Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួ.../ចម៉ូតូលក់ ជា.../ប់ខ្នោះ.../ទាំងអ្នកទិញ ៣នាក់

លួ…/ចម៉ូតូលក់ ជា…/ប់ខ្នោះ…/ទាំងអ្នកទិញ ៣នាក់

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច រួចគេចខ្លួនបាន១ថ្ងៃ ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកសាកសួរ និងឈានដល់ការឃាត់ខ្លួនអ្នកទទួលផលចោរកម្ម ចំនួន២នាក់បន្ថែមទៀត នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចបន្ទប់ជួល ចំបក់មាស ស្ថិតក្នុងភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ រហូតមកដល់យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចមុខតុលាការខេត្តពោធិ៍សាត់ ស្ថិតភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ បន្ទាប់មក នៅវេលាម៉ោង ១២និង៣៧នាទី ថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាអ្នកទទួលផលចោរកម្ម ចំនួន ២នាក់ទៀត នៅចំណុចភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង៤២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ មាន ករណីលួចម៉ូតូ បានកើតឡើងនៅចំណុចបន្ទប់ជួលចំបក់មាស ស្ថិតនៅភូមិផ្ទះព្រៃ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បង្កដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-4306 ជារបស់ជនរងគ្រោះសឿន បញ្ជារ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចេញល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចមុខតុលាការខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអ៊ន រតនា ដោយពាក់ព័ន្ធករណីលួចម៉ូតូខាងលើ នាំយកមកកសាកសួរ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះអ៊ន រតនា នៅវេលាម៉ោង ១២និង៣៧នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដី បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ទៀត (១-ឈ្មោះរៀល នេត ២-ឈ្មោះហង្ស សុវណ្ណារ៉ា) នៅចំណុចភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ៖ ១-កង់ម៉ូតូ ចំនួន១គូ ពណ៌ខ្មៅ។ ២-ស្លាកលេខម៉ូតូ ពោធិ៍សាត់ 1C-3406 ចំនួន១បន្ទះ។ ៣-ស៊ីផ្លេម៉ូតូ ចំនួន១។ ៤-តួម៉ូតូ និងម៉ាស៊ីនម៉ូតូ ចំនួន១។ ៥-អាវម៉ូតូ ចំនួន១គូ។ ៦-កែបម៉ូតូ ចំនួន១។ ៧-បំពង់ស៊ីមាំងម៉ូតូ ចំនួន១។ ៨-តាបឡូម៉ូតូ ចំនួន១។ ៩-ឈ្នាន់ម៉ូតូ ចំនួន១គូ។

ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES