល់ស្លាប់ទេ នេះជាធម្មជាតិ ។សម្រាប់ព្រាប សុវត្ថិ ក្រោយចេញពីហង្សមាសទៅផលិតកម្មថ្មីលោកសង្កេតឃើញថាសុវត្ថិ កំពុងតែចង់ឲ្យកូនៗស្នងតំណែង បន្ដវេន ច្រើនជាងគិតគួររឿងបទចម្រៀងខ្លួនឯង ។
ឆ្លើយតបសំណួរថាតើក្នុងចំណោមកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ លោកនូ ស៊ឹប មើលឃើញថាតើ១ណាអាចនឹងទៅជំនួសលោកបាននាពេលអនាគតនោះលោកថារូបលោកមិនទាន់ស្គាល់សម្ថភាពកូនៗរបស់លោកសុវត្ថិ ច្បាស់ទេ ហេតុនេះមិនអាចនិយាយបានឡើយ ។ប៉ុន្ដែលោកថាកូនទាំង៣របស់ព្រាប សុវត្ថិ បើពួកគសម្ដែងរួមគ្នា គឺលេចធ្លោ ឬត្រូវគេចាប់អារម្មណ៍ជាងច្រៀងតែឯងៗ ។
ថ្វីត្បិតតែលោកនូ ស៊ឹប ថាលោកមិនទាន់អាចដៅឬសន្និដ្ឋានបានថាតើកូនម្នាក់ណារបស់ព្រាប សុវត្ថិ ដែលនឹងអាចស្នងតំណែងរបស់លោកបានមែន ប៉ុន្ដែតារាចម្រៀងពេជ្រ សោភា ធ្លាប់និយាយកាលពីឆ្នាំ២០១៨ អំឡុងពេលលោកសុវត្ថិ យកកូនទាំង៣ចូលហង្សមាសនោះថាគឺសុវត្ថិ មុនីនាគ ដែលជាកូនទី២ អាចបន្ដវេនពីឪពុករបស់គេបាន។សោភា ថាពេលខ្លះនាងស្ដាប់មុនីនាគ សមចម្រៀងមុនឡើងឆាកហើយច្រៀងបទឪពុកគេស្ដាប់ទៅសឹងតែច្រឡំ ឬស្រដៀងគ្នាតែម្ដង ។
យ៉ាងណាគិតត្រឹមឆ្នាំ២០២៤ នេះព្រាប សុវត្ថិ ទើបតែយកកូនទី១ សុវត្ថិ មុនីវណ្ណ និងកូនទី៣ សុវត្ថិ សិរីវុឌ្ឍ ចូលGalaxy ខណៈដែលកូនទី២សុវត្ថិ មុនីនាគ លោកនៅទុកក្រៅផលិតកម្មនៅឡើយក្រោយរូបគេចាកចេញពីហង្សមាសកាលពីឆ្នាំមុន៕