ភ្នំពេញ៖តារាទឹកភ្នែកនី មុនីនាថ បានបាត់មុខពីវិស័យភាពយន្ដមួយរយៈធំ ទើបធ្វើឲ្យនាងស្ងប់ស្ងាត់ក្នុងអាជីពរហូតមានអ្នកខ្លះសង្ស័យថានាងលែងថតកុន ព្រោះតែមានជីវភាពកម្រិតធូធាខ្លាំងទៅហើយដោយរស់នៅផ្ទះវីឡារយ៉ាងប្រណិតនៅបុរីជីពម៉ុង លែនទី១ ផ្លូវឧកញ៉ាម៉ុង រិទ្ធី និងបើកហាងសាឡនមួយនៅកណ្ដាលក្រុងភ្នំពេញទៀតផង ខណៈដែលថ្មីៗនេះមុនីនាថ ក៍បានបង្ហាញរូបភាពវីឡាររបស់នាងកំពុងសាងសង់មិនទាន់រួចរាល់នៅបុរីមួយផ្សងទៀតផងដែរ ។
តើនី មុនីនាថ លែងថតភាពយន្ដដោយសារមានលុយដុំ លែងចង់ប្រមូលលុយល្អិត?
អ្នកស្រីឌី សុភាលី ម្ដាយរបស់មុនីនាថ បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២ សីហា ថាតាមពិតកូនស្រីសំណព្វចិត្តរបស់គាត់ស្ងាត់រឿងថតរឿងថ្មីចុងក្រោយនេះមិនមែនឈប់ថតកុនទេ ប៉ុន្ដែដោយសាតែនាងបានជាប់កុងត្រាជាមួយផលិតកម្មSastra Film តាំងពីមុនផ្ទុះកូវីដរហូតដល់ឆ្នាំ២០២៥ ហេតុនេះហើយអំឡុងពេលដែលកុងត្រាមិនទាន់ផុតជាមួយផលិតកម្មនេះកូនស្រីគាត់មិនអាចថតឲ្យផលិតកម្មណាផ្សេងបានទេ ។លោកស្រីសុភាលី បន្ថែមថាមានផលិតកម្មជាច្រើនបានហៅមុនីនាថ ឲ្យថតរឿងថ្មីជាបន្ដបន្ទាប់ តែកូនមិនអាចថតបាន មានតែស្ដាយ ហើយរងចាំឲ្យផុតកុងត្រាឆ្នាំ២០២៥ ទើបកូនស្រីអាចទទួលថតរឿងឲ្យផលិតកម្មទាំងឡាយបានដូចមុនវិញហើយ ។
ម្ដាយនី មុនីនាថ ហាក់សោកស្ដាយចំពោះកូនស្រីដែលខកខានមិនបានថតរឿងថ្មីៗជាច្រើនរឿង ពោលគឺចោលលុយធំតែម្ដង ព្រោះតែកុងត្រាមួយនោះ។ប៉ុន្ដែអ្នកស្រីសុភាលី ថាក្រៅពីភាពយន្ដ មុនីនាថ អាចថតស្ពត សំអាងការផ្សេងៗបានជាធម្មតា ហើយអំឡុងពេលដែលនាងមិនសូវរវល់ការងារសិល្បៈដូចមុននេះកូនស្រីក៍បានបើកហាងសាឡនមួយ នៅម្ដុំមន្ទីពេទ្យកុមារជាតិ រាជធានីភ្នំពេញតាំងពីខែមេសា ម្លេះ ប៉ុន្ដែមិនមានគម្រោងធ្វើពិធីសម្ពោធនោះទេ។
ដោយឡែកទាក់ទងរឿងនី មុនីនាថ ថ្ងូររឿងសង់ផ្ទះវីឡារ៣ឆ្នាំ មិនទាន់ហើយនោះអ្នកស្រីសុភាលី មិននិយាយអ្វីទាំងអស់និងថាបានធ្វើការសម្របសម្រួលជាមួយម្ចាស់គម្រោងនោះរួចរាល់អស់ហើយ។តែតារារួមអាជីពសម្ដែងការភ្ញាក់ផ្អើលថានី មុនីនាថ ពិតជាមិនធម្មតាមែនព្រោះស្ងាត់ៗអត់ចេញមុខថតរឿងថ្មីៗជាច្រើនឆ្នាំ តែសល់ផ្ទះវីឡារ និងហាង ពោលគឺបើសរុបទ្រព្យរួមនាងក៍សល់លុយច្រើនមិនចាញ់តារាល្បីៗផ្សេងៗទៀតដែរ បើទោះជាម្ដាយនាងថាបានលក់ផ្ទះចាស់នៅទល់មុខពេទ្យរុស្សីតាំងពីឆ្នាំ២០១៧ ដើម្បីទិញផ្ទះនៅបុរីជីពម៉ុងរស់នៅសព្វថ្ងៃក្ដី ។
គួររំលឹកថានី មុនីនាថ បានប្រេះឆាស្នេហ៍ពោះម៉ាយមកពីអាមេរិកលោកកែវ កុសល កាលពីឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ នាងប្រាប់ថាបានភ្ជាប់ស្នេហ៍ជាមួយបុរសអ្នកជំនួញម្នាក់នៅអូស្រា្ដលី ប៉ុន្ដែជិត៤ឆ្នាំមកនេះបែជាគ្មានដំណឹងនាងរៀបការទៅវិញ។ទាក់ទងរឿងមូលហេតុដែលមុនីនាថ មិនព្រមការប្ដីនេះត្រូវបានអ្នកស្រីសុភាលី ថារឿងនេះកូនស្រីមិនដែលនិយាយអ្វីប្រាប់រូបគាត់ឡើយ ។
អ្នកស្រីឌី សុភាលី ថ្លែងថា”អានាថ អត់មានគម្រោងច្បាស់លាស់ថានឹងរៀបការនៅពេលណាទេ ។ខ្ញុំអត់ដឹងតែម្ដងអារឿងថាកាលណាគេយកប្ដីហ្នឹង ព្រោះកូនស្រីអត់និយាយប្រាប់។ចំណែករឿងជាមួយអ្នកនៅអូស្រា្ដលីហ្នឹង ក៍ខ្ញុំអត់ដឹងដែរ រាល់ថ្ងៃរវល់តែរឿងរកស៊ីនិងមើលចៅកូនប្អូនស្រីអានាថ ចឹងរឿងបុរសអូស្រា្ដលីហ្នឹងខ្ញុំអត់ដឹងសោះ”។
នី មុនីនាថ ជាតារាដែលសម្ដែងដ៍សាកសមបំផុតតួកម្សត់ ហើយទោះជានាងស្ថិតក្នុងពេលកំពុងតែសប្បាយយ៉ាងណាបើអ្នកដឹកនាំតម្រូវឲ្យយំគឺនាងចូលតួបង្ហូរទឹកភ្នែកបានភ្លាម ទើបគេផ្ដល់រហ័ស្សនាមនាងថាជា”តារាទឹកភ្នែក “។ប៉ុន្ដែមុនីនាថ ដែលតែងលេចឭថាមានមន្រ្ដីធំនេះ មន្រ្ដីធំនោះតាមស្នេហាបែជាពេលនេះនាងអត់ប្រញ៉ាប់ការប្ដីដូចគេ ហើយម្ដាយនាងថាអត់ដឹងកូនមានសង្សារប្រុសនៅអូស្រា្ដលីទៅវិញ ៕