Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងធ្លាក់រាល់ថ្ងៃ ផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង ជួបបញ្ហា ពិបាកធ្វើដំណើរ

ភ្លៀងធ្លាក់រាល់ថ្ងៃ ផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង ជួបបញ្ហា ពិបាកធ្វើដំណើរ

ខេត្តកោះកុង ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ថា ភ្លៀងធ្លាក់ជាប់ៗគ្នា ជារៀងរាល់ថ្ងៃ ធ្វើឱ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) បានជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅចំណោតតាប៉ន និងចំណោតតាតៃ។

លោក ផន រឹម បន្តថា ពាក់ព័ន្ធករណីនេះ ក្រសួងសូមអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះ ជារដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិ សេសកន្លែងឡើងទូល និងចំណោត។ ម្យ៉ាងវិញទៀត រថយន្តឈ្នួល (តាក់ស៊ី) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃ។

ក្រុមការងារការដ្ឋាន បានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ និងសូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្លូវជាតិលេខ៤៨ កំពុងស្តារនិងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១% ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ ៕

RELATED ARTICLES