Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែឪមិននៅ កូនចាំផ្ទះ ចោរចូលលួ.../ចមាស លុយ៥លាន

ម៉ែឪមិននៅ កូនចាំផ្ទះ ចោរចូលលួ…/ចមាស លុយ៥លាន

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់អាជីវករលក់ខ្ញីមួយកន្លែង ដោយលួចយកបានលុយ ៥លានរៀល និងគ្រឿងអលង្ការមួយចំនួន រួចគេចខ្លួនបាត់ លុះថ្ងៃបន្ទាប់ ក៏ចូលទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះជាងជួសជុល រថយន្តមួយកន្លែងទៀត ប៉ុន្តែអស់លក្ខណ៍ត្រូវបានម្ចាស់ឃើញទាន់ ស្រែកឆោឡោ ផ្អើលដល់អ្នកភូមិចាប់ខ្លួនបានម្នាក់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅសាកសួរ និងឈានដល់ការចាប់ខ្លួនបក្ខពួក២នាក់ទៀត។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះជួលគ្មានលេខ ស្ថិតនៅ តាមផ្លូវបេតុង ក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសំរ៉ុង មឿន ហៅឡូតូ ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មានសារធាតុញៀន ឃាត់ខ្លួននៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤)។ ទី២-ឈ្មោះគី កាមុត ហៅហម ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មានសារធាតុញៀន ឃាត់ខ្លួននៅវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤)។ និងទី៣-ឈ្មោះនុន សំនៀង ហៅនាង ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅភូមិត្រពាំងកក់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤)។

ចំណែកជនរងគ្រោះ មានឈ្មោះខៀវ រតនៈ ភេទស្រី អាយុ៣១ឆ្នាំ មានប្តីឈ្មោះនៅ សុខជាង អាយុ៤២ឆ្នាំ មុខរបរអាជីវករលក់បន្លែ នៅផ្សារបន្លែងកួរស្រូវ មានលំនៅផ្ទះកើតហេតុខាងលើ។ ចំពោះសម្ភារៈបាត់បង់រួមមាន កាបូបស្ពាយចំនួន២ ដែលក្នុងនោះមានខ្សែកប្លាទីន១ខ្សែ ចិញ្ចៀនមាស១វង់ និងប្រាក់ចំនួន៥លានរៀល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានធ្វើដំណើរចេញពីផ្ទះជួលខាងលើ ទៅលក់ខ្ញីនៅផ្សារបន្លែកួរស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស នោះដែរ ដោយបានឱ្យកូនប្រុសម្នាក់ឈ្មោះ ចេង ម៉េងជីង អាយុ១៣ឆ្នាំ នៅចាំផ្ទះតែម្នាក់ឯង។ ខណៈនោះក្រុមជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិខាងលើ ដែលជនរង គ្រោះទុកនៅក្នុងកាបូបស្ពាយចំនួន២ នៅក្នុងបន្ទប់ឡៅតឿក្នុងផ្ទះជួលនោះ ហើយមិនដឹងថា កូនប្រុសរបស់ពួកគាត់ដែលនៅចាំផ្ទះនោះរវល់ ធ្វើអ្វីទេ ទើបមិនបានដឹងថា ជនសង្ស័យចូលទៅលួចទ្រព្យសម្បត្តិដូច្នេះ។

ប្រភពដដែលបន្តថា ក្រោយពេលលួចបាន ក្រុមជនសង្ស័យបានគេចខ្លួនបាត់ លុះដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល ប្តីប្រពន្ធជនរងគ្រោះ ទាំង២ត្រឡប់ទៅដល់ផ្ទះវិញ ហើយបានឡើងទៅបន្ទប់ឡៅតឿ ដើម្បីយកលុយទូទាត់ថ្លៃអីវាន់គេ ស្រាប់តែបាត់អស់គ្មានសល់ ក៏បានមក រាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស។

ក្រោយទទួលបានបណ្តឹងជនរងគ្រោះ សមត្ថកិច្ចក៏បានចុះទៅពិនិត្យកន្លែងកើតហេតុ និងឆែកមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះ ប្រជាពលរដ្ឋក្បែរនោះ ហើយបានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានដើរចូលធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ របស់ ជនរងគ្រោះនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។

សមត្ថកិច្ច បានបញ្ជាក់ថា ភ្លាមនោះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវជ្រាវដែរ ប៉ុន្តែពុំទាន់រកឃើញជនសង្ស័យភ្លាមៗនោះឡើយ។ ស្រាប់តែនៅថ្ងៃបន្ទាប់ គឺនៅវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលទៅលួចទ្រព្យសម្បត្តិ នៅក្នុងផ្ទះមួយកន្លែងទៀត ផ្លូវបេតុង ស្ថិតនៅភូមិក្រាំពង្រ សង្កាត់ក្រពង្រ ខណ្ឌដង្កោ ដែលម្ចាស់ផ្ទះឈ្មោះហុន ទីន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ហើយខណៈកំពុងធ្វើសកម្មភាពរើកកាយសម្ភារៈក្នុងទូ ស្ថិតនៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ដើម្បីរកទ្រព្យសម្បត្តិ មានតម្លៃ ក៏ត្រូវបានម្ចាស់ផ្ទះឃើញទាន់ស្រែកឆោឡោថា “ចោរៗ” បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ចំណែកជនសង្ស័យក៏បានស្ទុះរត់ចេញ ទៅក្រៅតាមទ្វារក្រោយ តែរត់មិនរួចក៏ត្រូវអ្នកភូមិធ្វើការឡោមព័ទ្ធអចាប់ឃាត់ខ្លួនបានម្នាក់ឈ្មោះ សំរ៉ុង មឿន ហៅឡូតូ។

បន្ទាប់មកដោយសារតែប្រជាពលរដ្ឋផ្ទុះកំហឹងទប់មិនជាប់ ក៏បានវាយទាត់ធាក់ជនសង្ស័យខាងលើ បណ្តាលឱ្យរងរបួស រួចទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ក្រាំងពង្រ នាំទៅសាកសួរ។

ទទួលបានចម្លើយសារភាពពីជនខាងលើរួចមក សមត្ថកិច្ចក៏បន្តទៅចាប់ខ្លួនជនសង្ស័យដែលជាបក្ខពួក២នាក់ទៀតជាបន្តបន្ទាប់។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES