ភ្នំពេញ៖ចំរើន សុភ័ក្រ្ដ បានក្លាយទៅជាម្ដាយរបស់គេបន្ទាប់ពីនាងសម្រាលបានកូនស្រី១កាលពីថ្ងៃទី១ ខែសីហា ដោយដាក់ឈ្មោះថា”មុន្នី ចេហ្សីកា” ហើយស្ថានភាពសុខភាពនាងនិងកូនល្អដូចគ្នា ។គេឃើញមានតារារួមអាជីពគង់ សុជាតិ,ប៉ាច គីមមួយ ,សោម ស្រីនាថ ,ឈិន ម៉ានិច្ច ,ម៉ង់ ច័ន្ទកញ្ញា ,លោកសយ រតនៈ និងនួន សុធារៈ ជាដើម បានទៅសួរសុខទុក្ខនាងដល់កន្លែងសម្រាលគឺមន្ទីសម្ភពOrienda ដោយមានទាំងកាដូបាច់ផ្កា និងសម្ភារៈទារកជូននាងផងដែរ ។
នៅថ្ងៃសម្រាលកូនស្រីនេះគេមិនទាន់ឃើញចំរើន សុភ័ក្រ្ដ បញ្ចេញសារណាមួយទាក់ទងថាកូនរបស់នាងនេះបានមកដោយសារតែតារាចម្រៀងពេជ្រ រដ្ឋា ដែលបានទទួលមរណភាពដោយគ្រាះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មកចាប់ជាតិតាមបំណងនាងប្រាថ្នា ឬយ៉ាងណានោះទេ គឺរក្សារភាពស្ងៀមស្ងាត់ ព្រោះថាមិនមែនជាកូនប្រុស។ប៉ុន្ដែតាំងពីមានផ្ទៃពោះគេចាំបានថាសុភ័ក្រ្ដ តែងតែបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោករដ្ឋា មកចាប់ជាតិជាកូនរបស់នាងដោយសារតែរូបនាងសោកស្ដាយនិងអាណិតតារាចម្រៀងរូបនេះខ្លាំងពេក ព្រោះតែលោកបានស្លាប់ទាំងវ័យក្មេង ហើយនាងក៍ធ្លាប់មានអនុស្សាវរីយ៍ច្រៀងសម្ដែងរួមគ្នាជាច្រើនផងដង ។ប៉ុន្ដែពេលនេះសុភ័ក្រ្ដ និងស្វាមីបានបង្ហាញអារម្មណ៍រីករាយរួមគ្នាដែលពួកគេទទួលបានកូនស្រី១នៅថ្ងៃទី១ឈានចូលខែសីហា ។
គួររំលឹកថាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ចំរើន សុភ័ក្រ្ដ បានរៀបការជាមួយលោកថុន ច័ន្ទមុន្នី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នាអស់រយៈពេលជិត៧ឆ្នាំ ។សុភ័ក្ដ្រ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់បានកូននៅឆ្នាំរោង ហើយក្រោយមានកូន១នាងនៅតែបន្ដអាជីពសិល្បៈជាធម្មតា ព្រោះអាជីពសិល្បៈជាការងារស្នូលរបស់នាងដែលបានស្រលាញ់តាំងពីតូចម្លេះ ។តារាដែលអាចច្រៀងបានជាច្រើនទម្រង់រូបនេះមុនរៀបការនិងយកកូននេះនាងនិងប្ដីបានសន្សំប្រាក់រួមគ្នាទិញបានផ្ទះ១ល្វែង និងមានរថយន្ដជិះផ្ទាល់ខ្លួន ហើយចំណងស្នេហានាងជាមួយស្វាមីគ្មានការប្រែប្រួលចិត្តឡើយ បើទោះជាបានពន្យាពេលរៀបការនិងយកកូនជាអស់ច្រើនឆ្នាំក្ដី ។
ក្រៅពីចំរើន សុភ័ក្រ្ដ តារាដែលសម្រាលកូននៅឆ្នាំ២០២៤ នេះមានដូចជាឱក សុគន្ធកញ្ញា ដែលបានកូនទី២ កាលពីខែមីនា ឆ្នាំ២០២៤ ខណៈដែលសារ៉ាយ សក្ខណា នឹងសម្រាលកូនទី៣ នៅខែវិច្ឆិកា ខាងមុខនេះ ។សម្រាប់សុភ័ក្រ្ដ វិញនាងជាតារាមានសម្ថភាពច្រៀងខ្លាំងម្នាក់ រួមទាំងចេះស្មូតផងហេតុនេះគេជឿរថាទោះជាពេលនេះនាងមានស្វាមីនិងកូន១ក៍ទីផ្សារសិល្បៈរបស់នាងមិនជាប្រែប្រួលខ្លាំងដូចតារាផ្សេងៗទៀតដែរ ព្រោះនៅតាមកម្មវិធីមង្គលការនានាគេនៅតែហៅនាងច្រៀងបទប្រពៃណីខ្មែរដូចមុន ។ប៉ុន្ដែទាក់ទងការចេញបទសម័យបែបយុវវ័យវិញសុភ័ក្រ្ដ អាចនឹងត្រូវហង្សមាសបន្ថយការផលិតជាមិនខាន ពោលគឺដូចឱក សុគន្ធកញ្ញា និងសួស វីសា ក្រោយមានប្ដីនិងកូនដែរ ។ តាមប្រភពថាតារាចម្រៀងចំរើន សុភ័ក្រ្ដ នៅតែប៉ងចង់បានកូនប្រុស១ទៀតនាពេលដ៍ខ្លីខាងមុខនេះ ព្រោះចិត្តនាងនៅតែស្រណោះអាលោះអាល័យដល់ពេជ្រ រដ្ឋា ហើយចង់ឲ្យតារាចម្រៀងដែលសម្ដេចតេជោហ៊ុន សែន ពេញចិត្តរូបនេះមកចាប់ជាតិក្នុងផ្ទៃនាងដដែល ។ប៉ុន្ដែគេជឿរថាសុភ័ក្រ្ដ អាចនឹងយកកូនទី២បានសម្រេចយ៉ាងហោចណាស់ក៍នៅចន្លោះគម្លាតអាយុកូនទី១យ៉ាងតិចក៍៣ឆ្នាំដែរ ហេតុនេះតារាអភ័ព្វពេជ្រ រដ្ឋា អាចមកចាប់ជាតិជាមួយនាងបានឬអត់គឺមានតែចាំអ៊ុតនៅឆ្នាំ២០២៧ ទើបដឹងលទ្ធផល ៕