Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះផ្ទះ៥ល្វែង

ទុស្សេខ្សែភ្លើង ឆេះផ្ទះ៥ល្វែង

ភ្នំពេញ ៖ ផ្ទះ ចំនួន៥ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ 04C ស្ថិតតាមបណ្តោយមហាវិថីចោមចៅ (ផ្លូវវេងស្រេង) ក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពបុរសជាសន្តិសុខម្នាក់ ដែលយាមនៅជិតកន្លែងកើតហេតុ បានឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនោះមានចំនួន៥ល្វែង ក្នុង នោះមានផ្ទះបើកជាហាងលក់វ៉ែនតាអុបទិក២ល្វែង ផ្ទះបើកសាលារៀនភាសាកូរ៉េ ១ល្វែង ផ្ទះលក់គ្រឿងអគ្គិសនី និងជ័រ១ល្វែង និងផ្ទះលក់អីវ៉ាន់ ចាប់ហួយ ១ល្វែង។ ហើយនៅមុនពេលកើតហេតុមាន ការឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះខ្សែកាប្លិ៍ភ្លើង នៅមុខផ្ទះលក់គ្រឿងអគ្គិសនី និងសាលារៀនភាសាកូរ៉េ រួចក៏ឆាបឆេះរាលចូលផ្ទះទាំង២នោះមុនគេយ៉ាងសន្ធោសន្ធៅតែម្តង។

ប្រភពដដែល បន្តថា បន្ទាប់មកភ្លើងបានឆេះរាលចូលដល់ផ្ទះលក់វ៉ែនតា អុបទិក និងផ្ទះលក់អីវ៉ាន់ចាបហួយ ដែលស្ថិតនៅជាប់គ្នា នោះចំនួន៤ល្វែងទៀតជាបន្តបន្ទាប់ ហើយខណៈនោះមានការផ្ទុះលាន់ខ្សែភ្លើង និងបែកផ្កាភ្លើងជាច្រើនដង គួរឱ្យខ្លាច បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ភ្លាមៗដោយរាយការណ៍ទៅកាន់មន្ត្រីអគ្គិសនីឱ្យផ្តាច់ចរន្តភ្លើង ទើបលែងផ្ទុះ។

ប្រភពខាងលើបានបញ្ជាក់ប្រាប់បន្ថែមទៀតថា នៅពេលនោះអាជ្ញាធរនិងសមត្ថកិច្ចបានបិទផ្លូវវេងស្រេងនោះ បណ្តោះអាសន្នផងដែរ មិនឱ្យមានការធ្វើចរាចរឆ្លងកាត់ឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់កើតឡើង និងទុកឱកាសឱ្យរថយន្តពន្លត់អគ្គិភ័យចូលទៅពន្លត់ភ្លើង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយា ល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាប ឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន ស្មើនឹង៣២ម៉ែត្រគូប និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនឹង១២ម៉ែត្រគូប និងរថយន្ត ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប។

ចំពោះប្រភេទសំណង់ខាងលើនេះ គឺផ្ទះល្វែង ទំហំ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ។ គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង៥និង១០នាទីទៀបភ្លឺ ថ្ងៃដដែល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ដោយបញ្ជាក់ថា ករណីនេះគឺ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ នៅក្នុងហេតុការណ៍នេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

RELATED ARTICLES